ខេត្តរតនគីរី ៖ អណ្តើកចម្លែកមួយក្បាលដែលប្រជាពលរដ្ឋមួយរូប ជាជនជាតិឡាវ រស់នៅភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស បានជួបនិងចាប់យកមកពីក្នុងព្រៃតំបន់កន្ទុយនាគកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១នោះ បានប្រគល់ជូនមន្ត្រីរដ្ឋបាលជលផលខេត្តយកទៅរក្សាទុកហើយកាលពីថ្ងៃទី២៦ មីនា។
ការប្រគល់ និងទទួលនោះមានការចូលរួមពីលោកងួន សុគន្ធ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត លោកប៊ន ធារង្ស នាយផ្នែករដ្ឋបាលជលផលសេសាន ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក រួមទាំងលោកសុវណ្ណ ធិន អធិការប៉ូលិសស្រុកអណ្តូងមាសផងដែរ។ នៅពេលប្រគល់-ទទួលអណ្តើកចម្លែកនោះ លោកនាយរងខណ្ឌជលផលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តជួយអភិរក្សប្រភេទសត្វកម្របែបនេះ ហើយលោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋមេត្តាជួយផ្តល់ និងសហការរាល់ពេលបានជួបប្រទះប្រភេទសត្វព្រៃ ទាំងឡាយដែលជាសត្វកម្រត្រូវប្រគល់ជូនជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច។ លោកងួន សុគន្ធ ក៏បានឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនរៀលផងដែរដល់ម្ចាស់សត្វអណ្តើកនោះ ឯលោកប៊ន ធារង្ស នាយផ្នែកក៏បានផ្តល់ប្រាក់ផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀល និងក្រុមរដ្ឋបាលស្រុកបានផ្តល់ជូនប្រាក់ចំនួន២០ម៉ឺនរៀលបន្ថែមទៀត ។
បុសឈ្មោះសុផាវត(មុននេះថា ឈ្មោះវន)ដែលជាអ្នកប្រទះឃើញអណ្តើកចម្លែកនេះនិយាយថា គាត់រីករាយនឹងប្រគល់ជូនអណ្តើកនេះ ព្រោះយល់ថា នេះជាសត្វកម្រដែលមនុស្សយើងគ្រប់រូបមិនសូវបានជួបប្រទះ ។ គាត់បន្តថា ពេលរូបគាត់ចូលទៅក្នុងព្រៃកន្ទុយនាគនោះមិនមែនទៅរកចាប់សត្វព្រៃទេ គឺទៅរកសីុឈ្មួលឱ្យក្រុមហ៊ុន លុះពេលត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញអណ្តើកចម្លែកនេះនៅក្នុងជ្រលងព្រៃដែលស្ថិតនៅក្នុងព្រៃយ៉ាងជ្រៅ គឺចាប់បាននៅម៉ោង៩យប់ ថ្ងៃទី១៧ មីនា ឆ្នាំ២០១១ ហើយរហូតដល់ថ្ងៃទី២២ មីនា ទើបគាត់ធ្វើដំណើរដល់ផ្ទះ ។ គាត់បានប្រាប់ថា ឈ្មួញសុំទិញសត្វនោះក្នុងតម្លៃ២.៥០០ដុល្លារ ប៉ុន្តែគាត់មិនលក់ ព្រោះរឿងនោះបានល្បីសុសសាយទៅហើយ ។ គាត់ក៏បានសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ឬអាជ្ញាធរមេត្តាជួយឧបត្ថម្ភគាត់ផង ព្រោះរូបគាត់មានជីវភាពក្រីក្រមានកូនរហូតដល់៧នាក់ ពុំមានដីធ្លីធ្វើស្រែចំការទេ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺគាត់បានសម្រក់ទឹកភ្នែកនៅពេលប្រគល់សត្វអណ្តើកនោះឱ្យដល់មន្ត្រីជំនាញ ៕


ចែករំលែកព័តមាននេះ