ក្រុងប៉ោយប៉ែត ៖ ក្មេងប្រុសអាយុ១៧ឆ្នាំ ម្នាក់ត្រូវសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ដោយចោទពីបទរំលោភសេពសន្ថវៈដែលហេតុការណ៍ចាប់រំលោភនោះ កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ មីនា នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
តាមការបំភ្លឺពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងថា កូនស្រីគាត់ឈ្មោះស.ឆ.យ អាយុ១៣ឆ្នាំ ។ មុនពេលកើតហេតុកូនស្រីអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះជាមួយរូបគាត់ ។ បន្ទាប់មកកូនស្រីសុំទៅបត់ជើងតូច ហើយក៏បានបើកទ្វារក្រោយចេញបានបន្តិចស្រាប់តែឮសូរសំរែកកូនស្រែកយំ និងឱ្យជួយដោយមានគេចាប់រំលោភសេពសន្ថវៈ។ ពេលនោះពួកគាត់ក៏បានចេញទៅជួយកូន និងទាក់ទងទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ បុរសជាឪពុកក្មេងស្រីរងគ្រោះបានរៀបរាប់ថា កូនស្រីរបស់គាត់ដែលរងគ្រោះនោះ នៅព្រឹកថ្ងៃទី១៥ មីនា កំពុងតែសម្រាកព្យាបាលមុខរបួសប្រដាប់ភេទនៅឯមន្ទីរពេទ្យបង្អែកអូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត ដោយសុំឱ្យគ្រូពេទ្យបញ្ជាក់ការធ្វើកោសល្យវិច័យស្នាមរបួសផងដែរ ប៉ុន្តែដោយពួកគាត់ជាជនក្រីក្រមិនទាន់មានលុយបង់ថ្លៃគ្រែសម្រាកព្យាបាលចំនួន៥មឺុនរៀល និងថ្លៃបង់ការធ្វើកោសល្យវិច័យចំនួន១០មឺុនរៀលនោះទេ ទើបក្រុមគ្រូពេទ្យមិនទាន់ចេញលទ្ធផលឱ្យមកពួកគាត់ ។
លោកពិន ភិរម្យ បុគ្គលិកអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិប្រចាំការក្រុងប៉ោយប៉ែតបានឱ្យដឹងថា ចំពោះបញ្ហាក្រុមគ្រួសារជនរងគ្រោះក្រីក្រនោះ គឺត្រូវសមាគមភូមិជួយជនក្រីក្រចេញ បង់ថ្លៃសេវាព្យាបាលផ្សេងៗនៅក្នុងមន្ទីរពេទ្យបង្អែក ហើយចំពោះអង្គការរបស់លោកក៏មានចំណែកជួយក្នុងបញ្ហាទាំងអស់នេះដែរ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រួសារដែលរងគ្រោះ។
តាមប្រភពពីសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យក្នុងករណីចាប់រំលោភនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗក្រោយពេលដែលគេប្រព្រឹត្តល្មើស ហើយបានយកមកសួរនាំ ។ ក្មេងប្រុសរូបនេះមានឈ្មោះផន ឡៃ អាយុ១៧ឆ្នាំ បានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តបែបនេះមែន ប៉ុន្តែរូបគេមិនបានចាប់ក្មេងស្រីអាយុ១៣ឆ្នាំ នេះរំលោភទេ គឺក្មេងស្រីរូបនោះបានព្រមព្រៀងគ្នា ។ លោកអនុសេនីយ៍ឯក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានឱ្យដឹងថា ចំពោះរឿងរំលោភសេពសន្ថវៈលើរូបរាងកាយក្មេងស្រីជាអនីតិជនមិនទាន់គ្រប់អាយុនេះលោកបានបញ្ជាឱ្យកម្លាំងជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ