ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ខែ​ដើមឆ្នាំ​នេះ កោះ​ទ្រង់​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​កំណើន​ជាង​៣០%

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទោះបីជា​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​រមណីយដ្ឋាន​កោះ​ទ្រង់​ស្ថិត​ក្នុង​ខេត្តក្រចេះ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​សម្រាក​កម្សាន្ត​ក្នុង​កំណើន​ជាង​៣០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ភាគ​ឦសាន​មួយ​នេះ…

ខេត្តក្រចេះ ៖ ទោះបីជា​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​រមណីយដ្ឋាន​កោះ​ទ្រង់​ស្ថិត​ក្នុង​ខេត្តក្រចេះ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​សម្រាក​កម្សាន្ត​ក្នុង​កំណើន​ជាង​៣០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ភាគ​ឦសាន​មួយ​នេះ ។

លោក ប៊ុ​ន បាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​រៀបរាប់​ថា ៖« កោះ​ទ្រង់​បាន​បង្ហាញ​នូវ​សក្តានុពល​ទេសចរណ៍​យ៉ាង​ខ្លាំង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ហើយ​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​កោះ​ទ្រង់ សុទ្ធតែ​កោតសរសើរ​ពី​ទេសភាព​ធម្មជាតិ រួម​ទាំង​សេវាកម្ម ការ​រាក់ទាក់​ភ្ញៀវ​ពី​សហគមន៍ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ផង​ដែរ ។ កោះ​ទ្រង់មាន​ទំហំ​ប្រមាណ​២២២​ហិ​កតា » ។

លោក​បញ្ជាក់​ថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ កោះ​ទ្រង់​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ​១៣.៦០០​នាក់ ក្នុង​កំណើន​ជាង​៣០% ហើយ​អ្វី​ដែល​បាន​ទាក់ទាញ ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​កោះ​ទ្រង់ រួម​មាន សម្រស់​ឆ្នេរ​ខ្សាច់​ធម្មជាតិ ចម្ការ​ក្រូចថ្លុង សួន​បន្លែ​សហគមន៍ ការ​ចិញ្ចឹម​ត្រី និង​ជិះសេះ ជិះ​កង់​-​ម៉ូតូ ជិះ​រទេះគោ​កម្សាន្ត ជាដើម ។

លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មក​ដល់​ពេល​នេះ ខេត្តក្រចេះ​មាន​សហគមន៍​ទេសចរណ៍​ចំនួន​៣​សំខាន់​ៗ ហើយ​សហគមន៍​ទាំងនោះ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​គួរ​ឲ្យ​កត់សម្គាល់ រួម​មាន សហគមន៍​កោះ​ទ្រង់ សហគមន៍​កាំ​ពី និង​សហគមន៍​កោះ​ផ្តៅ ។ លោក​ថា ៖« ក្នុង​ចំណោម​សហគមន៍​ទាំង​៣​នេះ យើង​សង្កេត​ឃើញ​ថា សហគមន៍​ចំនួន​២ គឺ​សហគមន៍​កោះ​ទ្រង់ និង​សហគមន៍​កាំ​ពី មាន​សកម្ម​ភាពល្អ និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ » ។

ទោះជា​យ៉ាងណា លោក​ប្រធាន​មន្ទីរ​រូប​នេះ​អះអាង​ថា តំបន់​រមណីយដ្ឋាន​កាំ​ពី​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​រមណីយដ្ឋាន​ណា​ៗ​ទាំងអស់ ព្រោះ​នៅ​ទីនោះ​មាន​សម្រស់​ទឹក​ហូរ​ខ្លាំង និង​មាន​ផ្សោត ហើយ​មាន​ចម្ងាយ​តែ​១៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីរួមខេត្ត​ក្រចេះ ខណៈ​ផ្លូវ​ធ្វើ​ដំណើរ​ក៏​បង្ក​ភាព​ងាយស្រួល បើ​ធៀប​នឹង​រមណីយដ្ឋាន​កោះ​ទ្រង់ និង​រមណីយដ្ឋាន​ផ្សេង​ៗ​ទៀត ។
លោក​ប្រធាន​មន្ទីរ​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តក្រចេះ ជា​ពិសេស រមណីយដ្ឋាន​កោះ​ទ្រង់ និង​រមណីយដ្ឋាន​កាំ​ពី ព្រោះ​ទីនោះ​មាន​សក្តានុពល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត នៅ​ពេល​ភ្ញៀវ​ទេសចរ​ទៅ​ដល់​ប្រាកដជា​កោតសរសើរ និង​ជក់ចិត្ត​មិន​ខាន ។

តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ទាំងនេះ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ ដោយ​មិន​លំបាក​ដូច​ពេល​មុន​ឡើយ ហើយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ World Express Tours & Travel លោក ហូ វ​ណ្ឌី បាន​ថ្លែង អំឡុង​ពេល​នេះ ជា​ពេល​ដែល​មាន​ភ្ញៀវ​តិច ក៏​ប៉ុន្ដែ​យើង​ឃើញ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​កើន​ឡើងជា​បន្តបន្ទាប់ ។
លោក​ថា « អ្វី​ដែល​ជំរុញ​កំណើន​នេះ គឺ​ដោយសារ​តែ​ការ​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​សហគមន៍​របស់​យើង​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ចិន » ។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កាន់តែ​ច្រើន​ថែម​ទៀត អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ គួរ​យកចិត្តទុកដាក់​លើ​ការ​ការពារ ថែរក្សា​បរិស្ថាន និង​អនាម័យ ឲ្យ​បាន​ស្អាត ព្រោះ​សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ ។ នេះ​បើ​តាម​លោក ហូ វ​ណ្ឌី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ