ខេត្តប៉ៃលិន ៖ មន្ត្រីសមត្ថកិច្ចឧទ្យានុរក្ស១ក្រុមមានគ្នា៥នាក់ បានចុះដើរល្បាត ដើម្បីការពារព្រៃឈើក្នុងតំបន់អភិរក្សដែលនៅសល់តិចតួច ស្រាប់តែប្រទះឃើញប្រជាពលរដ្ឋកំពុងច្រៀកឈើ បានជាច្រើនកំណាត់ និងឈើធ្នង់ចំនួន៦ដុំ ដែលពួកគេបានធ្វើសកម្មភាពនាំគ្នាចូលទៅលួចកាត់ នៅក្នុងដែនតំបន់ហាមឃាត់ ។
បន្ទាប់ពីយកឈើទាំងនោះទៅរក្សាទុកនៅក្នុងស្នាក់ការ ស្រាប់តែប្រជាពលរដ្ឋបានលើកគ្នាប្រហែល៤០ទៅ៥០នាក់ ដោយអ្នកខ្លះកាន់កាំបិត ខ្លះពូថៅ និងដំបងចូលទៅរំដោះយកឈើត្រឡប់ទៅផ្ទះវិញ ។
ចំណែកអ្នកខ្លះ ចង់យកដំបងវាយ និងកាប់ទៅលើមន្ត្រីឧទ្យានុរក្ស ដោយស្រែកថា «រស់នៅក្នុងព្រៃ បើមិនកាប់ឈើបានអីស៊ី» ។
ហេតុការណ៍មន្ត្រីឧទ្យានុរក្សចុះល្បាតព្រៃរកឃើញឈើប្រជាពលរដ្ឋលួចកាប់ និងអារនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ។ ចំណែកប្រជាពលរដ្ឋលើកគ្នាទៅរំដោះយកឈើត្រឡប់ទៅផ្ទះខ្លួនវិញបានកើតឡើងកាលពីវេលាម៉ោង៦ និង៥៥នាទីល្ងាចថ្ងៃដដែល ស្ថិតនៅចំណុចស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សចំនួន៥នាក់ ដឹកនាំដោយលោក ចាន់ សុជាតិ មន្ត្រីប្រចាំការនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតប៉ៃលិន ស្រាប់តែប្រទះឃើញប្រជាពលរដ្ឋមួយចំនួនកំពុងតែនាំគ្នាយកម៉ាស៊ីនត្រង់ស៊ីន័រ ទៅច្រៀកឈើដែលខ្លួនបានលួចកាត់នៅក្នុងដែនអភិរក្ស ក្នុងនោះមានបន្ទះក្តារជាច្រើនសន្លឹក និងឈើធ្នង់ចំនួន៦ដុំ ។
លោកបន្តទៀតថា ពេលនោះក្រុមមន្ត្រីអភិរក្សមិនបានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋល្មើសច្បាប់ទាំងនោះទេ ដោយគ្រាន់តែយកឈើទៅរក្សាទុកនៅស្នាក់ការប៉ុណ្ណោះ ។ ស្រាប់តែរហូតដល់ល្ងាចបន្តិច ពួកគេបានទៅកេណ្ឌនាំប្រជាពលរដ្ឋក្នុងភូមិ រហូតដល់៤០ ទៅ៥០នាក់ ដើម្បីរំដោះយកឈើទាំងនោះត្រឡប់ទៅវិញ ដោយមានដៃកាន់អាវុធគ្រប់គ្នា ហើយមន្ត្រីឧទ្យានុរក្សក៏មានកាំភ្លើងគ្រប់ដៃដែរ តែមិនហ៊ានបាញ់នាំឱ្យមានបញ្ហានោះឡើយ សុខចិត្តឱ្យពួកគេយកឈើទាំងអស់ត្រឡប់ទៅផ្ទះវិញ ហើយក៏មានអ្នកខ្លះស្រែកផ្គើនសមត្ថកិច្ចផងដែរ ។
លោកបញ្ជាក់ថា ខាងលោកនឹងរៀបចំកម្លាំងមន្ត្រីបរិស្ថានបន្ថែមទៀត ដើម្បីទៅយកឈើទាំងនោះមករក្សាទុកនៅស្នាក់ការបរិស្ថាន ខេត្ត ។ ឯប្រជាពលរដ្ឋដែលល្មើសនឹងច្បាប់ ខាងលោកនឹងហៅពួកគេមកសួរនាំ ដើម្បីរៀចំសំណុំរឿងបញ្ជូនទៅថ្នាក់លើ ឱ្យចាត់ការតាមនីតិវិធី ។
មន្ត្រីឧទ្យានុរក្សបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅតំបន់ស្លេវពីមុនត្រឹមតែ៤ទៅ៥គ្រួសារប៉ុណ្ណោះ ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ពួកគេបានហៅគ្នាទៅកាប់ឆ្ការព្រៃរស់នៅកាន់តែច្រើនឡើងៗ ហើយក៏លួចកាប់ទន្ទ្រានព្រៃឈើតំបន់ហាមឃាត់កាន់តែខ្លាំងឡើងៗផងដែរ ។ ប្រភពបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីការពារព្រៃឈើមិនអាចចាំយាមឃ្លាំមើលពួកគេ២៤ម៉ោងនោះឡើយ ពេលខ្លះ ខណៈមន្ត្រីអត់បានចុះទៅល្បាតមើល ស្រាប់តែពួកគេនាំគ្នាលួចកាប់ឆ្ការព្រៃអស់ជាច្រើន ហើយពេលខាងមន្ត្រីជំនាញឃាត់ខ្លួនបែរជាពួកគេកេណ្ឌគ្នាជាច្រើន ដើម្បីរំដោះជនសង្ស័យយកទៅផ្ទះវិញ ហើយក៏រួចខ្លួនតែម្តង ។
ទោះបីជាយ៉ាងណាក៏ដោយ ខាងមន្ត្រីឧទ្យានុរក្សបានបញ្ជាក់ថា ពួកគេមានតួនាទីការពារព្រៃឈើមែន តែលំបាកក្នុងការចាត់ការទៅលើជនល្មើសដែលលួចកាប់ព្រៃ ព្រោះពួកគេអាងខ្នងនេះ ខ្នងនោះ ហើយអ្នកខ្លះទៀត អាងលុយកាក់ ទោះបីជាមានការចាប់ចង ឬយ៉ាងណា ក៏ពួកគេមិនខ្លាចញញើតនឹងច្បាប់ដែរ គឺគ្រាន់តែបង់លុយឱ្យខាងនគរបាល និងច្បាប់ទៅរួចខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ