ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ជា​ផ្លូវការ​«​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈកា​ពី​តា​ល និង​សណ្ឋាគារ​រ៉ូ​ស​វូ​ដ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដែល​ជា​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​ជាងគេ​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ និង​ត្រូវ​បាន​ដាក់​រហ័ស​នាម​ថា «​ចក្កវាឡ​ប្លែក​គេ​» បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ឧសភា…

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដែល​ជា​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​ជាងគេ​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ និង​ត្រូវ​បាន​ដាក់​រហ័ស​នាម​ថា «​ចក្កវាឡ​ប្លែក​គេ​» បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

អគារ​នេះ​មាន​កម្ពស់​៣៩​ជាន់ ស្មើនឹង​កម្ពស់​សរុប​១៨៦​ម៉ែត្រ គឺជា​អគារ​ពាណិជ្ជកម្ម និង​បណ្តុំ​សេវាកម្ម​ចម្រុះ​ជា​ច្រើន​ដូច​ជា ទីតាំង​សម្រាប់​ប្រើប្រាស់​ធ្វើ​ជា​ការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប ព្រមទាំង​មាន​ហាង​លក់ទំនិញ​ម៉ាក​ល្បី​ៗ​លំដាប់​អន្តរជាតិ​ជា​ច្រើន​ទៀត ដែល​សរុប​ទឹកប្រាក់​វិនិយោគ​ប្រមាណ​២៥០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​នា​ថ្ងៃ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ពី​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា ក៏​បាន​ប្រែក្លាយ​ទីក្រុង​ភ្នំពេញ ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​ដូច​សព្វថ្ងៃ ។ ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​ក៏​បាន​បង្ហាញ​នូវ​ក្ដី​រីករាយ និង​មាន​មោទនភាព​ចំពោះ​ប្រទេស​ជាតិ ដែល​មាន​អគារ​ខ្ពស់​ៗ​ដូច​ជា​អគារ​វឌ្ឍនៈ កា​ពី​តា​ល នេះ ហើយ​ក៏​ជា​មោទនភាព​មួយ​របស់​រាជធានី​ភ្នំពេញ ដែល​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ។

សម្តេច​តេ​ជោ​ថ្លែង​ថា ៖« វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​មួយ​ដែល​ចេញពី​ភាព​ខ្ទេចខ្ទាំ ហើយ​វា​កាន់តែ​ពិបាកទៅ​ទៀត នៅ​ពេល​ដែល​ប្រទេស​នេះ​ត្រូវ​ទទួល​បន្ត​នូវ​មរតក​សង្គ្រាម​បែកបាក់ ព្រមទាំង​ការ​ហ៊ុម​ព័ទ្ធ​ដោយ​អយុត្តិធម៌​ពី​សំណាក់​ខាងក្រៅ » ។

សម្តេច​បន្ត​ថា ៖« ការ​ហ៊ុម​ព័ទ្ធ​នេះ មិន​បាន​ខ្ទប់​ដង្ហើម​យើង​ឲ្យ​ស្លាប់​នោះ​ទេ ខ្ញុំ​បាន​ប្រើប្រាស់​វិស័យ​ឯកជន ដើម្បី​ទម្លាយ​របង​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​វិស័យ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការ​វិនិយោគ​ពី​ខាងក្រៅ ហើយ​អ្នក​ដែល​ស្រែក​ខ្លាំង​ជាងគេ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​កម្ពុជា ក៏​ជា​អ្នក​ដែល​រកស៊ី​ជាមួយ​កម្ពុជា​ជា​ច្រើន​ផង​ដែរ​។ ដូច្នេះ ចំណុច​នេះ​ក៏​ត្រូវ​មានបទពិសោធន៍​របស់​យើង​ដែល​ហៅ​ថា យើង​បាន​ចាប់ផ្តើម​ងើបឈរ​ឡើង ហើយ​ត្រូវ​គេ​ចាប់​ជ្រមុជ​ក្បាល​ទៅ​ក្នុង​ទឹក ដើម្បី​ឲ្យ​យើង​ស្លាប់​ទៅ​វិញ ក៏​ប៉ុន្តែ​យើង​មិន​អាច​ទទួលយក​សេចក្តីស្លាប់​នោះ​ទេ ព្រោះថា បើ​មានការ​វិល​ត្រឡប់​នៃ​របប​ប៉ុ​ល​ពត យើង​កាន់តែ​គ្រោះថ្នាក់​ជាង​នេះ​ទៅ​ទៀត​។ ដូច្នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង គឺ​យើង​បាន​សម្រេច​គោលដៅ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព ដោយសារ​ជនរួមជាតិ​របស់ខ្ញុំ​នៅ​ទី​នេះ​បាន​រួម​ជាមួយ​ខ្ញុំ ងើបឈរ​ឡើង​ទាំង​លំបាកលំបិន » ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ម្ចាស់​ក្រុមហ៊ុន​វឌ្ឍនៈ ដែល​ចាប់ផ្តើម​២​នាក់​ប្តី​ប្រពន្ធ ដំបូង​ឡើយ គ្រាន់តែ​ជា​អ្នកលក់​អំបោះ​ហុង​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ព្យាយាម ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ដល់​សព្វ​ថ្ងៃនេះ ។

សម្ដេច​តេ​ជោ​ថ្លែង​ថា ៖« អគារ​នេះ បាន​ចាប់ផ្ដើម​សាងសង់​ឡើង ស្រប​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​បាន​ចាប់ផ្ដើម ។ បើសិន​មិន​អាច​មាន​អគារ​នេះ​កើតឡើង ខ្ញុំ​គិត​ថា វា​អាច​ជា​ការ​បរាជ័យ​មួយ​សម្រាប់​ខ្ញុំ​ដែរ ក៏​ប៉ុន្ដែ​តាម​រយៈ​ការ​ខិតខំ​របស់​វឌ្ឍនៈ គ្រុប បាន​បង្កើត​អគារ​វឌ្ឍនៈ​នេះ​នៅ​ក្នុង​ពេលវេលា​ដ៏​លំបាក ព្រោះ​នៅ​ពេល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្ដើម​ទ្រឹង ប៉ុន្ដែ​អគារ​វឌ្ឍនៈ​នៅ​តែ​បន្ដ​កើតឡើង ហើយ​ចេញ​ជា​រូបរាង​នៅ​ពេល​នេះ ។ ដូច្នេះ ខ្ញុំ​ពិតជា​មាន​អំណរ​សាទរ និង​កោតសរសើរ​ចំពោះ​វឌ្ឍនៈ គ្រុប ដែល​បាន​ប្រឹងប្រែង​រួមចំណែក​កសាង​នូវ​អគារ​ល្អ​ៗ ដែល​បង្ហាញ​ពី​ស្នាដៃ​កូន​ខ្មែរ បង្ហាញ​ពី​វិនិយោគិន​ខ្មែរ​ដែល​បាន​ប្រឹងប្រែង​ងើប​ពី​គំនរ​ផេះ​ផង់ ដើម្បី​នាំ​មក​នូវ​វឌ្ឍនភាព រួម​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដៃគូ​វិនិយោគ​មក​ពី​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង​បាន​ប្រែ​មុខមាត់​យ៉ាង​ខ្លាំង​ពី​ទីក្រុង​ភ្នំពេញ ដែល​ក្នុង​ឆ្នាំ​១៩៧៩ មាន​ត្រឹមតែ​ប្រមាណ​ជាង​៣០០​គីឡូ​ម៉ែត្រការ៉េ បាន​ឈាន​ទៅ​ដល់​ជាង​៦០០​គីឡូ​ម៉ែត្រការ៉េ​ទៅ​ហើយ » ។

ទោះបីជា​ពេល​នេះ កម្ពុជា​រីក​ចម្រើន​ប៉ុណ្ណេះ​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​ត្រូវការ​ការ​វិនិយោគ​បន្ថែម​ទៀត ដោយ​គ្មាន​ការ​រើសអើង ឬ​បែងចែក​រវាង​អ្នក​នៅ​ក្នុង ឬ​ក្រៅ​ស្រុក ដើម្បី​ឲ្យ​ប្រទេស​មានកា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​បន្ថែម​ទៀត ។
សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖« នៅ​មិន​ទាន់​ស្កប់ស្កល់​សម្រាប់​យើង​ទេ យើង​ត្រូវ​ទាក់ទាញ​នូវ​ការ​វិនិយោគ​បន្ថែម​ពី​អ្នក​ទាំងអស់​គ្នា ពិសេស​វិនិយោគិន​ក្នុងស្រុក ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ប្រើប្រាស់​ឱកាស​ដែល​យើង​មាន​ដោយ​កម្រ​បាន​មក​ពី​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​របស់​យើង​ដែល​បាន​បាត់បង់​រាប់​សិប​ឆ្នាំ ឬ​រហូត​រាប់រយ​ឆ្នាំ​មក​ហើយ​នោះ​បន្ត​ការ​អភិវឌ្ឍ​តទៅ​ទៀត តាម​រយៈ​ការ​វិនិយោគ​សំខាន់​ទៅ​លើ​អ្វី​ដែល​ជា​មុខសញ្ញា​សម្រាប់​ការ​វិនិយោគ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ជាមួយនឹង​ការ​រីក​ចម្រើន​ទាំងនេះ ។ ខ្ញុំ​សង្ឃឹមថា វឌ្ឍនៈ គ្រុប នឹង​បន្ត​ឈាន​ឡើង​តទៅ​ទៀត​ជាមួយនឹង​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​របស់​យើង ដែល​មក​ដល់​ពេល​នេះ មាន​រាប់​ម៉ឺន​សហគ្រាស​បាន​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​។ គ្រាន់តែ​ក្រុមហ៊ុន​មួយ​នេះ បាន​ដោះស្រាយ​ការងារ​ធ្វើ​រហូត​ទៅ​ដល់​ជាង​២​ម៉ឺន​នាក់​សម្រាប់​យុវជន​របស់​យើង » ។

ខ្លឹមសារ​សំខាន់​ដែល​គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​ឱកាស​ដ៏​មហា​ឧឡា​រិ​ក​អធិកអធម​នេះ​ដែរ លោក​ជំទាវ​ឧកញ៉ា ឈុ​ន លាង សហ​ស្ថាបនិក​វឌ្ឍនៈ គ្រុប បាន​ថ្លែង​ថា អគារ​វឌ្ឍនៈ​គ្រុប បាន​រួមចំណែក​កាត់​បន្ថយ​អត្រា​និកម្មភាព​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៦.២៨០​នាក់ ដែល​កំពុងធ្វើការ​ស្រប​តាម​លក្ខខណ្ឌ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​យ៉ាង​ពេញលេញ ហើយ​បាន​ចូលរួម​បង្កើត​អាជីវកម្ម​ថ្មី ដែល​ជា​ប្រភព​នៃ​ការ​ប្រមូល​ពន្ធ​ដល់​រាជរដ្ឋាភិបាល ។

លោក​ជំទាវ​ថ្លែង​ថា ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​កិត្យានុភាព​ជូន​ជាតិ​មាតុភូមិ វឌ្ឍនៈ គ្រុប បាន​សម្រេចចិត្ត​យ៉ាង​មោះមុត​ក្នុង​ការ​វិនិយោគ​ស្ថាបនា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​វឌ្ឍនៈ​កា​ពី​តា​ល នេះ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដូច​ខាងក្រោម ៖
១-​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​គតិបណ្ឌិត បញ្ញាញាណ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ។
២-​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ពង្រឹង និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​នានា​លើ​វិស័យ​អចលនទ្រព្យ ក៏​ដូច​ជា​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ចជាតិ ។
៣-​ថ្វី​ដ្បិតតែ​ព្រះរាជាណាចក្រ​កម្ពុជា​ទើបតែ​ងើប​ចេញពី​ភ្នក់ភ្លើងសង្គ្រាម ខ្មែរ​យើង​ក៏​អាច​សម្រេច​កសាង​បាន​នូវ​សំណង់​អគារ​ដ៏​ប្រណីត​ស្កឹមស្កៃ ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​នៃ​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ លើក​ស្ទួយ​សោភ័ណ​ភាព​នៃ​រាជធានី​ភ្នំពេញ និង​បង្ហាញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ។
៤-​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​វឌ្ឍនៈ គ្រុប ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​ថា យើងខ្ញុំ​ជា​អ្នក​វិនិយោគ​ក្នុងស្រុក​មួយ​ដែល​មិន​ចាក​ឆ្ងាយ​ពី​មាតុភូមិ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។

គួរ​បញ្ជាក់​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​វឌ្ឍនៈ កា​ពី​តា​ល បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ក្នុង​ឆ្នាំ​២០១០ គ្រា​ដែល​វិបត្តិ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​សកល​បាន​ចាប់ផ្ដើម និង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​កាលពី​ឆ្នាំ​២០១២ ។ អគារ​នេះ​ត្រូវ​បាន​បែងចែក​ជា​៣​ផ្នែក គឺ​ជាន់​សម្រាប់​ផ្សារ​ទំនើប​, ជាន់​ទីតាំង​សម្រាប់​ការិយាល័យ​ជួល និង​ជាន់​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Rosewood ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ