ខេត្តកំពង់ធំ ៖ កោះសន្តិភាព របស់យើងបានទទួលព័ត៌មានថា មានអ្នកមីងម្នាក់រស់នៅជាស្ត្រីអភ័ព្វត្រូវបានប្តីស្លាប់ចោលអស់រយៈកាលជាង២០ឆ្នាំមកហើយដោយអ្នកមីងមានឈ្មោះ រុន ផុន អាយុ៦២ឆ្នាំ រស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ អ្នកមីងបានលើកដៃសំពះរៀបរាប់អំពីខ្សែរជីវិតរបស់អ្នកមីងប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន កោះសន្តិភាព និងសប្បុរសជន ក្នុង និងក្រៅប្រទេសទាំងទឹកភ្នែកថា អ្នកមីងបានរៀបការជាមួយនឹងស្វាមីឈ្មោះ ហ៊ឹម សុខ អាយុ៦៧ឆ្នាំអស់រយពេលជាង៤០ឆ្នាំមកហើយ នៅក្នុងចំណងអាពាហ៏ពិពាហ៏ជាមួយស្វាមីអ្នកមីងមានកូនប្រុសស្រីចំនួន៩នាក់ ស្រី៧នាក់ និងប្រុស២នាក់ លុះដល់ឆ្នាំ១៩៨៤ ប្តីអ្នកមីងក៏ទទួលមរណៈភាពចោលទៅ ។
អ្នកមីងរស់នៅជាមួយកូនៗទាំង៩នាក់ និងម្តាយចាស់ជរាឈ្មោះ អៃ មឿន អាយុ៨២ឆ្នាំ ហើយកូនប្រុសស្រីក៏បានរៀបការអស់៧នាក់ នៅសល់កូនស្រី២នាក់មិនទាន់ការ ចំណែកនៅក្នុងចំណោមកូនស្រីទាំង៧របស់គាត់ គឺមានចំនួន៤នាក់ធ្លាក់ខ្លួនមានជម្ងឺទន់ដៃទន់ជើងមើលមិនជាដើរលែងរួចបានតែរំកិលគូថឡើងជិះរទេះរុញទាំងលំបាក ។ បន្ទាប់ពីពួកនាងៗមានជម្ងឺដើរលែងរួចមកនោះ មិនបានប៉ុន្មានក៏ត្រូវប្តីរបស់ពួកនាងគេលែងលះចោលអស់ចំនួន៣នាក់ ដោយបន្សល់ទុកកូនៗឲ្យរស់នៅជាមួយរូបគាត់រឹតតែជាបន្ទុកយ៉ាងធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។
អ្នកមីងប្រាប់បន្តរថា កូនៗរបស់គាត់ទាំង៤នាក់នេះមិនមែនពិការតាំងពីកំណើតមកនោះទេ គឺពួកនាងៗមានជម្ងឺនៅក្នុងអាយុចាប់ពី២៥ឆ្នាំឡើងទៅ កូនពិការទាំង៤រួមមានទី១-ឈ្មោះ សុខ មុំ អាយុ៤១ឆ្នាំ រៀបការរួចមានកូនស្រីម្នាក់ត្រូវប្តីលែងចោល ទើបតែស្លាប់ប្រហែលមួយឆ្នាំហើយ, ទី២-ឈ្មោះ សុខ រ៉ូ អាយុ៣៩ឆ្នាំ រៀបការរួចមានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់, ទី៣-ឈ្មោះ សុខ ភឿន អាយុ៣១ឆ្នាំ រៀបការរួចមានប្រុសម្នាក់ និងទី៤-ឈ្មោះ សុខ លីដា អាយុ២៧ឆ្នាំ មិនទាន់រៀបការ បួននាក់ស្លាប់ម្នាក់ នៅបីនាក់ និងម្តាយចាស់ជរា ព្រមទាំងចៅៗ ដោយសារតែការមើលថែជម្ងឺកូនៗពិការ ម្តាយចាស់ និងចៅៗនេះ ដីស្រែ គោក្របីត្រូវបានលក់អស់យកប្រាក់មកមើលជម្ងឺកូនៗ តែមើលមិនជាទាល់តែសោះចុងក្រោយប្រាក់ក៏អស់ ជំពាក់បំណុលគេទៀត មានតែម្រាមដៃ១០លើកឡើងប្រណំសូមសប្បុរសជន ក្នុង និងក្រៅប្រទេសសម្តេច ឯកឧត្តម ទ្រង់ លោកជំទាវ មេត្តាជួយឧបត្ថម្ភជាថវិការ សម្ភារដល់ក្រុមគ្រួសារអ្នកមីងផង ដើម្បីឲ្យអ្នកមីងបានរស់នៅចិញ្ចឹមកូនៗអភ័ព្វ ម្តាយជារា និងចៅៗ បន្តទៅទៀតផង អ្នកមីងអស់លទ្ធភាពហើយពេលនេះ ។
លោក ប៉ោ ញ៉ច អាយុ៥៨ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅភូមិជិតគ្នាជាមួយអ្នកមីងអភ័ព្វបានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ថារាល់ថ្ងៃក្រុមគ្រួសារអ្នកមីងខាងលើនេះកុំថាឡើយបានហូបចុកឆ្ងាញ់នឹងគេនោះ ឲ្យតែបានបាយប្រឡាក់ជាមួយសៀង ឬក៏ទឹកស៊ីវទឹកត្រីហូបនោះវាពិសេសសម្រាប់ពួកគាត់ណាស់ទៅហើយ សព្វថ្ងៃរកអ្វីហូបចុកសឹងពុំបាន ពេលខ្លះដាំបបរនាំគ្នាហុត អ្នកភូមិឃើញពិបាកភ្នែកមើលពេកអាណិតចេះតែនាំគ្នាហុចចំណីឲ្យបន្តិចបន្តួចទៅតែក៏វាមិនគ្រប់គ្រាន់នោះដែរ ៕
ចែករំលែកព័តមាននេះ