រាជធានីភ្នំពេញ ៖ ទូរគមនាគមន៍កម្ពុជាកាលពីថ្ងៃទី៤ មីនា មានរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ខួបលើកទី១០០ ក្រោមអធិបតីភាពលោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ។ មានមតិសំណេះសំណាលនៅក្នុងឱកាសនោះ លោកសូរ ឃុន បានណែនាំឱ្យស្ត្រីទូរគមនាគមន៍ទាំងអស់ត្រូវចេះអភិវឌ្ឍន៍ខ្លួនឯងតាមរយៈការខិតខំរៀនសូត្រលើកកម្ពស់ការយល់ដឹង និងជំនាញវិជ្ជាជីវៈការងារ ដើម្បីលើកកម្ពស់តម្លៃស្ត្រី ។ ការពិតការទទួលស្គាល់តម្លៃស្ត្រីនៅក្នុងប្រទេសកម្ពុជា មិនមែនទើបតែមានរយៈពេល១០០ឆ្នាំកន្លងមកនេះនោះទេ កម្ពុជាមានប្រវត្តិទទួលស្គាល់និងលើកកម្ពស់តម្លៃស្ត្រីតាំងពីបុរាណកាលមកម៉្លេះ មកទល់នឹងបច្ចុប្បន្នចំនួនស្ត្រីក្នុងទីផ្សារការងារកាន់តែច្រើនឡើងៗតាំងពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់់ក៏មានមិនតិចដែរ ។
តំណាងស្ត្រីទូរគមនាគមន៍កម្ពុជាបានថ្លែងថា ឥទ្ធិពលរបស់ស្ត្រីជាកត្តាដ៏សំខាន់មួយដែលអាចធានាបានដល់ការរីកចម្រើនលើគ្រប់វិស័យ និងមានន័យត្រួសត្រាយផ្លូវផងដែរ សម្រាប់ផ្តល់ឱកាសដល់នារីកម្ពុជាទាំងបច្ចុប្បន្ន និងអនាគត និងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍ខ្លួនគាត់ឱ្យមានសមត្ថភាព ទេពកោសល្យ និងមុខជំនាញ វិជ្ជាជីវៈដែលជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ផ្សព្វផ្សាយ ពីកិត្តិយសនារីកម្ពុជាទាំងបច្ចុប្បន្ន និងអនាគត ។ លើសពីនេះទៀត សំឡេងរបស់ស្ត្រីឆ្លុះបញ្ចាំងចេតនាពិតប្រាកដដែលមានដូចជាអ្នកមើលថែទាំគ្រួសារ អ្នកគ្រប់គ្រង និងជាអ្នកឧបត្ថម្ភផ្គត់ផ្គង់ ហើយមានភាពច្បាស់លាស់ ក្នុងគម្រោងអភិវឌ្ឍន៍ជាតិនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងគម្រោងអភិវឌ្ឍន៍ភូមិ-ឃុំ កាត់បន្ថយភាពក្រីក្រ លុបបំបាត់ភាពក្រតោកយ៉ាក សុខភាពទន់ខ្សោយ ក្រខ្សត់ចំណេះដឹង និងតួនាទីអន់ថយ ។ ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ក្នុងការលើកកម្ពស់តួនាទីនិងស្ថានភាពរបស់ស្ត្រីដោយមានការយកចិត្តទុកដាក់ ជំរុញការកសាងសមត្ថភាពស្ត្រីលើគ្រប់ផ្នែក កែប្រែឥរិយាបថ ប្រើអំពើហិង្សាគ្រប់រូបភាពប្រឆាំងនឹងស្ត្រីភេទ ហើយនឹងសមធម៌ដើម្បីឱ្យស្ត្រីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការកសាងប្រទេស ដែលបច្ចុប្បន្ននារីយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។
តំណាងស្ត្រីទូរគមនាគមន៍កម្ពុជាបានថ្លែងបន្តថា កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្ថានភាពស្ត្រី ក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្តនៅក្នុងវិស័យសាធារណៈ និងឯកជនតាមរយៈការរៀបចំគោលនយោបាយ និងកម្មវិធីបង្កើនចំនួនមន្ត្រី និងសមត្ថភាពរបស់គេ ជាក់ស្តែងសមាមាត្រស្ត្រីក្នុងជួររាជរដ្ឋាភិបាលកើនឡើង មានស្ត្រីមួយរូបជាឧបនាយករដ្ឋមន្ត្រី ២រូបជារដ្ឋមន្ត្រី ជារដ្ឋលេខាធិការ១៦រូប អនុរដ្ឋលេខាធិការ ៣៨រូប ។ ក្នុងជួរអាជ្ញាធរដែនដីមានស្ត្រីជាអភិបាលរងខេត្ត-ក្រុង ស្ត្រីជាអភិបាលស្រុក ចំណែកស្ត្រីក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ មានការកើនឡើងលទ្ធផលដ៏ត្រចះត្រចង់ ជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ក្នុងការឈានទៅសម្រេចគោលនយោបាយសមភាពយេនឌ័រ។ ដោយឡែកនៅទូរគមនាគមន៍កម្ពុជា មានការគាំទ្រ និងយកចិត្តទុកដាក់ពីលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា យើងមានថ្នាក់ដឹកនាំជានារី ចាប់ពីប្រធានផ្នែក ប្រធានការិយាល័យ រហូតដល់ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ៕
ចែករំលែកព័តមាននេះ