ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួរ​ភ្នំ​ស្រស់​ត្រកាល​ធ្វើ​ឱ្យ​«​អន្លង់​ផ្ញៀវ​» ជាទី​កម្សាន្ត​ពេញ​និយម​ថ្មី​មួយ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រមណីយដ្ឋាន​អន្លង់​ផ្ញៀវ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​កែ​ច្នៃ​មួយ កំពុង​ទាក់ទាញ​អ្នកទេសចរ​ទៅ​កម្សាន្ត ។ អន្លង់​ផ្ញៀវ​មាន​សួន​កម្សាន្ត ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​នៅ​តាម​ជើងភ្នំ និង​ចង្កេះភ្នំ ពិសេស​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​ខៀវស្រងាត់​គាប់​ភ្នែក​អ្នកទេសចរ…

ខេត្តតាកែវ ៖ រមណីយដ្ឋាន​អន្លង់​ផ្ញៀវ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​កែ​ច្នៃ​មួយ កំពុង​ទាក់ទាញ​អ្នកទេសចរ​ទៅ​កម្សាន្ត ។ អន្លង់​ផ្ញៀវ​មាន​សួន​កម្សាន្ត ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​នៅ​តាម​ជើងភ្នំ និង​ចង្កេះភ្នំ ពិសេស​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​ខៀវស្រងាត់​គាប់​ភ្នែក​អ្នកទេសចរ ។ មាន​គម្រោង​សាងសង់​កន្លែង​ងូតទឹក និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​នា​ពេល​ខាង​មុខ ។

រមណីយដ្ឋាន​អន្លង់​ផ្ញៀវ​នៅ​ភូមិ​ស្រែ​ជើង​រាស្ត្រ ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្ដតាកែវ ។ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំពេញ គឺ​អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ដល់​ផ្សារ​អង្គតាសោម ចម្ងាយ​៧៧​គីឡូម៉ែត្រ រួច​បត់​ស្តាំ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​លេខ​១៣២ ប្រមាណ​៣៩​គីឡូម៉ែត្រ​ទៀត​នឹង​ដល់​កន្លែង​កម្សាន្ត​អន្លង់​ផ្ញៀវ​ហើយ ។ សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ពី​ភ្នំពេញ​ដល់​រង្វង់​មូល​ព្រះ​វិស្ណុ​អូរ​ចំបក់​ចម្ងាយ​៧៨​គីឡូម៉ែត្រ បត់​ស្តាំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២២ ចម្ងាយ​១២​គីឡូម៉ែត្រ​ដល់​អង្គតាសោម រួច​បន្តដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣២ ។

ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូ​វា​តិ​លេខ​៤ ពី​ភ្នំពេញ​ទៅ​ដល់​ថ្នល់ទទឹង​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​លេខ​ជាតិ​៤១ ឆ្ពោះទៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រហូត​ដល់​ផ្សារ​ត្រពាំង​អណ្តើក ស្ថិត​ក្នុងស្រុក​ត្រាំកក់ ចាប់ពី​ផ្សារ​នេះ​ទៅ​ដល់​រមណីយដ្ឋាន​អន្លង់​ផ្ញៀវ​មាន​ចម្ងាយ​ផ្លូវ​២១​គីឡូម៉ែត្រ​ទៀត ។

អ្នកទេសចរ​ទៅ​ដល់​អន្លង់​ភ្ញៀវ​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ សប្បាយ​រីករាយ ដោយ​ការ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​គាប់​ភ្នែក​គយគន់​ជួរ​ភ្នំ​វែង រំលេច​ដោយ​កូនភ្នំ តូច​ៗ​ជាប់​គ្នា ។ មិនតែប៉ុណ្ណោះ​រុក្ខជាតិ​រំលេច​ពីលើ​ភ្នំ និង​នៅ​ជើងភ្នំ​ពណ៌​ខៀវស្រងាត់ ។ ក្រៅពី​ឈើ​ធម្មជាតិ​មាន​ចម្ការ​ម្រេច​លាតសន្ធឹង​ល្វឹងល្វើយ​ទៀត​ផង ។
អន្លង់​ផ្ញៀវ​ជារ​ម្មណី​យ​ដ្ឋា​ន​ថ្មី ដូច្នេះ អ្វី​ៗ​មិន​ទាន់​រួចរាល់​នៅឡើយ ដោយនៅ​មានការ​រចនា​លំអ និង​កសាង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត ។ ទោះជា​យ៉ាងណា​ក្តី​ទីឋាន​ធម្មជាតិ​នោះ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​អ្នកទេសចរ​ទៅ​កម្សាន្ត​មិន​ដាច់ ។ ជា​ពិសេស កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លង​មកនេះ​អ្នកទេសចរ​ច្រើន​កុះករ​ទៅ​កម្សាន្ត ។
លោក​សំ សាន អ្នកទេសចរ​ពី​រាជធានី​ភ្នំពេញ​ដែល​នាំ​ភរិយា និង កូន​ៗ​ទៅ​កម្សាន្ត​នៅ​អន្លង់​ផ្ញៀវ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សរសើរ​សម្រស់​ជួរ​ភ្នំ​ធម្មជាតិ​នៅ​ទីនោះ​បីដូច​ផ្ទាំងគំនូរ ហើយ​ថា​ខ្យល់អាកាស​បរិសុទ្ធ​ធ្វើ​ឲ្យ​ស្រស់ថ្លា​អារម្មណ៍​មិន​ដូច​នៅ​ទីក្រុង​ទេ ។

អ្នកទេសចរ​ជា​ច្រើន​ទៀត​និយាយ​ពី​អន្លង់​ផ្ញៀវ​មិន​ខុស​ពី​លោក​សំ សាន ទេ ។
ទាំង​រីករាយ​លោក​សំ សាន ថា «​ខ្ញុំ​ដូច​ជា​ជាប់​ចិត្តនឹង​អន្លង់​ផ្ញៀវ​ណាស់ ហើយ​កូន និង​ប្រពន្ធ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ ។ ពេលទំនេរ​ពួក​យើង​ចង់​មក​លេង​ទី​នេះ​ទៀត ។ មក​ទី​នេះ​ប្លែក​ភ្នែក និង​ស្រស់ស្រាយ​អារម្មណ៍​តែ​ម្តង ។
មិន​ឆ្ងាយ​ពី​ភ្នំពេញ​ប៉ុន្មាន ហើយ​ផ្លូវ​ក៏​មិន​ពិបាក​អី​ដែរ ល្ងាច​បន្តិច​ចាំ​យើង​ត្រឡប់​ទៅ​វិញ​ក៏​បាន​ដែរ »៕
ការ​សរសើរ ត​ៗ​គ្នា និង​ការ​ឃើញ​រូបភាព​ដ៏​ប្រណីត​ពី​ការ​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​អន្លង់​ផ្ញៀវ ទទួល​អ្នកទេសចរ​ឥត​ដាច់​ក្លាយ​ជាទី​កម្សាន្ត​ពេញ​និយម​ថ្មី​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ