ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​មនុស្ស​៨​បន្ថែម​ជា​សាក្សី​បំភ្លឺ​ក្នុង​សំណុំរឿង​បទ​ចោទ​លោក​កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ដីកាកោះ​របស់​លោក​គី ឫ​ទ្ធី​ចៅក្រម ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ដែល​កាន់​សំណុំរឿង​លោក​កឹ​ម សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​ដីកាកោះ​សាក្សី​ចំនួន​៨​នាក់​ទៀត ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ដីកាកោះ​របស់​លោក​គី ឫ​ទ្ធី​ចៅក្រម ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ដែល​កាន់​សំណុំរឿង​លោក​កឹ​ម សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​ដីកាកោះ​សាក្សី​ចំនួន​៨​នាក់​ទៀត ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ថ្ងៃ​ទី​០៥ ដល់​១៣ ខែមិថុនា ២០១៨ ក្នុង​សំណុំរឿង​លោក​កឹ​ម សុខា​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​«​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​»​ឬ​ក្បត់ជាតិ​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។

សាក្សី​ទាំងនោះ​មាន​១- លោកប៉ា ង៉ួ​ន​ទៀង​អាយុ​៤៦​ឆ្នាំ ២- លោក គ្រី សុង អាយុ​៤៩​ឆ្នាំ ៣ -​លោក​ហេង ពិសិដ្ឋ អាយុ​២៦​ឆ្នាំ ៤- អ្នកស្រី ចក់ សុភាព អាយុ​៣៣​ឆ្នាំ ៥- លោក មាស គឹ​ម សេង អាយុ​៤៨​ឆ្នាំ ៦- លោក​កែវ រតនា អាយុ​៣១​ឆ្នាំ ៧ -​លោក​អឿ រី​រ៉ាត់ អាយុ​២៨​ឆ្នាំ និង​៨-​លោក សៀ ភី​រម្យ អាយុ​៤៣​ឆ្នាំ ។

សាក្សី​ទាំងនេះ​ត្រូវ​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ។ ទោះបី​យ៉ាងណា​សាក្សី​មួយ​ចំនួន​ត្រូវ​បាន​គេ​អះអាង​ថា មិន​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​ពេល​លោក​កឹ​ម សុខា​ត្រូវ​បាន​ចាប់ខ្លួន ។

ក្នុង​នោះ​គេ​ដឹង​ថា លោកប៉ា ង៉ួ​ន​ទៀង អាយុ​៤៦​ឆ្នាំ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​តុលាការ​ធ្លាប់​បាន​កោះ​លោក​ម៉​ម សូណ​ង់​ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ​ចូល​បំភ្លឺ​ជា​សាក្សី​ដែរ ក្នុង​សំណុំរឿង​នេះ ។ តែ​លោក​បាន​បដិសេធ និង​បាន​ចាកចេញ​ទៅ​ប្រទេស​បាំង ។

លោក ឈឹ​ម ផល​វរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា និង​ជា​អតីត​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ក​ម្ពុជា​ធ្លាប់​បាន​ចូល​បំភ្លឺ​រួច​ហើយ ។

គួរ​រំលឹក​ថា លោក​កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ២០១៧​ក្នុងផ្ទះ​របស់​លោក សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ក្រោម​បទ​ចោទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ឬ​ក្បត់ជាតិ ។ បន្ទាប់​ពី​ខ្សែអាត់​សម្លេង​ក្នុង​វី​ដេ​អូ​ត្រូវ​បាន​គេ​បង្ហោះ​ភ្លាម​ដែល​លោក​បាន​និយាយ​នៅ​បរទេស​កំឡុង​ឆ្នាំ​២០១៣ ៕

កែសម្រួលដោយ