ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​នៅ​ព្រៃវែង​កំពុង​ប្រឈម​បញ្ហា​ធំ​ៗ២​ត្រួត​គ្នា​… ​ម្នាក់​ៗ​បារម្ភ​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​នៅ​ភូមិ​ឯក​ក្រាម សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បាន​ត្អូញត្អែ​រ​ថា ពេល​នេះ​ពួក​គាត់​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ធំ​ៗ​ចំនួន​២ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​ពួក​គាត់ នោះ​គឺ​ពពួកសត្វ​កណ្តុរ​ចេញ​ស៊ី​បំផ្លាញ​ស្រូវ និង​ក្រុម​ចោរ​ដើរ​លួច​អង្គុប​ដែល​ពួក​គាត់​ដាក់​ចាប់​កណ្តុរ​នៅ​តាម​ស្រែ​។…

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​នៅ​ភូមិ​ឯក​ក្រាម សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បាន​ត្អូញត្អែ​រ​ថា ពេល​នេះ​ពួក​គាត់​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ធំ​ៗ​ចំនួន​២ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​ពួក​គាត់ នោះ​គឺ​ពពួកសត្វ​កណ្តុរ​ចេញ​ស៊ី​បំផ្លាញ​ស្រូវ និង​ក្រុម​ចោរ​ដើរ​លួច​អង្គុប​ដែល​ពួក​គាត់​ដាក់​ចាប់​កណ្តុរ​នៅ​តាម​ស្រែ​។

ប្រជា​កសិករ​ឱ្យ​ដឹង​ថា ពួក​គាត់​ធ្វើស្រែ​ក្នុង​១​ឆ្នាំ​បាន​២​ដង គឺ​ស្រូវ​វស្សា​ម្តង និង​ស្រូវប្រាំង​ម្តង ហើយ​ការ​ធ្វើ​ស្រូវ​វស្សា គឺ​ពុំ​មាន​បញ្ហា​រឿង​សត្វ​កណ្តុរ​នោះ​ទេ ប៉ុន្តែ​ពេល​ចូល​ដល់​ស្រូវ​ប្រាំង​វិញ ស្រាប់តែ​មាន​សត្វ​កណ្តុរ​ជា​ច្រើន​ស្កេ​ក​ស្កះ ពួក​វា​ធ្វើ​រន្ធ​នៅ​ក្នុង​ស្រែ តាម​ភ្លឺស្រែ និង​តាម​ទួល​ដំបូក​បង្កើត​កូនចៅ​ពាស់​វាល​ពាស់​កាល និង​ស៊ី​បំផ្លាញ​ស្រូវ​នៅ​ក្នុង​ស្រែ​ទាំង​យប់ ទាំង​ថ្ងៃ​ខូច​ស្ទើរ​គ្មាន​សល់​។ ដោយ​មាន​សត្វ​កណ្តុរ​ច្រើន​ពេក ពួក​គាត់​ក៏​នាំ​គ្នា​ទិញ​អង្គុប​យក​មក​ដាក់​ចាប់​កណ្តុរ និង​ចាប់​បាន​ក្នុង​១​យប់​ៗ​ពី​១០០​ទៅ​២០០​គីឡូ​​ក្រាម​ឯណោះ ហើយ​នៅ​តែ​មិន​ទាន់​អស់​កណ្តុរ​ទៀត ប៉ុន្តែ​អ្វី​ដែល​រឹតតែ​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ថ្មី​ៗ​នេះ​ស្រាប់តែ​មាន​ក្រុម​ចោរ​ចេញ​ដើរ​លួច​អង្គុបកណ្តុរ​អស់​ទៀត ធ្វើ​ឱ្យ​ប្រជា​កសិករ​ម្នាក់​ៗ​ឈឺក្បាល​វិលមុខ​ខ្លាំង​ណាស់​។

ប្រជា​កសិករ​ទាំងអស់​បន្ត​ថា ស្រែ​ពួក​គាត់​ពី​មុន​ធ្លាប់​ច្រូតស្រូវ​បាន​ផល​ជាង​១៣០​ទៃ ពេល​​នេះ​ធ្លាក់​សល់​ត្រឹម​៦៥​ទៃ ស្រែ​ខ្លះ​មួយ​ហិ​កតា​ធ្លាប់​ច្រូត​៦​តោន ពេល​នេះ​នៅ​សល់​ត្រឹមតែ​៤​តោន​ទៅ​៥​តោន​ប៉ុណ្ណោះ ព្រោះតែ​សត្វ​កណ្តុរ​ស៊ី​បំផ្លាញ​ខូច​អស់​ច្រើន ហើយ​ពេល​នេះ​មិនដឹង​ត្រូវ​ទប់ស្កាត់​បែប​ណា​ទេ បើ​ដើរ​ជីក​រន្ធ​ចាប់​វា ធ្វើ​ឱ្យ​ខូច​ភ្លឺស្រែ​អស់ ប៉ះ​ចំ​ទួល​ដំបូក​អ្នកតា​ក៏​មិន​បាន ហើយ​មក​ដាក់​អង្គុប​ចាប់​ក៏​ត្រូវ​លោក​ចោរលួច​អស់​ទៀត មិនដឹង​ត្រូវធ្វើ​បែប​ណា​ទៀត​ទេ​។

ចំពោះ​រឿង​ចោរលួច​អង្គុប​ដាក់​កណ្តុរ​នេះ ត្រូវ​បាន​លោក​អធិការ​នគរបាល​ក្រុង​ព្រៃវែង​បញ្ជាក់​ប្រាប់​ថា ករណី​នេះ​លោក​បាន​ទទួល​ព័ត៌មាន​ហើយ និង​កំពុង​ចុះ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ចោរ​ដែល​លួច​អង្គុប​ទាំងនោះ ហើយ​លោក​ក៏​សំណូមពរ​សុំ​ឱ្យ​ខាង​ប្រជា​កសិ​ករ​ជួយ​សហការ​ផង ដោយ​ប្រាប់​ពី​ទីតាំង​ដែល​ដាក់​ឱ្យ​ច្បាស់ ងាយស្រួល​លោក​ដាក់​កម្លាំង​តាម​ឃ្លាំមើល និង​ចាំ​ចាប់​ក្រុម​ចោរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ