ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរប៉ូលិសនេះ​អត់ទាន់ចប់… ដោយ​សារ​រកឃើញ​បទល្មើស​ថ្មី​ជា​ច្រើនទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ មន្ត្រី​នគរបាល​ជាតិ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​ទៅ​៥​នាក់ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​ម្នាក់​វាយដំ​យ៉ាង​ព្រៃផ្សៃ កាលពី​យប់​ថ្ងៃ​ទី​២៤ ឧសភា នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែងផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន…

រាជធានីភ្នំពេញ ៖​ មន្ត្រី​នគរបាល​ជាតិ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​ទៅ​៥​នាក់ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​ម្នាក់​វាយដំ​យ៉ាង​ព្រៃផ្សៃ កាលពី​យប់​ថ្ងៃ​ទី​២៤ ឧសភា នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែងផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃចាប់ខ្លួន ​និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២៦ ឧសភា ក្រោម​ការ​ចោទ​ប្រកាន់​​ពី​បទ​ហិង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ តំណាង​អយ្យការ​បាន​ធ្វើការ​សាកសួរ​មន្ត្រី​នគរ​បាល​​រូប​នោះ​ពីរ​ថ្ងៃ​មក​ហើយ នៅ​មិន​ទាន់​ចប់​ទេ ដោយសារ​តែ​ការ​សាកសួរ​នោះ​ បាន​រក​ឃើញ​បទល្មើស​ថ្មី​ជា​​ច្រើន​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​លើ​សំណុំរឿង​ដើរ​វ៉ៃ​គេឯង ដោយ​តាំងខ្លួន​ជា​ប៉ូលិស ​និង​ធ្វើ​ការងារ​ខុស​តួ​នាទី​របស់​ខ្លួន ។

មន្ត្រី​នគរបាល​រូប​នោះ​ មានឈ្មោះ សុ​ន ពិសាល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ឋានន្តរស័ក្តិ​ជា​ព្រិ​ន្ទ​បាល​ឯក និង​មាន​តួនាទី​ ជា​នាយ​រង​ផ្នែក​បន្ទប់ពិសោធន៍​នៅ​នាយកដ្ឋាន​នគរបាល​ប​ច្ចេស​ទេស​និង​វិទ្យាសាស្ត្រ មាន​អា​ស័​យ​ដ្នា​ន​ស្នាក់​នៅផ្ទះ​លេខ​២៦៣​បេ ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។ ភាគី​ដែល​ថា​ជា​ជន​រង​គ្រោះ​ឈ្មោះ អឹ​ុ​ម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៨៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លោង ខណ្ឌ​សែន​សុខ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៨​យប់​ថ្ងៃ​ទី​២៤ ឧសភា មានការ​ភ្ញាក់ផ្អើល​នៅ​មុខ​ហាង​ស៊ុប​ចង្កាក់ ផ្លូវ​លេខ​១០៥ កែង​និង​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​៣​នោះ ដោយ​មាន​សមត្ថកិច្ច​មួយ​ក្រុម​ពី​៤​ទៅ​៦​នាក់ មាន​ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរ​បាន​ជាតិ និង​ខ្លះ​សុ​ី​វិល​បាន​ចាប់​ដាក់​ខ្នោះ​យុវជន​ម្នាក់ និង​វាយដំ​យ៉ាង​សាហាវ​នៅ​មុខ​ប្រជាជន​រាប់​សិប​នាក់​ផ្អើល​ចោមរោម​មើល ដោយ​មិន​ទាន់​បានដឹង​មូលហេតុ​អ្វី​ច្បាស់លាស់​នៅឡើយ​នោះ ។ បន្ទាប់​មក​សមត្ថកិច្ច​មួយ​ក្រុម​នោះ បាន​ចាប់​ក្រៀក​ជន​រង​គ្រោះ​អូស​ចូល​ម៉ូតូ​កង់​បី​ឥណ្ឌា​នាំ​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ទាំង​យប់ ។

ក្រោយ​ពេល​ដឹក​យុវជន​រូប​នោះ​ទៅ​ដល់​ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ​ហើយ មន្ត្រី​នគរបាល​មួយ​ក្រុម​នោះ​ទំនង​មើលទៅ​ស្ថានភាព​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក និង​ខ្លាច​ជន​រង​គ្រោះ​បាត់បង់​អាយុជីវិត ពួក​គេ​ក៏​បាន​ជម្លៀស​ខ្លួន​ម្នាក់​ម្តង​ៗ​គេច​បាត់​អស់​ទៅ​បន្សល់​ទុក​នៅ​យុវជន​នោះ​ដែល​ដៃ​ជាប់​ខ្នោះ​ដង្ហើមចង្រិត ឈាម​​ហូរ​សស្រាក់​នៅ​លើ​មូ​៉​តូ​កង់​៣​ឥណ្ឌា​ជាមួយ​ម្ចាស់​មូ​៉​តូ ប្រៀប​ដូច​ដឹក​យុវជន​នោះ​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​ដែរ ។ ពេល​នោះ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ វ​ត្តី អាយុ​២៨​ឆ្នាំ អះអាង​ថា ជា​បងស្រី​បង្កើត​របស់​យុវជន​រង​គ្រោះ​បាន​ទៅ​ដល់ និង​បាន​នាំ​ប្អូនប្រុស​ទាំង​ដៃ​ជាប់​ខ្នោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯកជន​បាយ័ន​ក្បាលថ្នល់ ហើយ​បន្តិច​ក្រោយមក​ក៏​បាន​ដឹក​ចេញ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

សូម​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ វ​ត្តី ជា​បងស្រី​និង​ស្វាមី​ឱ្យ​ដឹង​ថា បានជា​ពួក​គាត់​មក​ដល់​ក្រោយ​ហេតុការណ៍​នេះ គឺ​បន្ទាប់​ពី​បាន​ទទួល​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ប្អូនប្រុស​របស់​នាង​ត្រូវ​បាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល និង​ម្នាក់​ពាក់​ឯកសណ្ឋាន​ប៉ូលិស​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ ព្រួត​គ្នា​វាយ​ប្អូនប្រុស​របស់​នាង ខណៈ​បាន​រត់​ចូល​ទៅ​ក្នុង​ហាង​មួយ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​គេ​ជួយ​ក៏​ត្រូវ​សមត្ថកិច្ច​ទាំងនោះ​ចូល​ទៅ​ចាប់​ដល់​ក្នុង​ហាង​រួច​វាយដំ​យ៉ាង​ព្រៃផ្សៃ ។

ភ្លាម​ៗ​នាង​និង​ស្វាមី​បាន​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​មិនឃើញ​ប្អូនប្រុស​នោះ​ទេ ដោយ​គេ​ប្រាប់​ថា សមត្ថកិច្ច​បាន​នាំ​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កេងកង​ទី​៣​បាត់​ហើយ ភ្លាម​នោះ​នាង​និង​ស្វាមី ក៏​បាន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កេងកង​ទី​៣​ដែរ តែ​សមត្ថកិច្ច​ប៉ុស្តិ៍​នៅ​ទីនោះ​បាន​ប្រាប់​រឿង​នេះ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ខាង​ប៉ុស្តិ៍​អត់​ដឹង​ទេ ។ គ្រាន់តែ​នគរបាល​ប៉ុស្តិ៍​ប្រាប់​ដូច្នោះ​ភ្លាម​នាង និង​ស្វាមី​ប្រញាប់ប្រញាល់​ជិះ​ម៉ូតូ​ទៅ​ដល់​ក្រសួងមហាផ្ទៃ ប៉ុន្តែ​ពេល​ទៅ​ដល់​ឃើញ​តែ​ប្អូនប្រុស​របស់​នាង​ប៉ុណ្ណោះ កំពុង​ដេក​ហូរ​ឈាម​នៅ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ឯង តែ​មិនឃើញ​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​ប្អូនប្រុស​របស់​នាង​នោះ​ទេ ។ ខណៈនោះ​រូប​នាង និង​ស្វាមី​បាន​នាំ​ប្អូនប្រុស​មក​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ព្យាបាល​បាយ័ន​ដែល​នៅ​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ។ សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ក្នុង​ពេល​មានការ​វាយ​ទាត់​ធាក់​ក្រពុលមុខ​នេះ បើ​កុំ​តែ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ​ឃាត់ កុំ​អី​ប្រហែលជា​សមត្ថកិច្ច​ទាំងនោះ​វាយ​យុវជន​រូប​នោះ​ស្លាប់​បាត់​ទៅ​ហើយ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​រង​របួសធ្ងន់​ត្រង់​ចិញ្ចើម​ខាងស្តាំ និង​ដៃ​មាន​ជាប់​ខ្នោះ​នៅឡើយ​ពេល​នាំ​មក​ដល់​មន្ទីរពេទ្យ ។ បន្ទាប់​ពី​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​រួច ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ​បាន​អំពាវនាវ​ដល់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សុំ​ជួយ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផង ព្រោះ​ក្រុម​សមត្ថកិច្ច​ទាំង​នោះ វាយ​ជន​រង​គ្រោះ​រួច​យក​ទៅ​ដាក់​ក្នុង​ក្រសួងមហាផ្ទៃ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​បន្តិច​ណា​សោះ ។ ពិសេស​សូម​ជួយ​ស្វែង​រកមុខ​សមត្ថកិច្ច​ទាំងនោះ​យក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ផង កុំឱ្យ​អាង​ខ្លួន​មាន​អំណាច​បុណ្យ​ស័​ក្កិ​ចង់វាយ​ធ្វើបាប​ប្រជាជន​តូចតាច​ស្រេច​តែ​អំពើ​ចិត្ត​បែប​នោះ ។

មន្ត្រី​នគរបាល​ខាងលើ​នេះ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​សាកសួរ ប៉ុន្តែ​បើ​ទោះជា​យ៉ាងណា​ក្តី មន្ត្រី​នគរបាល​រូប​នោះ ​ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ​ទេ ។ តាម​ការ​ស្តាប់​ចម្លើយ​ពី​មន្ត្រី​នគរបាល​ម្នាក់​នោះ​បាន​ឆ្លើយ​នៅ​មុខ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក៏​ដូច​នៅ​ដំណាក់កាល​តំណាង​អយ្យការ កាលពី​ថ្ងៃ​ទី​២២ ឧសភា បាន​និយាយ​ថា ឈ្មោះ ធា បាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ប៊ីត​ពណ៌​ខៀវ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ផេង យុ​ត្ថា​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំទៅ​ដាក់បញ្ចាំ ។ លុះ​ថ្ងៃ​ទី​២៣ ឧសភា ឈ្មោះ ផេង យុ​ត្ថា​ណា បាន​ពឹងពាក់​ឈ្មោះ ធា ឱ្យ​ដើរ​ជួយ​រក ទើប​ឈ្មោះ ធា បាន​ណាត់​ឈ្មោះ ញ៉ា (​អឹ​ុ​ម បញ្ញា​) ជួប​នៅ​ក្រោយ​សាលា​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ពេល​នោះ​ឈ្មោះ បញ្ញា បាន​សន្យា​ថា​នាំ​ទៅ​រក​ឈ្មោះ ធា តែ​រក​មិនឃើញ ។ ដូច្នោះ​ហើយ​បានជា​ខ្លួន (​សុ​ន ពិសាល​) និង​បក្សពួក​១​ក្រុម​បាន​ទាក់ទង​ទៅ​មេ​ខាងលើ ក៏​មាន​បញ្ជា​ឱ្យ​នាំ​ឈ្មោះ បញ្ញា យក​ទៅ​ក្រសួង​ដើម្បី​សាកសួរ​បន្ត​ទៀត ប៉ុន្តែ​នៅ​ពេល​ក្រុម​គេ​(​សមត្ថកិច្ច​)​ដឹក​ឈ្មោះ បញ្ញា ដល់​ចំណុច​កើតហេតុ គាត់​បាន​លោត​ចុះ​ពីលើ​ម៉ូតូ ហើយ​រត់​ចូល​ហាង​ស៊ុប​ចង្កាក់ ក៏​ត្រូវ​ក្រុម​សមត្ថកិច្ច​តាម​ចាប់​មក​វិញ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​មានរឿង​ដូច្នេះ​តែ​ម្តង ។

អ្នក​តាមដាន​បាន​និយាយ​ថា នគរបាល​រូប​នេះ​បាន​ធ្វើ​ហួស​ពី​តួនាទី​ដែល​ខ្លួន​ជា​ប៉ូលិស​ពិនិត្យ​«​ខ្មោច​»​ហើយ បែរជា​មក​ស្រាវជ្រាវ​សំណុំរឿង​បញ្ចាំ​ម៉ូតូ​ទៅ​វិញ ។ ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ​បាន​ស្វែងរក​យុត្តិធម៌​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​បាន​បង្ហោះ​ចូល​ផេ​ក​សម្តេច​ដោយ​មាន​ខ្លឹមសារ​ថា Honey Tey (​វ​ត្តី​) សូម​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នាង​ខ្ញុំ​និង​ក្រុម​គ្រួសារ​មានទុក្ខ​ជា​ទម្ងន់​ដោយ​ប្អូនប្រុស​នាង​ខ្ញុំ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ឈ្មោះ សុ​ន ពិសាល និង​បក្សពួក​រួម​ទាំង​មន្ត្រី​ប៉ុស្តិ៍​បឹង​កេងកង​៣​បាន​វាយ​ធ្វើបាប​ប្អូន​នាង​ខ្ញុំ យ៉ាងធ្ងន់ធ្ងរ​ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់លាស់​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែលជា​៧​ជាង​វេលា​ល្ងាច​នៅ​ចំណុច​ផ្លូវ​៣៦០ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សម្តេច​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ផង ដើម្បី​កុំឱ្យ​មាន​មន្ត្រី​ខិលខូច​ដើរ​បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម​បែប​នេះ ព្រោះ​ឋិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​គឺ​មាន​សន្តិភាព ជា​ចុង​ក្រោយ​នាង​សូម​ជូនពរ​សម្តេច​ឱ្យ​មាន​សុខភាព​ល្អ អាយុ​វែង​និង​នៅ​តែ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​សុខ​សន្តិភាព សូម​អរគុណ ៕​

អត្ថបទសរសេរ ដោយ