ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​កំពុង​បារម្ភ​ទឹកជំនន់​ជន់​លិច ខណៈ​ស្រូវ​មិន​ទាន់​ទុំ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ដែល​កំពុង​ធ្វើស្រែ​នៅ​តំបន់​វាលទំនាប​ខាង​មុខ​សាលាខេត្ត​ព្រៃវែង កំពុង​ព្រួយបារម្ភ​ជួប​រឿង​ដូច​ឆ្នាំ​មុន ខណៈ​ស្រូវ​មិន​ទាន់​ទុំ​ផង ទឹកជំនន់​បាន​ចាប់ផ្ដើម​ឡើង​មក​ដល់​ជិត​ស្រែ​របស់​ពួក​គាត់​ទៅ​ហើយ ។ ពួក​គាត់​និយាយ​ថា ដីស្រែ​នៅ​តំបន់​វាលទំនាប​នេះ ក្នុង​១​ឆ្នាំ​ធ្វើស្រែ​បាន​តែ​ម្តង​ទេ…

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ដែល​កំពុង​ធ្វើស្រែ​នៅ​តំបន់​វាលទំនាប​ខាង​មុខ​សាលាខេត្ត​ព្រៃវែង កំពុង​ព្រួយបារម្ភ​ជួប​រឿង​ដូច​ឆ្នាំ​មុន ខណៈ​ស្រូវ​មិន​ទាន់​ទុំ​ផង ទឹកជំនន់​បាន​ចាប់ផ្ដើម​ឡើង​មក​ដល់​ជិត​ស្រែ​របស់​ពួក​គាត់​ទៅ​ហើយ ។

ពួក​គាត់​និយាយ​ថា ដីស្រែ​នៅ​តំបន់​វាលទំនាប​នេះ ក្នុង​១​ឆ្នាំ​ធ្វើស្រែ​បាន​តែ​ម្តង​ទេ ដោយ​ត្រូវ​រង់ចាំ​ឲ្យ​ទឹក​ស្រក​អស់​នៅ​អំឡុង​ខែមករា ឬ​ខែកុម្ភៈ ទើប​ចាប់ផ្តើម​ភ្ជួរ​រាស់ និង​ព្រោះ​ដេញ​តាម​ទឹក ហើយ​ពេល​នេះ ស្រូវ​ក្នុង​ស្រែ​នីមួយ​ៗ​កំពុង​ដាក់​គ្រាប់ និង​ស្រែ​ខ្លះ​ទុំ​ស្លាប​កំ​ភេ​ន​ទៅ​ហើយ ប៉ុន្ដែ​ទឹកជំនន់​ក៏​ឡើង​មក​ដល់​មើលទៅ​ល្ហល្ហេវ​ដែរ ។

កសិករ​ទាំងនោះ​បញ្ជាក់​ថា ៖« កាលពី​ឆ្នាំ​មុន ពួក​យើង​ជួប​បញ្ហា​នេះ​ម្ដង​ហើយ គឺ​ទឹក​ឡើង​មក​លឿន​ពេក ស្រូវ​មិន​ទាន់​ទុំ​បាន​ច្រូត​ផង ស្រាប់តែ​ទឹក​ជន់​លិច​អស់ ខាត​ទាំង​កម្លាំង ខាត​ទាំង​លុយ » ។
ពួក​គាត់​បន្ដ​ថា ៖« តាម​ធម្មតា កម្ពស់​ទឹក​នៅ​ខេត្តកំពង់ចាម​ឡើង​ដល់​កម្រិត​១៣​ម៉ែត្រ ទើប​មានទឹក​ហូរ​ចូល​ដល់​ខេត្តព្រៃវែង ប៉ុន្តែ​ឆ្នាំ​នេះ ទឹក​នៅ​កំពង់ចាម​ទើបតែ​មាន​កម្ពស់​ជាង​៤​ម៉ែត្រ​ប៉ុណ្ណោះ បែរជា​មានទឹក​ល្ហល្ហេវ​មក​ជិត​ដល់​ដីស្រែ​របស់​ពួក​គាត់​ទៅ​ហើយ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​ទឹក​ឆ្នាំ​នេះ​ឡើង​លឿន​ដូច​ឆ្នាំ​មុន​ទៀត » ។

ដី​នៅ​តំបន់​វាលទំនាប​ខាង​មុខ​សាលាខេត្ត​ព្រៃវែង ត្រូវ​ប្រឈម​នឹង​ទឹកជំនន់​ជន់​លិច​រៀង​រាល់​ឆ្នាំ ប៉ុន្ដែ​កសិករ​ទាំងនោះ​នៅ​តែ​តស៊ូ​មិន​បោះបង់ ដោយសារ​តែ​ដី​នៅ​តំបន់​នោះ​មាន​ជីវជាតិ​ខ្លាំង មិនសូវ​មាន​សត្វល្អិត​យាយី និង​ផ្ដល់​ទិន្នផល​ខ្ពស់ ដោយ​ក្នុង​១​ហិ​កតា​ទទួល​បាន​ផល​ស្រូវ​ប្រមាណ​ពី​៦​ទៅ​៨​តោន​ឯណោះ ។

កសិករ​ទាំងនោះ​និយាយ​ថា សម្រាប់​ឆ្នាំ​នេះ បើ​ទឹក​ឡើង​មិនលឿន​ដូច​ឆ្នាំ​មុន​ទេ ពួក​គាត់​អាច​នឹង​ចំណេញ​បាន​ច្រើន ព្រោះស្រូវ​ឆ្នាំ​នេះ​លក់​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ដោយ​ក្នុង​១​គីឡូក្រាម​តម្លៃ​ជាង​៩​រយ​រៀល ខណៈ​ឆ្នាំ​មុន​លក់​បាន​តម្លៃ​ខ្ពស់​បំផុត​ត្រឹមតែ​៨០០​រៀល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ