ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែកអត់? ចោរ​គាស់យកតែក្រវិល ចាក់ស្រាចោល​នេះ​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរ​មាន័យ ៖ ពិត​ណាស់​ មិនដឹង​ជា​ថ្លែង​ដោយ​បែប​ណា​នោះ​ទេ ដែល​ចោរ​គេ​លួច​ប៉ះ​ឃ្លាំង​ស្រា​បៀរ គឺ​ប្រាកដជា​លួច​យក​ទាំងកេស​ៗ​មិន​ខាន តែ​ចោរ​ចម្លែក​មួយ​ករណី​នេះ​ ពេល​ចូល​ទៅ​ដល់​មិន​ត្រូវការ​ស្រា​បៀរ​​ទេ បែរជា​គាស់​យក​តែ​ក្រវិល​កំប៉ុង​ប៉ុណ្ណោះ ។…

ខេត្តឧត្តរ​មាន័យ ៖ ពិត​ណាស់​ មិនដឹង​ជា​ថ្លែង​ដោយ​បែប​ណា​នោះ​ទេ ដែល​ចោរ​គេ​លួច​ប៉ះ​ឃ្លាំង​ស្រា​បៀរ គឺ​ប្រាកដជា​លួច​យក​ទាំងកេស​ៗ​មិន​ខាន តែ​ចោរ​ចម្លែក​មួយ​ករណី​នេះ​ ពេល​ចូល​ទៅ​ដល់​មិន​ត្រូវការ​ស្រា​បៀរ​​ទេ បែរជា​គាស់​យក​តែ​ក្រវិល​កំប៉ុង​ប៉ុណ្ណោះ ។ ការ​លួច​គាស់​យក​គម្រប​កំប៉ុង​នេះ ​មិនមែន​តិចតួច​ទេ គឺ​សរុប​អស់​ចំនួន​២៦​កេស​ឯណោះ ។ ក្រវិល​កំប៉ុង​មាន​ស្រា​បៀរ​លី​អូ ស្រ​បៀរ​អង្គរ និង​ទឹក​ផ្លែ​ឈើ ដោយ​បន្សល់​​ទុក​នៅ​កំប៉ុង​និង​ទឹក​ឱ្យ​ម្ចាស់​វិញ​ទាំង​កេស​ៗ ។

រហូត​មក​ដល់​ពេល​នេះ (​ថ្ងៃ​ទី​២៤ ឧសភា​) សមត្ថកិច្ច​មូលដ្ឋាន នៅ​មិន​ទាន់​ទ​ទូល​បាន​តម្រុយ​ក្នុង​ការ​ស្រាវ​ជ្រាវ ជុំវិញ​ករណី​ចោរកម្ម​ដ៏​កម្រ​នេះ​ទេ​ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​ចូល​តូប​គ្រឿងទេស​មួយ​គាស់​អស់​គម្រប​ស្រា​បៀរ និង​ទឹក​ផ្លែ​ឈើ​យក​តែ​ក្រវិល​កំប៉ុង​ទៅ​ជាមួយ ។ អធិការ​នគរបាល​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ឧសភា​ថា ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លួច​ចូល​តូប​លក់​អីវ៉ាន់​មួយ​កន្លែង​ដែល​មាន​ម្ចាស់​ឈ្មោះ សាំង រឿ​ប ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ។ មក​ដល់​ពេល​នេះ ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ជនសង្ស័យ​នៅឡើយ​ទេ ។ តាម​ការ​ត្រួតពិនិត្យ ជនសង្ស័យ​ក៏​មិន​បាន​យក​សម្ភារ​ផ្សេង​ៗ ក្រៅពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​លី​អូ និង​ស្រា​បៀរ​អង្គរ រួម​ទាំង​ទឹក​ផ្លែ​ឈើ​ចម្រុះ អស់​ចំនួន​២៦​កេស ដោយ​ខ្វេះ​យក​តែ​ក្រវិល​កំប៉ុង​ប៉ុណ្ណោះ ។

លោក​អធិការ​បាន​សន្និដ្ឋាន​ថា ករណី​នេះ ប្រហែលជា​ចោរ​ក្មេង​ចូល​លួច​អាច​មាន​អាយុ​ចន្លោះ​ពី​១២​ទៅ​១៣​ឆ្នាំ ព្រោះ​ជ្រុង​ជញ្ជាំង ដែល​ចោរ​ហែក មាន​ប្រហោង​ចូល​តូច​មួយ​ដែល​ចោរ​បិទ​ទៅ​វិញ​មិន​ជិត ។ តាម​រយៈ​ប្រហោង​ចូល​នេះ​បើ​មនុស្ស​ធំ មិន​អាច​លូន​ចូល​រួច​នោះ​ទេ ហើយ​បើ​ចោរ​ធំ​ចូល​បាន​ក៏​លួច​អ្វី​ផ្សេង​ទៀត​ដែរ ។លោក​បាន​រំលឹក​ថា ករណី​នេះ​បាន​កើតឡើង នៅ​យប់​ថ្ងៃ​ទី​១៩ ឧសភា ។លោក​អធិការ​បាន​បញ្ជាក់​ថា ម្ចាស់​តូប​លក់​អីវ៉ាន់​ជា​ទម្លាប់​សព្វដង នៅ​ពេល​ល្ងាច​តែងតែ​ចាក់សោ​ទុក​ចោល ដោយ​អាង​ថា​មិន​អី ដោយ​ទៅ​សម្រាក​នៅផ្ទះ​ផ្សេង​ដែល​មាន​ចម្ងាយ​ប្រមាណ ជាង​៥០០​ម៉ែត្រ ពី​តូប​លក់​នោះ ។ លុះ​ព្រឹក​ឡើង ទើប​មក​បើក​លក់​ជា​ធម្មតា ស្រាប់តែ​ឃើញ​ទឹក​ស្រា​បៀរ និង​ទឹក​ផ្លែ​ឈើ​ហូរហៀ​សើម​ការ៉ូ​តូប​តែ​ម្តង។

ជាមួយនឹង​សកម្មភាព​ចោរលួច​គាស់​យក​តែ​ក្រវិល​កំប៉ុង​នេះ ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺជា​ការ​លួច​ស្វែងរក​រង្វាន់​តាម​រយៈ​ក្រវិល​កំប៉ុង ព្រោះ​ល្បី​ណាស់​មាន​ត្រូវ​រង្វាន់​ច្រើន ។ ទោះបីជា​បែប​នេះ​ក្តី បើ​ចោរ​ទាំងនោះ​ស្វែងរក​រង្វាន់​តាម​រយៈ​ការ​លួច​ក្រវិល​កំប៉ុង​បែប​នេះ ក៏​នៅ​តែ​ជា​រឿង​ផ្សងព្រេង​ដែរ ព្រោះ​មិន​មាន​នរណា​ដឹង​ឡើយ​ថា រង្វាន់​ធំ​ដែល​មាននៅ​ក្រវិល​កំប៉ុង តើ​អាច​មាន​ក្នុង​ក្រវិល​ដែល​លួច​ទៅ​នោះ​ ឬ​យ៉ាងណា ?

អត្ថបទសរសេរ ដោយ