ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ! អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​លើ​លោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ចូលរួម​បោះ​ឆ្នោត​ពី​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជា​សំណង់​ដ៏​មាន​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត និង​ចំណាត់ថ្នាក់​លេខ​១៣ ជា​គោលដៅ​ទេសចរណ៍​របស់​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ចូលរួម​បោះ​ឆ្នោត​ពី​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជា​សំណង់​ដ៏​មាន​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត និង​ចំណាត់ថ្នាក់​លេខ​១៣ ជា​គោលដៅ​ទេសចរណ៍​របស់​ពិភពលោក សម្រាប់​ឆ្នាំ​២០១៨​នេះ ។

នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​លើ​ពិភពលោក​បោះ​ឆ្នោត​គាំទ្រ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ជាប់​ៗ​គ្នា តាម​រយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេង​ៗ​គ្នា គឺ​ក្នុង​ឆ្នាំ​២០១៤ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​លើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក មក​ប្រៀបធៀប​គ្នា​នោះ គឺ​គេហទំព័រ ArchaeoMadness ។ បន្ទាប់​មក​ទៀត នៅ​ដើមឆ្នាំ​២០១៥ អង្គរវត្ត​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ម្តងទៀត​នៅ​លើ​គេហទំព័រ​អន្តរជាតិ​មួយ ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បី​ៗ​លើ​ពិភពលោក​នោះ គឺ​គេហទំព័រ TripAdvisor ។

នៅ​ឆ្នាំ​២០១៦ អង្គរវត្ត​បាន​បន្ត​ជាប់​លេខ​១​បន្ថែម​ទៀត​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាម​រយៈ​វែ​ប​សាយ ទស្សនាវដ្តី និង​សៀវភៅ ជាដើម ។ នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​នេះ TripAdvisor ក៏​បាន​បន្ត​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ក្នុង​ឋានៈ​ជា​សំណង់​ដ៏​មាន​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ក្នុង​លោក ។

នេះ​ជា​មោទនភាព​មួយ​របស់​ជាតិខ្មែរ​យើង​ទាំងមូល ដែល​អង្គរវត្ត​របស់​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពី​បណ្ដា​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក ។
ក្នុង​នាម​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា សូម​ចូលរួម​អបអរសាទរ និង​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​បន្ត​ចូលរួម​ថែរក្សា ការពារ​នូវ​បេតិកភណ្ឌ​របស់​ដូនតា​យើង​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ភាព​គង់វង្ស​យូរអង្វែង​តទៅ ។

ដំណឹង​ដ៏​រីករាយ​នេះ​ក៏​មានការ​ស្វាគមន៍ និង​ចូលរួម​អបអរសាទរ​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ ដោយ​មាន​សុទិដ្ឋិនិយម​ថា ភាព​ល្បីល្បាញ​នេះ នឹង​រឹតតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​មាន​កំណើន​ថែម​ទៀត ។ ទោះបី​យ៉ាងនេះ​ក្ដី អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ថែរក្សា​កេរដំណែល​បុព្វបុរស​ដូនតា​ឲ្យ​នៅ​គង់វង្ស និង​នាំ​គ្នា​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​មាន​ប្រសាសន៍​ថា ការ​ចាត់​ចំណាត់ថ្នាក់​នេះ គឺ​ជួយ​ច្រើន​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​ផ្នែក​ទីផ្សារ និង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ពិសេស​ប្រាសាទអង្គរវត្ត ។
លោក​បន្ដ​ថា ៖« ដូច្នេះ​ហើយ នៅ​ពេល​គេ​លើក​យើង​ឡើង​ដល់​កំពូល​បែប​នេះ ទាំង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​របស់​យើង គួរតែ​ធ្វើ​អ្វី​ឲ្យ​បាន​ល្អ​ថែម​ទៀត ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ និង​អ្វី​ដែល​គេ​លើកតម្កើង » ។

លោក​បន្ត​ថា ក្រុង​សៀមរាប មិន​គួរ​ឲ្យ​មាន​ផ្លូវ​ដី​ទៀត​ទេ ហើយ​គួរ​ពង្រឹង​អនាម័យ​បន្ថែម​ទៀត ដែល​នេះ​ជា​ការងារ​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ព្រោះ​អាជ្ញាធរ​ថ្នាក់​ជាតិ​បាន​ខិតខំ​ហើយ សម្តេច​តេ​ជោ​លោក​បាន​ខិតខំ​ហើយ ។ ហេតុនេះ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ គួរ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​បន្ថែម ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​វលី​ន បាន​ថ្លែង​ថា វា​ជា​គេហទំព័រ​ដ៏​ល្បី​នៅ​លើ​ពិភពលោក ដែល​ភ្ញៀវ​ទេសចរ​តែងតែ​ចូល​មើល​ពេល​ចេញដំណើរ​កម្សាន្ត ។ ហេតុនេះ នៅ​ពេល​មានការ​ចាត់​ចំណាត់ថ្នាក់​បែប​នេះ គឺជា​ចំណុច​ដ៏​ល្អ​សម្រាប់​កម្ពុជា ដែល​យើង​រំពឹង​ថា នឹង​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់តែ​ច្រើន​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ។
លោកស្រី​បន្ត​ថា ៖« លើស​ពី​នេះ ខ្ញុំ​គិត​ថា វា​នឹង​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​អ្នក​វិនិយោគ​នឹង​សម្លឹង​មើល​នៅ​ប្រទេស​ណា​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន ពួក​គេ​នឹង​ទៅ​វិនិយោគ​នៅ​ប្រទេស​នោះ » ។

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​ចំនួន​ជាង​១,០៥​លាន​នាក់ កើនឡើង​១១,១៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​ផ្ដល់​ចំណូល​សរុប​ដល់​គ្រឹះស្ថាន​អង្គរ​ប្រមាណ​ជាង​៤៨,២៥​លាន​ដុល្លារ កើនឡើង​ជិត​២៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។
ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ World Express Tours & Travel លោក ហូ វ​ណ្ឌី បាន​ប្រាប់​កោះសន្ដិភាព កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយសារ​តែ​ប្រទេស​មាន​សុខ​សន្ដិភាព ស្ថិរភាព​នយោបាយ​ល្អ និង​ការ​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​សហគមន៍​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ចិន ។

លោក​បន្ដ​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កាន់តែ​ច្រើន​ថែម​ទៀត គ្រឹះស្ថាន​អង្គរ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​យកចិត្តទុកដាក់​លើ​ការ​ការពារ និង​ការ​ថែទាំ ដែល​ជា​កត្តា​សំខាន់ ពិសេស​គឺ​ថែរក្សា​នូវ​កេរដំណែល​បុព្វបុរស​ដូនតា​ឲ្យ​នៅ​គង់វង្ស ព្រមទាំង​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ស្អាត ព្រោះ​សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ ។

លោក​ក៏​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ល្អ កុំ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល និង​រួម​គ្នា​ស្រឡាញ់​វប្បធម៌​ដែល​ជា​ដួង​ព្រលឹង​របស់​ខ្លួនឯង ។ លោក​ថា ៖« ប្រសិនបើ​បងប្អូន​ខ្មែរ​ខ្លួនឯង​មិន​ចេះ​ថែទាំ​ផង តើ​ឆ្នាំងបាយ​រួម​ហ្នឹង​នឹង​ធ្លាក់​ដល់​កម្រិត​ណា ? អីចឹង លុះត្រាតែ​បងប្អូន​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់​វប្បធម៌​ដែល​ជា​ដួង​ព្រលឹង​ខ្លួនឯង ទើប​ដួង​ព្រលឹង​ហ្នឹង​ងើបឡើង ហើយ​យើង​ក៏​មាន​មោទនភាព​ខ្លួនឯង​ដែរ​។ បើ​យើង​បាត់បង់​ដួង​ព្រលឹង យើង​ក៏​បាត់បង់​អត្តសញ្ញាណ​ជាតិ​ដែរ ។ ដូច្នេះ​យើង​ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​កំណើន​ទេសចរ ដើម្បី​កំណើន​ការងារ និង​ប្រាក់​ចំណូល ។ ប្រសិនបើ​គ្មាន​ចំណុច​ទាំងនេះ​ទេ ភ្ញៀវ​ក្នុងស្រុក​ក៏​មិន​ទៅ ភ្ញៀវ​ក្រៅ​ស្រុក​ក៏​មិន​មក នោះ​ហើយ​គឺជា​ផលវិបាក​របស់​យើង​ទាំងអស់​គ្នា » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ