រាជធានីភ្នំពេញ ៖ ចាប់ពីសប្តាហ៍នេះទៅ តម្លៃលក់ប្រេងសាំងធម្មតានៅប្រទេសកម្ពុជា បានកើនឡើងដល់៤.៣០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតកើនឡើងដល់៤.១០០រៀលក្នុង១លីត្រ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២១ ឧសភា ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ។ តម្លៃនេះ បើប្រៀបធៀបនឹងសប្តាហ៍មុន គឺឡើងថ្លៃ១៥០រៀល សម្រាប់ប្រេងសាំងនិង១០០រៀល សម្រាប់ប្រេងម៉ាស៊ូត ។
ក្នុងរយៈពេល១០ថ្ងៃខាងមុខ គឺរហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ តម្លៃលក់រាយទាំងប្រេងសាំង និងប្រេងម៉ាស៊ូត បានហក់ឡើងជាថ្មីនៅក្នុងប្រទេសកម្ពុជា ។ ទោះបីជាយ៉ាងណា ជុំវិញការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជានេះ ក្រសួងពាណិជ្ជកម្មមិនបានចេញការពន្យល់ណាមួយដល់អ្នកប្រើប្រាស់យានយន្តជាទូទៅ ដែលកំពុងសម្តែងនូវការព្រួយបារម្ភនោះទេ ។
ក្រសួងពាណិជ្ជកម្មធ្លាប់បានប្រកាសថា ការឡើងថ្លៃនៃតម្លៃប្រេងនៅកម្ពុជាគឺដោយសារតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិក៏កើនឡើងដែរ ។ តាមរយៈសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៤ ខែឧសភា ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិមានការកើនឡើង ។ ប៉ុន្តែទោះជាបែបនេះក្តី ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារប្រទេសកម្ពុជា បានកើនឡើងតិចជាងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ។
តាមក្រសួងពាណិជ្ជកម្មដដែល តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដែលកើនឡើងតិចនេះ គឺដោយសារតែក្រសួងមបានចេញរូបមន្តមួយសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ។ទោះជាបែបណាក៏ដោយ អ្នកសេដ្ឋកិច្ចនិងអ្នកតាមដានសង្គមកម្ពុជាយល់ថា តម្លៃលក់ប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជានៅតែមានតម្លៃខ្ពស់នៅឡើយ ហើយពួកគេនៅតែស្នើឱ្យមានការបញ្ចុះតម្លៃដើម្បីឱ្យស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
តាមព័ត៌មានពីប្រទេសថៃបានឱ្យដឹងថា រាជរដ្ឋាភិបាលថៃក៏ត្រៀមការឧបត្ថម្ភធន ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងនេះដែរ ៕
ចែករំលែកព័តមាននេះ