ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ជ្រុលចង្កូតចេញពីផ្លូវជាតិ​បោល​បុកស្ត្រីម្នាក់​ខ្ទាតប៉ើងចេញ​ពីម៉ូតូ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ ប្រេះ​ឆ្អឹង​ស្មងជើង​ខាងស្តាំ និង​មាន​ស្នាម​ជាំ​ពេញ​ខ្លួន ហើយ​ម៉ូតូ​ថ្មី​សន្លាង​មួយ​គ្រឿង​ត្រូវ​រង​ការ​ខូចខាត​ផ្នែក​កំណាត់​មុខ​ស្ទើរតែ​ទាំងស្រុង​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដែល​បង្កឡើង​ដោយ​រថយន្ត​បុក​ជាមួយ​ម៉ូតូ ។ តាម​ការ​ឲ្យ​ដឹង​ពី​គ្រួសារ​សាច់ញ្ញាតិ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ ប្រេះ​ឆ្អឹង​ស្មងជើង​ខាងស្តាំ និង​មាន​ស្នាម​ជាំ​ពេញ​ខ្លួន ហើយ​ម៉ូតូ​ថ្មី​សន្លាង​មួយ​គ្រឿង​ត្រូវ​រង​ការ​ខូចខាត​ផ្នែក​កំណាត់​មុខ​ស្ទើរតែ​ទាំងស្រុង​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដែល​បង្កឡើង​ដោយ​រថយន្ត​បុក​ជាមួយ​ម៉ូតូ ។

តាម​ការ​ឲ្យ​ដឹង​ពី​គ្រួសារ​សាច់ញ្ញាតិ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រាល​ក្រួស​ក្រហម ជាប់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ក្បែរ​ផ្សារ​ឃ្លាំង​លើ​ក្នុង​ក្រុម​៣ ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ប្រាក់ មុំ អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ (​រង​របួស​ប្រេះ​ឆ្អឹង​ស្មងជើង​ខាងស្តាំ និង​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​) មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ មិន​ទាន់​មាន​ស្លាក​លេខ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ តិ​ល សា​មុត ភេទ​ប្រុស មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ប៉ា​ហ្សេ​រ៉ូ ពណ៌​ទឹកប្រាក់​លាយ​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ​ ២F-១៣៦២​។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ថ្មីសន្លាង​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ចេញ​មក​ពី​ផ្ទះ​តាម​ចិញ្ចើម​ផ្លូវ​ក្រាល​ក្រួស​ក្រហម មក​ពី​ទិស​ខាងកើត​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ឃ្លាំង​លើ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ប៉ា​ហ្សេ​រ៉ូ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ចង្កូត​ចេញ​ពីលើ​ផ្លូវជាតិ​ទៅ​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​
ជា​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ប៉ើង​ចេញពី​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​។

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ទារ​សំណង​ការ​ខូចខាត​ម៉ូតូ​ចំនួន​២០០០​ដុល្លារ ​និង​ថ្លៃ​សម្រាប់​ការ​ព្យាបាល​របួស​ចំនួន​១៧០០​ដុល្លារ សរុប​ការ​ទារ​សំណង​របស់​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​បង្ក​​គ្រោះថ្នាក់​ខាងលើ​មាន​ចំនួន​៣៧០០​ដុល្លារ​សហរដ្ឋអាមេរិក ​។ ​រហូត​មក​ដល់​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ដដែល ភាគី​ទាំង​២​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​បញ្ចប់​ករ​ណី​ខាងលើ​នៅឡើយ ហើយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី រង់ចាំ​ភាគី​ទាំង​២​ស្វែងរក​ដំណោះស្រាយណា​​មួយ ដែល​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​អាច​ទទួលយក​បាន​។

ក្រោយ​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ។ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​វេជ្ជបណ្ឌិត​នៅ​គ្លីនិក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ប្រេះ​ឆ្អឹង​ស្មងជើង​ខាងស្តាំ និង​មាន​ស្នាម​ដាច់ ខ្ទាំ​សាច់​ជា​ច្រើន​កន្លែង​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិកឯកជន​ ។ ដោយឡែក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យ​ក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​ទៅ​តាម​នី​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ