ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​​ម៉ាស៊ីន​​កិន​ស្រូវ​បង្ហូរ​ទឹក​កខ្វក់​​​ចូល​ទីសាធារណៈ​បំពុល​បរិស្ថាន

13 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​​ ៖ ប្រជាពលរដ្ឋ​​ពិសេស​មន្ត្រី​​កងរាជអាវុធ​ហត្ថ​​ផ្ទាល់​​តែម្តង​ដែល​ប្រើ​ទឹក​បឹង​ ត្រពាំង​ ប្រឡាយ​ ​ក្នុងភូមិ​អូរស្តៅ​ សង្កាត់​​ផ្ទះ​​ព្រៃ​​ ក្រុង​ពោធិ៍សាត់​ ជាប់​ទីបញ្ជាការ​​កងរាជ​អាវុធ​​ហត្ថ​​ខេត្ត​ បាន​សម្តែង​ការខឹងសម្បា​​យ៉ាង​ខ្លាំង​ចំពោះ​​ម្ចាស់​​រោង​​ម៉ាស៊ីន​​កិន​ស្រូវ​​​ឈ្មោះ​ម៉េង ដែល​បាន​បង្ហូរទឹក​កខ្វក់​​ កាក​សំណល់​ផ្សេងៗ​ពីរោង​ម៉ាស៊ីន​​ចូល​មក​ក្នុង​​បឹង ​​ត្រពាំង​​​និង​​ប្រឡាយ​​​នោះ​​ ធ្វើ​ឱ្យ​​ទឹក​ថ្លា​​ក្លាយ​​ជាខ្មៅ​​​និង​ស្អុយ​ប្រើ​លែង​កើត ។

ខេត្តពោធិ៍សាត់​​ ៖ ប្រជាពលរដ្ឋ​​ពិសេស​មន្ត្រី​​កងរាជអាវុធ​ហត្ថ​​ផ្ទាល់​​តែម្តង​ដែល​ប្រើ​ទឹក​បឹង​ ត្រពាំង​ ប្រឡាយ​ ​ក្នុងភូមិ​អូរស្តៅ​ សង្កាត់​​ផ្ទះ​​ព្រៃ​​ ក្រុង​ពោធិ៍សាត់​ ជាប់​ទីបញ្ជាការ​​កងរាជ​អាវុធ​​ហត្ថ​​ខេត្ត​ បាន​សម្តែង​ការខឹងសម្បា​​យ៉ាង​ខ្លាំង​ចំពោះ​​ម្ចាស់​​រោង​​ម៉ាស៊ីន​​កិន​ស្រូវ​​​ឈ្មោះ​ម៉េង ដែល​បាន​បង្ហូរទឹក​កខ្វក់​​ កាក​សំណល់​ផ្សេងៗ​ពីរោង​ម៉ាស៊ីន​​ចូល​មក​ក្នុង​​បឹង ​​ត្រពាំង​​​និង​​ប្រឡាយ​​​នោះ​​ ធ្វើ​ឱ្យ​​ទឹក​ថ្លា​​ក្លាយ​​ជាខ្មៅ​​​និង​ស្អុយ​ប្រើ​លែង​កើត ។​

លោក​ឧត្តម​​សេនីយ៍​ត្រីអន សុខុន មេបញ្ជា​ការ​​​កងរាជ​អាវុធ​ហត្ថ​​ខេត្តបាន​ឱ្យ​ដឹងថា កន្លង​មក​ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​​ដែល​ស្នាក់​​នៅក្នុង​ទី​បញ្ជាការ​​ប្រើ​ប្រាស់​​​ទឹក​បឹង ​ត្រពាំង ​និង​ប្រឡាយ​នោះ​សម្រាប់​​ងូត លាង​រថយន្ត​-ម៉ូតូ និង​ស្រោច​​​ដំណាំ​ផ្សេងៗ ​​កាត់​បន្ថយ​ការ​ចំណាយ​​ថវិកា​​បានមួយ​កំរិត ។ ប៉ុន្តែ​​ឥឡូវ​នេះ​រោង​ម៉ាស៊ីន​​កិន​ស្រូវ​ក្បែរ​នោះ​​គេ​បាន​​បង្ហូរ​​ទឹក​ប្រេង​ម៉ាស៊ីន និង​កាក​សំណល់​ចូល​បណ្តាល​​ឱ្យ​ខ្មៅ​​កខ្វក់​​ និង​មាន​ក្លិន​​ស្អុយ​សូម្បី​​តែគោ​-​ក្របី​​​ក៏ផឹក​មិន​កើតដែរ ​មិនតែប៉ុណ្ណោះ​​បំពុល​ដល់​បរិស្ថាន​ ងាប់​ត្រី​​និង​ជីវចំរុះ​​ក្នុង​បឹង​នោះទៀតផង ។ 

លោក​មេបញ្ជាការ​បន្ត​​ទៀតថា ម្យ៉ាង​​វិញ​ទៀត ពេល​​មាន​ភ្ញៀវ​ ថ្នាក់​ដឹកនាំ​ឆ្លង​កាត់​​ខេត្ត​ចូល​មក​អង្គុយ​លេង​ឬកំពុង​ហូប​បាយ​​ ស្រប​ពេល​ដែល​រោង​ម៉ាស៊ីន​កំពុង​ដំណើរ​ការ​កិន​ស្រូវ​នោះ​គឺ​ជួបបញ្ហា​​ពីរ ទី១-​ក្លិនស្អុយ​ជះមក​លើ​ ទី២-​​កម្ទេច​​ធូលី​អង្កាម​រសាត់​តាម​ខ្យល់​​មក​ចូល​ម្ហូប​អាហារ​ ជាប់​សក់​ក្បាល​​​និង​ខោ​​អាវស​សំព្រុស ​​​ហើយ​​លំបាក​ដល់​ការ​ដក​ដង្ហើមទៀត​​ផង។ ​លោក​អន សុខុន មាន​ប្រសាសន៍​ថា ម្ចាស់​រោង​ម៉ាស៊ីន​​គួរតែ​​មាន​កន្លែង​​ស្តុកកាក​​សំណល់​​​ក្នុងដី​របស់​ខ្លួន មិន​ត្រូវ​បង្ហូរ​ពាសវាលពាស​កាល​​ចូល​បឹង​ ត្រពាំង​​ និង​ប្រឡាយ​សាធារណៈ​​បែប​នេះ​ទេ​។ ​កន្លង​មក​ លោក​ធ្លាប់​ប្រាប់​ទៅ​មន្ទីរ​​ជំនាញ​​បរិស្ថាន​ប៉ុន្មាន​ដង​ដែរ ប៉ុន្តែ​គេគ្រាន់​តែ​​មក​ពិនិត្យ​​មើល​​ក៏ទៅវិញ​បាត់​មិន​ឃើញ​ចាត់​ការអ្វីសោះ រហូត​មក​ដល់​ពេល​នេះ ។​

លោក​​ថៃ ចន្ថា ប្រធាន​​មន្ទីរ​បរិស្ថាន​​ខេត្ត​បាន​ប្រាប់​កោះ​សន្តិភាព​​ថា រឿង​រោង​ម៉ាស៊ីន​​កិន​ស្រូវ​បង្ហូរ​ទឹក​កខ្វក់​​ចូល​ទីសាធារណៈ​នៅ​ភូមិ​​អូរ​ស្តៅ​នោះ ​យើង​បាន​​ចុះទៅ​ពិនិត្យ​​​មើល​ម្តង​ហើយ​ ព្រមទាំង​​បាន​ធ្វើ​​កិច្ច​សន្យា​ឱ្យ​ម្ចាស់​​រោង​ម៉ាស៊ីន​​បញ្ឈប់​ការ​បង្ហូរ​ទឹក​កខ្វក់​​ចូល​ទីសាធារណៈជា​បន្ទាន់​ ព្រោះ​វាប៉ះពាល់​ដល់​បរិស្ថាន​ ។ ​កាល​នោះ​ ម្ចាស់​រោង​ម៉ាស៊ីន​បាន​យល់​ព្រម​ផ្តិត​មេដៃ​​តាម​កិច្ច​សន្យា​ ឯមន្ត្រី​របស់​លោក​​ក៏​មិន​បាន​តាម​​ដាន​សកម្មភាព​​​រោង​ម៉ាស៊ីន​​កិន​ស្រូវ​នោះដែរ​ ។ ក្រោយ​មក ​លោក​បាន​សួរ​ទៅ​លោក​អន សុខុន ​គាត់​ប្រាប់​ថា អន់​ថយ​ជាង​មុន​ច្រើន​ លោក​ក៏ឈប់​ឱ្យ​មន្ត្រី​ទៅ​មើល​ទៀត​ព្រោះ​នឹក​ស្មាន​​ថា​ម្ចាស់​​​រោង​ម៉ាស៊ីន​ធ្វើ​តាម​​កិច្ច​សន្យា ។

បើតាម​ការ​សាក​សួរ​ម្ចាស់​​រោង​ម៉ាស៊ីន​ឱ្យ​ដឹងថា ទឹក​ខ្មៅ​កខ្វក់​​នោះ​មិន​មែនជា​ប្រេង​ម៉ាស៊ីន​​ទេគឺទឹក​ដុត​អង្កាម​​បាញ់​ចំហាយ​ទឹក​កុំ​ឱ្យ​​ម្រែង​ភ្លើង​​ហុយទៅ​លើ  ដូច្នេះ​វា​ត្រូវ​​ធ្លាក់​​កម្ទេច​ផេះ​ហូរធ្លាក់​តាម​បំពង់​​សឺម៉ាំង​​ទើប​​ខ្មៅ​បែបនេះ​​។ លោក​ថៃ​ ចន្ថា​ បញ្ជាក់​​ថា បើ​ពេល​​នេះ​​ម្ចាស់​​រោង​​ម៉ាស៊ីន​បង្ហូរ​ទឹក​កខ្វក់​​នោះ​​ចូល​បឹង ​ត្រពាំង​​និង​ប្រឡាយ​ដែល​ជាទីសាធារណៈ​ឡើងវិញ​ លោក​នឹង​បញ្ជូន​​​មន្ត្រី​ជំនាញ​ទៅពិនិត្យ​មើល​ម្តងទៀត​ ហើយ​បើណែនាំ​ពីរលើក​បីលើក​មិន​កែប្រែ​ទេ លោក​នឹងសុំ​​គោល​​ការណ៍​​ទៅ​ក្រសួង​ឱ្យ​បញ្ឈប់​រោង​ម៉ាស៊ីន​​កិន​ស្រូវ​នោះ​លែង​ឱ្យ​ដំណើរ​ការ​តែម្តង ។​ ប្រភព​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ​​ឱ្យ​ដឹងថា ម្ចាស់​​​​រោង​​ម៉ាស៊ីន​​កិន​ស្រូវ​ឈ្មោះ​ម៉េង នោះ ជាគ្រូ​បង្រៀន​​​ ជាអ្នក​មាន​ចំណេះដឹង​ គេឯង​គោរព​​គ្រប់គ្នា​ ហេតុអ្វីបានជា​ធ្វើ​​ខ្វះការគិត​ពិចារណា​​ គិតតែ​ប្រយោជន៍​​ផ្ទាល់​ខ្លួន ​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​បរិស្ថាន​ដែល​ជាទីសាធារណៈ​បែបនេះ ៕