ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​នៅ​តែ​រក្សា​បាន​កំណើន​ខ្ពស់​ក្នុង​ត្រីមាស​ទី១​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​ចាត់ទុកជា​វិស័យ​អាទិភាព​សំខាន់​មួយ​នៅ​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា គិត​មក​ដល់​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​ជាង​១០% ។ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍​លោក គង់…

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​ចាត់ទុកជា​វិស័យ​អាទិភាព​សំខាន់​មួយ​នៅ​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា គិត​មក​ដល់​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​ជាង​១០% ។

ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍​លោក គង់ សុភា​រក្ស បានឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ នៅ​តែ​រក្សា​បាន​កំណើន​រឹង​មាំ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ផ្អែក​ទៅ​លើ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​តំបន់​កម្សាន្ត​នានា​នៅ​កម្ពុជា​នៅ​តែ​កើនឡើង​១៤% ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ម្សិលមិញ​ថា ៖« នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា កម្ពុជា​មាន​ចំនួន​១,៧​លាន​នាក់ កើនឡើង​១៤% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​២០១៧​។ ក្នុង​នោះ​ទីផ្សារ​គោលដៅ​សំខាន់​ៗ​មាន​ដូច​ជា ចិន​, វៀតណាម​, កូរ៉េ​, ឡាវ និង​ថៃ ហើយ​ភ្ញៀវ​ទេសចរ​ទាំងនោះ​ទៅ​ទស្សនា​ច្រើន​នៅ​តំបន់​ទេសចរណ៍​ដូច​ជា ខេត្តសៀមរាប​, រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះ​សីហ​នុ និង​តំបន់​ភូមិភាគ​ឦសាន​អេកូ​ទេសចរណ៍ » ។

លោក​បន្ដ​ថា ទន្ទឹម​នឹង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ប្រទេស​កម្ពុជា​កើនឡើង សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ក៏​បាន​ដើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស មាន​ជាង​៤​លាន​នាក់​ដែរ កើនឡើង​ប្រមាណ​៣% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន ។
លោក គង់ សុភា​រក្ស លើក​ឡើង​ថា ៖«​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​២០១៧ យើង​ឃើញ​មាន​អត្រាកំណើន​ជាង​១១% ។ ដោយឡែក នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ គឺ​វា​នៅ​រក្សា​កំណើន​រហូត​ដល់​១៤% ។ សម្រាប់​វិស័យ​ទេសចរណ៍​យើង​សង្ឃឹមថា នៅ​ដំណាច់ឆ្នាំ​២០១៨​ខាង​មុខ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រហែល​៦,១​លាន​នាក់ មាន​អត្រាកំណើន​ប្រហែល​ជាង​១០% » ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ី​វលី​ន មាន​ប្រសាសន៍​ថា ៖«​កាលពីដើម​ឆ្នាំ​នេះ យើង​មើលឃើញ​កើនឡើង​ជាង​ឆ្នាំ​មុន​ជាង​១០% ក្នុង​នោះ​ភ្ញៀវ​ចិន និង​អង់គ្លេស កើនឡើង​យ៉ាង​គំហុក តែ​ភ្ញៀវ​ខាង​ប៉ែក​អឺរ៉ុប​ហាក់​នៅ​ទ្រឹង បណ្តាល​មក​ពី​ស្ថានភាព​នយោបាយ​នៅ​លើ​សកលលោក​មានការ​ប្រែប្រួល និង​ម្យ៉ាងទៀត អាច​មក​ពី​កម្ពុជា នៅ​ខ្វះ​ផលិតផល​ទេសចរណ៍ មិន​ទាន់​មានការ​ច្នៃប្រឌិត​ឱ្យរ​ត់ទៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​នៅឡើយ » ។

លោកស្រី​បន្ត​ថា ៖« សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក យើង​មើលឃើញ​ការ​ដើរ​កម្សាន្ត​របស់​ពលរដ្ឋ​ក្នុងស្រុក ចាប់ផ្តើម​គិត​អំពី​ការ​ធ្វើ​ទេសចរណ៍​ទៅ​លើ​គោលដៅ​ដែល​មិន​ធ្លាប់​បាន​ទៅ និង​មាន​លក្ខណៈ​ពុះកញ្ជ្រោល ។ ជា​រួម វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ គ្មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ មាន​ន័យ​ថា លំហូរ និង​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា នៅ​តែ​ទទួល​បាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់ » ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា​សរុប​៥,៦​លាន​នាក់ កើនឡើង​១១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ក្នុង​នោះ​ភ្ញៀវ​មក​តាម​ផ្លូវអាកាស មាន​ប្រមាណ​៣,៣​លាន​នាក់ ស្មើនឹង​៥៩%​នៃ​ចំនួន​សរុប កើនឡើង​២២,៥% ។ ផ្លូវគោក​មាន​ជាង​២,១​លាន​នាក់ ស្មើនឹង​៣៨,៣%​នៃ​ចំនួន​សរុប ថយ​ចុះ​០,៥% និង​តាម​ផ្លូវទឹក​មាន​ជាង​១៤​ម៉ឺន​នាក់ ស្មើនឹង​២,៦%​នៃ​ចំនួន​សរុប ថយ​ចុះ​៥,២% ។

មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ វិស័យ​ទេសចរណ៍​ស្រូប​យក​វិនិយោគិន មាន​រហូត​ដល់​៥០% ច្រើន​ជាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​(២៤%), វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម​(៦%) និង​វិស័យ​ឧស្សាហកម្ម​(២០%) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ