ការវាយប្រហាររបស់កងកម្លាំងចំរុះលោកខាងលិចប្រឆាំងលីប៊ីត្រូវបន្ថយក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។ លោករ៉ូប៊ែតហ្គេត រដ្ឋមន្ត្រីការពារប្រទេសអាមេរិកថ្លែងបែបនេះពេលដែលបណ្តាប្រព័ន្ធការពារអាកាសរបស់លីប៊ីត្រូវបានកំទេច។
រដ្ឋមន្ត្រីការបរទេសបារាំងលោក ALAIN JUPPE គូសបញ្ជាក់ថា ប្រតិបត្តិការយោធាអាចបញ្ឈប់គ្រប់ពេលនៅលីប៊ី ប្រសិនបើលោកមូអាម៉ា កាដាហ្វី សុខចិត្តធ្វើតាមបណ្តាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយព្រមទទួលយកបទឈប់បាញ់គ្នាមួយ ។
យន្តហោះចម្បាំងមួយគ្រឿងរបស់អាមេរិកធុន F-15 បានធ្លាក់កាលពីយប់ថ្ងៃទី២១ មក ២២ មីនា នៅលីប៊ី ក៏ប៉ុន្តែអ្នកបើកទាំង២នាក់រកឃើញនៅសុខសប្បាយ ។ កងទ័ពអាមេរិកនិយាយថា យន្តហោះនេះធ្លាក់ប្រហែលមកពីបញ្ហាគ្រឿងម៉ាស៊ីនហើយពុំមែនការបាញ់ប្រហារ របស់សត្រូវឡើយ ។ កងទ័ពអាមេរិកនិយាយទៀតថា គ្រោះថ្នាក់នេះប្រហែលជាលើកដំបូងតាំងពីចាប់ផ្តើមអន្តរាគមន៍យោធានៅលីប៊ីក្រោមអាណត្តិរបស់អ.ស.បពីថ្ងៃទី១៩ មីនា មក។
៣យប់ជាប់ៗគ្នាដែលមានការផ្ទុះ និងការបាញ់កាំភ្លើងការពារអាកាសលាន់ឮនៅក្រុងទ្រីប៉ូលី ។ ទូរទស្សន៍រដ្ឋលីប៊ីរាយការណ៍ថា ទីតាំងជាច្រើនរងការវាយប្រហារក្នុងរដ្ឋធានី ៕
ចែករំលែកព័តមាននេះ