ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤​ស្ថាបនា​រួចរាល់​ ចំណាយ​អស់​៥​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ប្រទះ​ឡា​ង​ ឬ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤​ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​ខេត្តកណ្តាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ប្រវែង​ជាង​១២​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​ជាង​មួយ​ឆ្នាំ​កន្លង​មក ពេល​នេះ​ការដ្ឋាន​ទាំងមូល​បាន​បញ្ចប់​១០០​ភាគរយ​ហើយ…

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ប្រទះ​ឡា​ង​ ឬ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤​ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​ខេត្តកណ្តាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ប្រវែង​ជាង​១២​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​ជាង​មួយ​ឆ្នាំ​កន្លង​មក ពេល​នេះ​ការដ្ឋាន​ទាំងមូល​បាន​បញ្ចប់​១០០​ភាគរយ​ហើយ ដោយ​ចំណាយ​ថវិកា​ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ឧសភា ២០១៨ នេះ​ថា ផ្លូវ​បេតុង​ប្រទះ​ឡា​ង​ចាប់ពី​ផ្លូវជាតិ​លេខ​៣ ដល់​ផ្លូវជាតិ​លេខ​៤ ដែល​មាន​ប្រវែង​១២.៦២០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ បាន​បញ្ចប់​ការដ្ឋាន​១០០​ភាគរយ​នៅ​ថ្ងៃនេះ​ហើយ ។ លោក​បន្ត​ថា​ផ្លូវ​នេះ​ជា​ផ្លូវ​ខ្សែក្រវាត់​ទី​៤ ដែល​រថយន្ត​ធុន​ធ្ងន់ រថយន្ត​កុងតឺន័រ​អាច​ធ្វើ​ចរាចរ​ណ៍ពី​ផ្លូវជាតិ​លេខ​៤​ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​១ ដោយ​មិន​ចាំបាច់​ឱ្យ​យានយន្ត​ចូល​មក​ដល់​រង្វង់​មូល​ចោម​ចៅ​ដែល​តែងតែ​កកស្ទះ​រាលថ្ងៃ​នោះ​ទេ​។

លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ប្រទះ​ឡា​ង ឬ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤​នេះ​គឺជា​ផ្លូវ​មួយ​ដែល​មាន​សារសំខាន់​ក្នុង​ការ​រំដោះ​ចរាចរណ៍​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្សារ​បែក​ចាន​មក​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​វត្ត​ស្លែង ។ ផ្លូវ​នេះ​បាន​រង​នូវ​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ដោយ​កត្តា​ជា​ច្រើន ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខេត្តកណ្តាល​សហការ​គ្នា​ធ្វើការ​ជួល​ជុល​ឡើង​វិញ តាម​បទបញ្ជា​ពី​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​បញ្ជាក់​ទៀត​ថា កំណាត់​ផ្លូវ​នេះ​បើ​តាម​ការ​គ្រោងទុក នៅ​ពេល​ខាង​មុខ​នឹង​ត្រូវ​ពង្រីក​ឲ្យ​មាន​ទទឹង​រហូត​ទៅ​ដល់​១៤​ម៉ែត្រ រួម​នឹង​ការ​ដាក់​ប្រព័ន្ធ​លូ​សងខាង​ផ្លូវ​ផង​ដែរ ។ ប៉ុន្តែ​ដោយសារ​ថវិកា​នៅ​មាន​កម្រិត គឺ​អាជ្ញាធរ​សម្រេច​ស្ថាបនា​ទទឹង​តែ​៧​ម៉ែត្រ​នេះ​សិន​។
លោក​សាំ ពិសិដ្ឋ បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នកបើកបរ​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ និង​រថយន្ត​តូច​ៗ​ជាដើម សូម​វាង​មក​ផ្លូវ​ខាងលើ​នេះ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ​។

គួរ​រំលឹក​ថា កំណាត់​ផ្លូវ​ខាងលើ​នេះ​បាន​បើក​ការដ្ឋាន​ជួសជុល​កាល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខេត្តកណ្តាល ។ ផ្លូវ​នេះ​មិនមែន​ត្រឹមតែ​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​តំបន់​នេះនោះ​ទេ គឺ​អាច​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​លេខ​៣​ផង​ដែរ ជា​ពិសេស​ត្រង់​ចំណុចប្រសព្វ​រង្វង់​មូល​ចោម​ចៅ​ដែល​ជា​ចំណុច​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ទៅ​ផ្លូវជាតិ​លេខ​៣ និង​ពី​ផ្លូវជាតិ​លេខ​៣​មក​ផ្លូវជាតិ​លេខ​៤​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ