ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ច្រណែន​តារា ចម្រៀង​រក​កម្រៃ​បាន​ស្រួល​ជាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​បើ​និយាយ​ពី​កម្រិត​ចំណូល​រវាង​តារា​សម្តែង​គឺ​ហាក់​ចាញ់​តារា​ចម្រៀង។ តារាចម្រៀង​នៅ​ពេល​បច្ចុប្បន្ន​នេះ​លេចធ្លោ​ពេញ​និយម​ណាស់​សម្រាប់​មហាជន ពិសេស​យុវវ័យ ។ តារា​សម្តែង​បើ​គិត​ពី​សមត្ថភាព​គឺ​ត្រូវ​មាន​ទេព​កោសល្យ​ដែល​មាន​ភាព​ប៉ិ​ន​ប្រសព្វ ហើយ​​បត់បែន​បាន​គ្រប់​កាលៈទេសៈ​ទៅ​តាម​អ្នកដឹកនាំ​រឿង ឬ​ផលិតករ​ចង់បាន មិន​ថា​តែ​តួអង្គ​អ្វី​ឡើយ​ត្រូវ​សម្រេច​ឱ្យ​បាន…

រាជធានី​ភ្នំពេញ ៖ ​បើ​និយាយ​ពី​កម្រិត​ចំណូល​រវាង​តារា​សម្តែង​គឺ​ហាក់​ចាញ់​តារា​ចម្រៀង។ តារាចម្រៀង​នៅ​ពេល​បច្ចុប្បន្ន​នេះ​លេចធ្លោ​ពេញ​និយម​ណាស់​សម្រាប់​មហាជន ពិសេស​យុវវ័យ ។

តារា​សម្តែង​បើ​គិត​ពី​សមត្ថភាព​គឺ​ត្រូវ​មាន​ទេព​កោសល្យ​ដែល​មាន​ភាព​ប៉ិ​ន​ប្រសព្វ ហើយ​​បត់បែន​បាន​គ្រប់​កាលៈទេសៈ​ទៅ​តាម​អ្នកដឹកនាំ​រឿង ឬ​ផលិតករ​ចង់បាន មិន​ថា​តែ​តួអង្គ​អ្វី​ឡើយ​ត្រូវ​សម្រេច​ឱ្យ​បាន ។ បែប​នេះ​ហើយ​ធ្វើ​ឱ្យ​តារាភាពយន្ត ឬ​តារា​សម្តែង​យកចិត្តទុកដាក់​ហាត់រៀន ឬ​ឈ្វេងយល់​ឱ្យ​បាន​ល្អជា​ទីបំផុត​។ ទម្រាំ​បាន​លេច​ធ និង​ចាប់អារម្មណ៍​ពី​ទស្សនិកជន គឺ​ត្រូវ​ចំណាយពេល​ច្រើន​គួរសម ។ ចំណែក​ការ​ចូល​មក​កាន់​អាជីព​ជា​តារាចម្រៀង​វិញ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ប្រើ​ពេល​មិន​ច្រើន ហើយ​​ហុច​លទ្ធផល​លេចធ្លោ និង​ប្រែប្រួល​មុខមាត់​លឿន​ជាង​តារា​សម្តែង ។ អ៊ីចឹ​ង​ហើយ​​ឱ្យ​តែ​មាន​វេទិកា​ប្រឡង​ចម្រៀង​ថ្នាក់​ពិភពលោក ឬ​កម្មវិធី​ធំដុំ​ណាមួយ គឺថា​មាន​យុវជន​សម្រុក​ទិញ​ពាក្យ​ដាក់​ប្រកួតប្រជែង​គ្នា​យ៉ាង​កកកុញ​ក្នុង​ន័យ​ស្វែងរក​ពន្លឺ​តារា​ឱ្យ​បាន​ស្រប​ពេល​តម្លៃ​ទីផ្សារ​អ្នកចម្រៀង គឺ​កើន​តម្លៃ​ខ្លួន​ច្រើន​ជាង​មុន ។

នាយ​ចឺម​ដែល​វិ​វ​ឌ្ឍ​ខ្លួន​ជា​តារាចម្រៀង ហើយ​កំពុង​តែ​ពេញ​និយម​សម្រាប់​យុវវ័យ​នោះ​បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ការ​សម្តែង​ច្រើន​ដែរ ហើយ​យល់​​ថា ​តារា​សម្តែង​គឺ​តស៊ូ​ណាស់​ទៅ​ថត​តាម​ស្រុកភូមិ តាម​ដងអូរ​ព្រៃ​ភ្នំ ។ ពេល​ខ្លះ​ចង​អង្រឹង​សម្រាក​តាម​ដើមឈើ​ក៏​មាន ជួបនឹង​ភ្នែក​អស់ហើយ​ទម្រាំ​បាន​ថត​ចប់ មួយ​រឿងៗ។ បើ​ច្រៀង​វិញ​មិនបាច់​គិត​ច្រើន​តែងតែ​ខ្លួន​ដល់​ម៉ោង​ឡើង​ច្រៀង​៣​ទៅ​៤​បទ​ចប់​បើក​លុយ​ទៅ​ផ្ទះ ។ បើ​គេ​ជា​អ្នកចម្រៀង ល្បី​ៗ​វិញ​ដូច​បងប្អូន​ជ្រាប​មក​ហើយ​ថា​បាន​ប្រាក់​​កម្រៃ​ថ្លៃ​ប៉ុនណា​ឱ្យ​តែ​ច្រៀង​តាម​ក្រុមហ៊ុន​តាម​ខេត្ត​គឺ​មិនធម្មតា​ទេ ។ ទោះបីជា​យ៉ាង​ណា​ខ្ញុំ​សូម​សរសើរ​ទឹកចិត្ត​ដល់ បង​ៗ​ប្អូន​តារា​សម្តែង​នៅ​តែ​ស៊ូទ្រាំ​លំបាក ព្រោះតែ​ស្រឡាស់​​សិល្បៈ​ទាំងអស់​គ្នា​ដើម្បី​ទស្សនិកជន »​។

តារាចម្រៀង​ប៉ាច គី​ម​មួយ ជា​អតីត​បេក្ខជន​ប្រឡង​ចម្រៀង​ឌឹ​វយ​រដូវ​កាល​ទី​១​ធ្លាប់​សម្តែង​​រឿង​ភាគ​ឱ្យ​ទូរទស្សន៍​ហង្ស​មាស​រឿង​«​បិសាច​គួរ​ឱ្យ​ស្រឡាញ់​» ហើយ​នាង​យល់​ថា​ពិបាក​បើ​ឱ្យ​នាង​រើស គឺ​ជ្រើសរើស​ការ​ច្រៀង​ច្រើន​ជាង​សម្តែង ។

គី​ម​មួយ​និយាយ​ថា «​សម្តែង​ប្រើ​អារម្មណ៍​ផ្លាស់​ប្តូរ​ច្រើន​ទាំង​កាយវិការ​ទាំង​ទឹកមុខ កែវ​ភ្នែក និង​ត្រូវ​ចាំ​ប៉ា​រ៉ូ​ល​និយាយ ហើយ​ត្រូវធ្វើ​ឱ្យ​សម​តាម​ធម្មជាតិ ។ ដូចនេះ​ការ​សម្តែង​ត្រូវ​តម្រូវ​ឱ្យ​មានការ​ព្យាយាម បើ​ច្រៀង​វិញ​តែ​មួយ​ភ្លែត​តុបតែង​កាយ​ឱ្យ​ល្អ​ទៅ​ឱ្យទាន់​ម៉ោង​ចប់​ការងារ​មក​សម្រាក​វិញ​លឿន​ជាង​សម្តែង »​។

អ្នក​នាង​ខាត់ សុ​ឃី​ម ដែល​មាន​ស្នាដៃ​ច្រើន​គួរសម​លើ​ការ​សម្តែង​ភាពយន្ត​ដែរ​នោះ​និយាយ​ថា​«​តាម​អារម្មណ៍​យល់​ឃើញ​តារា​គួរតែ​ចេះ​ឱ្យ​បាន​ច្រើន​ទៅ​នឹង​អ្វី​ដែល​ជា​សិល្បៈ​ព្រោះ​នេះ​ជា​មុខមាត់​សិល្បៈ​ដូច​គ្នា ។ បើ​ទោះជា​បច្ចុប្បន្ន​វិស័យ​ចម្រៀង​មាន​ទីផ្សារ​ក៏​ពិតមែន តែបើ​អ្នកចម្រៀង​វិល​ងាក​មក​សម្តែង​ក៏​មើលទៅ​ម្យ៉ាង​ហើយ​អាច​ឱ្យ​អ្នកគាំទ្រ​វាយតម្លៃ​ការ​សម្តែង​ធ្វើ​យ៉ាងណា​ឱ្យ​ល្អ​តទៅ​ទៀត »​។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ទើបតែ​បញ្ចប់​ការ​សម្តែង​រឿង​«​កូន​ពស់​កេងកង​»​ឱ្យ​ទូរទស្សន៍​ហង្ស​មាស​ដឹកនាំ​ដោយ​លោក​ហ្វៃ សំអាង និយាយ​ថា​ហែល​ឆ្លង​ការ​សម្តែង​ភាពយន្ត​បាន​​ប៉ុន្មាន​រឿង គឺ​មើលទៅ​មិនធម្មតា​ទេ កំណត់​តាំងពី​ពេលវេលា ការ​ទៅ​ដល់ទី​តាំង សូ​ម្បី​តែ​ការ​ឡើង​គីឡូ​ពេក​ក៏​មិន​ត្រូវ​បណ្តោយ ។ ម្ល៉ោះហើយ​នាង​នៅ​តែ​សរសើរ​អ្នក​អាជីព​សម្តែង គឺ​អាច​ទ្រាំ​បាន​ទាំងនេះ​កើត​ចេញពី​ចិត្ត ពិត​ៗ​ដែល​ស្រឡាញ់​ហើយ​មិន​ចុះចាញ់ ព្រោះ​មាន​តារា​សម្តែង​ជើង​ចាស់​មួយ​ចំនួន​នៅ​តែ​បើក​ចិត្ត​បន្ត​អាជីព​សម្តែង​មក​ទល់​ពេល​នេះ​គឺ​សូម​សរសើរ​ដល់​ពួក​គាត់ ។

លោក​ទេព រិ​ន​ដា​រ៉ូ តារាភាពយន្ត​ចាត់​ទុក​ថា​ការ​សម្តែង​គឺ​ទេព​កោសល្យ​មួយ​ល្អ ប្រសិន​បើ​យល់ និង​ដឹង​ពី​តិច​និក​សម្តែង​បាន​នោះ​នឹង​ជំរុញ​ឱ្យ​តារា​រូប​នោះ​ពេញ​និយម ។ លើស​ពី​នេះ​អាស្រ័យ​លើ​ការ​ព្យាយាម ការ​ហាត់ ចេះ​ច្បិច​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន និង​ការ​ប្រើ​ស្ទីល​សម្តែង​របស់​តារា​បរទេស​ក៏​ជួយ​ខ្លាំង​ដែរ ។ ចំណុច​ទាំងនេះ​អាច​រក្សា​លំនឹង​ទីផ្សារ​ឱ្យ​អ្នក​សម្តែង​នៅ​តែ​ពេញ​និយម តែ​អ្នកចម្រៀង​គេ​ស្រួល​យក​លុយ​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ