ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​នាំ​ចេញ​អង្ករ​នៅ​មាន​សក្ដានុពល​បង្កើន​តម្លៃ​នាំ​ចេញ​បន្ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រូវ គឺជា​ផលិតផល​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​៨០% នៃ​កសិករ ។ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​កើនឡើង​១០​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ ដោយសារ​ការ​លើកកម្ពស់​ស្តង់ដា​ឧស្សាហកម្ម…

រាជធានី​ភ្នំពេញ ៖ ស្រូវ គឺជា​ផលិតផល​សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​៨០% នៃ​កសិករ ។ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​កើនឡើង​១០​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ ដោយសារ​ការ​លើកកម្ពស់​ស្តង់ដា​ឧស្សាហកម្ម ការ​កែ​លម្អ​ប្រសិទ្ធភាព​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​និង​អ្នក​កែ​ច្នៃ​បន្ត និង​ការ​សម្របសម្រួល​នីតិវិធី​នាំ​ចេញ ។ វិស័យ​នេះ​នៅ​មាន​សក្តានុពល​បង្កើន​តម្លៃ​ការ​នាំ​ចេញ​អង្ករ​បន្ថែម​ទៀត តាម​រយៈ​ការ​លើកកម្ពស់​ទិន្នផល​ស្រូវ​និង​គុណភាព​ស្រូវ ប្រកាន់​យក​ការ​ធ្វើ​កសិកម្ម និង​ការ​កែ​ច្នៃ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​ជំរុញ​ការ​ផ្សារ​ភ្ជាប់​ខ្សែ​សង្វា​ក់​តម្លៃ ។ នេះ​បើ​យោង​តាម​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា IFC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ ឧសភា ម្សិលមិញ ។

សាជីវកម្ម IFC បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​នេះ កសិករ​ខ្នាត​តូច​ប្រហែល​៩​ពាន់​នាក់​នឹង​ទទួល​បាន​ផលប្រយោជន៍​ការ​យល់​ដឹង​អំពី​ប្រតិបត្តិការ​កសិកម្ម​ប្រកបដោយ​និរន្តរភាព បច្ចេកវិទ្យា​កសិកម្ម ឆ្លាត​វៃ ផ្នែក​អាកាសធាតុ និង​ការ​បណ្តុះបណ្តាល​ការ​គ្រប់គ្រង​ធុរកិច្ច ដែល​បាន​ផ្សព្វផ្សាយ​ដោយ​គម្រោង និង​ភាព​ជា​ដៃគូ​រវាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន Mars ។

លោក Kyle Kelhofer នាយក​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ បាន​មាន​ប្រសាសន៍​ថា ៖« គោលបំណង​នៃ​គម្រោង​នេះ គឺ​សំដៅ​ច្របាច់​បញ្ចូល​កសិករ​តូចតាច និង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ឱ្យ​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ខ្សែ​សង្វា​ក់​តម្លៃ​ស្រូវ​អង្ករ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ផ្តល់​ជូន​លទ្ធភាព​ទទួល​បាន​កាន់តែ​ប្រសើរ​នូវ​ធាតុ​ចូល បច្ចេកវិទ្យា ចំណេះដឹង និង​ទីផ្សារ ការ​ផ្សារ​ភ្ជាប់​សហគ្រាស​កាន់តែ​ប្រសើរ​ឡើង និង​ការ​បណ្តុះបណ្តាល » ។

លោក​បន្ត​ថា ៖« ការ​កសាង​លើ​ការ​គាំទ្រ​តាំងពី​មុន​របស់​យើង​ចំពោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា គម្រោង​នេះ​នឹង​ជួយ​បន្ថែម​ទៀត​ឱ្យ​ឧស្សាហកម្ម​នេះ​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​របស់​វា ដោយ​បង្កើន​ការ​នាំ​ចេញ​ផលិតផល​អង្ករ ដែល​អាច​រក​ប្រភព​ដើម​ឃើញ ប្រកបដោយ​និរន្តរភាព និង​មានគុណ​ភាព
ខ្ពស់​»​។
លោក Luc Beerens នាយក​ផ្នែក​លទ្ធកម្ម ប្រកបដោយ​និរន្តរភាព​នៃ​ក្រុមហ៊ុន Mars Food មាន​ប្រសាសន៍​ដែរ​ថា ៖« គម្រោង​នេះ​មាន​គោលបំណង​ឱ្យ​កសិករ​ទទួល​បាន​នូវ​កសិកម្ម​ឆ្លាត​វៃ​ផ្នែក​អាកាសធាតុ រួម​មាន ការ​ដាំ​គ្រាប់ពូជ​ល្អ បច្ចេកវិទ្យា​ថ្មី និង​សេវាកម្ម​នានា​។ គម្រោង​នេះ​នឹង​កសាង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ប្រកបដោយ​និរន្តរភាព​មួយ ដោយ​ប្រកាន់​យក​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​និង​ជី និង​អនុវត្ត​វិធី ក្រោយ​ពេល​ប្រមូល​ផល​កាន់តែ​ប្រសើរ​ឡើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ