ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កោតសរសើរ​ការ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​នៅ​កម្ពុជា និង​ជូនពរ​ការ​បោះ​ឆ្នោត​ទទួល​បាន​ជោគជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កោតសរសើរ​នៃ​ការ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ស្ថេ​រ​ភាព​នយោបាយ សុខ​សន្តិភាព ។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ លោក​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កោតសរសើរ​នៃ​ការ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ស្ថេ​រ​ភាព​នយោបាយ សុខ​សន្តិភាព ។

ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា លោក ផា​ន់​យ៉ា​រ៉ា​ក់ ភុ​ន​ថាប់ (Panyarak PoolT Pu) ឯកអគ្គរាជទូត​ថ្មី​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា លោក​បាន​តាមដាន​ស្ថានភាព​កម្ពុជា​ជាង​៣០​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​លោក​មានការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​ស្ថិរភាព​នៅ​កម្ពុជា និង​យុទ្ធសាស្ត្រ​ឈ្នះ​ៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ការ​កសាង​ប្រទេស និង​រក្សា​បាន​ស្ថេ​រ​ភាព​នយោបាយ និង​សុខ​សន្តិភាព​ជូន​ប្រជាជន ។

លោក​ទូត​បាន​បន្ត​ថា លោក​បាន​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​ថៃ​រយៈពេល​៣០​ឆ្នាំ និង​បាន​តាមដាន​សភាព​ការ ណ៍​នៅ​កម្ពុជា​រហូត​មក​ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធសាស្ត្រ​ឈ្នះ​ៗ​របស់​សម្តេច ហ៊ុន សែន ដែល​បាន​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា ហើយ​ស្ថិរភាព​កម្ពុជា​បាន​នាំ​មក​នូវ​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ជា​លំដាប់ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ឯកអគ្គរាជទូត​បាន​គាំទ្រ និង​ប្តេជ្ញា​ថា នៅ​ក្នុង​បេសកកម្ម​ការទូត​របស់​លោក​នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ។

ក្នុង​ជំនួប​នោះ​ដែរ​លោក​ឯកអគ្គរាជទូត​ក៏​បាន​លើក​ឡើង​ផង​ដែរ ពី​ការ​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា​ថៃ​តាម​ផ្លូវគោក ដោយ​ក្នុង​នោះ​កាលពី​ពេល​ថ្មី​ៗ​នេះ​ច្រកព្រំដែន​ថ្មី​មួយទៀត​បាន​បង្កើត ហើយ​ឆាប់​ៗ​ខាង​មុខ​នេះ​ប្រទេស​ទាំង​ពីរ​នឹង​បើក​ច្រកព្រំដែន​បន្ថែម​ទៀត ក្នុង​ការ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ ពិសេស​ការ​ផ្លាស់​ប្តូរ និង​ជំរុញ​ទំហំ ពាណិជ្ជកម្ម​ឲ្យ​កើនឡើង ។

សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា ក្នុង​នាម​រដ្ឋសភា​សម្តេច​មាន​មោទនភាព​រីករាយ​ដោយ​សង្កេត​ឃើញ​ពី​ការ​វិវឌ្ឍន៍​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ មានការ​រីក​ចម្រើន​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ មិន​ធ្លាប់​មាន​ពី​មុន​មក ។ កា​រត​ភ្ជាប់​ផ្លូវ​គមនាគមន៍​ការ​បើក​ច្រក​អន្តរជាតិ​តាម​បណ្តោយ​ព្រំដែន​កាន់តែ​ច្រើន គឺជា​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី ការ​រីក​ចម្រើន​នាំ​មក​នូវ​វិបុលភាព​សម្រាប់​ប្រជាជន ទាំង​សងខាង ។

សម្តេច​ប្រធានរដ្ឋសភា​បាន​រំលឹក​ថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​ថៃ ។ នៅ​ក្នុង​នោះ​សម្តេច​ប្រធានរដ្ឋសភា​បាន​ជួប​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​សាស្ត្រាចារ្យ ផុ​ន ថេ​ត វិចិត្រ​ឆុ​ល​ឆៃ ប្រធាន​នីតិប្បញ្ញត្តិ​ថៃ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា​នាយក​រដ្ឋមន្ត្រី ក្នុង​ភាព​ស្និទ្ធស្នាល និង​រាក់ទាក់​បំផុត ។
សម្តេច​បញ្ជាក់​ថា «​យើង​បាន​ឯកភាព​គ្នា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជា​ពិសេស​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំង​ពីរ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ និង​ស៊ីជម្រៅ​ថែម​ទៀត​» ។

ឆ្លៀតឱកាស​នោះ​សម្តេច ហេង សំ​រិ​ន​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ​ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល ទាំង​លក្ខ​ខ័​ណ្ឌ​ការងារ និង​កិច្ច​គាំពារ​ចំពោះ​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា​« ខ្ញុំ​សង្ឃឹមថា ក្នុង​អាណត្តិ​ការទូត​ថ្មី​នេះ​លោក​នឹង​បន្ត​ធ្វើ​កិច្ចសហការ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ក្រសួង​ស្ថាប័ន​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​នានា​របស់​កម្ពុជា ធ្វើ​យ៉ាងណា​ឲ្យ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ និង​ទទួល​ផ្លែផ្កា​កាន់តែ​ច្រើន​» ។
ជា​ចុងបញ្ចប់​លោក ឯកអគ្គរាជទូត​ថ្មី នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ជូនពរ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជានា​ខែកក្កដា ខាង​មុខ​នេះ​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ