ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍ បើក​សម្ពោធ​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​មាន​រយៈពេល ២ ឆ្នាំ ហើយ​គំនិត​ផ្តួចផ្តើម​នេះ នឹង​បណ្តុះបណ្តាល​គ្រូ​កីឡា​មក​ពី ៩៤ អនុ​វិទ្យាល័យ…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​មាន​រយៈពេល ២ ឆ្នាំ ហើយ​គំនិត​ផ្តួចផ្តើម​នេះ នឹង​បណ្តុះបណ្តាល​គ្រូ​កីឡា​មក​ពី ៩៤ អនុ​វិទ្យាល័យ និង​វិទ្យា​ល័យ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ។ កម្មវិធី​នេះ មានការ​គាំទ្រ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

ថ្លែង​ក្នុង​សន្និសីទ​បើក​សម្ពោធ កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី ២២ ឧសភា នេះ លោក Pern Chen នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​បាន​មាន​​ប្រសាសន៍​ថា​៖ «​ណា​ហ្គា​វើ​ល​ដ៍ មាន​សេចក្តី​សោមនស្ស រីករាយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​គាំទ្រ និង​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្កើត​ឲ្យ​មានកម្ម​វិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ​ឡើង​» ។

លោក​បន្ថែម​ថា ៖ «​ណា​ហ្គា​វើ​ល​ដ៍ ក៏​បាន​ជួយ​បណ្តុះបណ្តាល​សិស្សានុសិស្ស​នៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ​តាម​រយៈ​កម្មវិធី​របស់​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ដើម្បី​បង្កើត​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​កីឡាបាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា យើង​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​គ្រូ​កីឡា​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ។ កម្មវិធី​បណ្តុះ​បណ្តាល​​នេះ នឹង​បង្រៀន​ដល់​គ្រូ​កីឡា​ឲ្យ​ក្លាយជា​គ្រូ​កីឡា​ប្រកបដោយ​សមត្ថភាព ដើម្បី​ជួយ​ស្វែងរក​កីឡាករ​វ័យក្មេង​ដែល​ពូកែ ។ នៅ​ពេល​ទទួល​បាន​ជំនាញ​ទាំងនេះ គ្រូ​កីឡា​ដែល​ជា​សិក្ខាកាម នឹង​អាច​ជួយ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​កីឡាករ​វ័យក្មេង​ជំនាន់​ក្រោយ​របស់​យើង​ជា​បន្ត​ទៀត​»​។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ម៉ៃ តុលា បាន​មាន​ប្រសាសន៍​ថា​៖ «​ស្តង់ដា​នៃការ​បណ្តុះបណ្តាល​បាល់ទាត់​នៅ​តាម​កម្រិត​មូលដ្ឋាន​ទូ​ទាំង​ខេត្តកំពង់​ស្ពឺ នឹង​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​តាម​រយៈ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​យើង​សង្ឃឹមថា យើង​នឹង​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​នៅ​លើ​វាលស្មៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​» ។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ថា ៖ «​យើង​មាន​សេចក្តី​សោមនស្ស​​រីករាយ​ដែល​ណា​ហ្គា​វើ​ល​ដ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​រៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​ក្នុង​ខេត្ត​របស់​យើង​ដែល​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សិស្សានុសិស្ស​ប្រមាណ ១៨.៥០០ នាក់​អាយុ​ចន្លោះ ១២ និង ១៨ ឆ្នាំ​»​។

លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិកា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​បណ្តុះបណ្តាល​នៅ​តាម​សាលារៀន គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​ជំនាញ​បាល់ទាត់​ក្នុង​ចំណោម​យុវជន​វ័យក្មេង​នៅ​តាម​បណ្តា​ខេត្ត ហើយ​យើង​គាំទ្រ​កម្មវិធី និង​វត្ថុបំណង​នៃ​កម្មវិធី​នេះ​ពេញទំហឹង​»​។

លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​ប្រសាសន៍​ថា​៖ « រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​អភិវឌ្ឍ​កីឡា​ទូ​ទាំង​ប្រទេស ហើយ​យើង​សូម​កោតសរសើរ​ដល់​ណា​ហ្គា​វើ​ល​ដ៍​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​លើកកម្ពស់​ស្តង់ដា​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​នៅ​តាម​សាលា​រៀន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ហើយ​វា​នឹង​ជួយ​ពង្រឹងសមត្ថភាព​ដល់​កីឡាករ​នៅ​តាម​ក្លឹ​ប​​អាជីព​ក៏​ដូច​ជា​ក្រុម​ជម្រើសជាតិ​ផង​ដែរ​» ។

ណា​ហ្គា​វើ​ល​ដ៍ សង្ឃឹមថា គ្រូ​កីឡា​របស់​យើង នឹង​បង្កើន​ជំនាញ​បណ្តុះបណ្តាល​បាល់​ទាត់​របស់​ខ្លួន​នៅ​តាម​សាលារៀន​រៀង​ៗ​ខ្លួន និង​ធ្វើ​របាយការណ៍​ជា​រៀង​រាល់​ត្រីមាស​ស្តី​អំពី​វឌ្ឍនភាព លទ្ធផល​បណ្តុះបណ្តាល លទ្ធផល​នៃ​ការ​ប្រកួត​ក៏​ដូច​ជា ស្វែងរក​កីឡាករ​វ័យក្មេង​ដែល​ពូកែ ។ សាលារៀន​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង «​ការ​ប្រកួត​យុវជន​ខ្នាត​តូច​អាយុ​ក្រោម ១៨ ឆ្នាំ របស់​ណា​ហ្គា​វើ​ល​ដ៍​» ផង​ដែរ ដែល​គ្រោង​នឹង​ធ្វើ​រយៈពេល​ជាង ២ ថ្ងៃ​ក្នុង​ខែធ្នូ ឆ្នាំ ២០១៨ ឬ​ខែមករា ឆ្នាំ ២០១៩ ។ ការ​ប្រកួត​នេះ​មាន​គោលបំណង​ត្រួតពិនិត្យ​អំពី​សមត្ថភាព​របស់​កីឡាករ​ដែល​ជ្រើសរើស ដោយ​គ្រូ​កីឡា​របស់​ពួក​គេ និង​ដើម្បី​ជួយ​បង្កើន​ទំនុកចិត្ត​របស់​ពួក​គេ​នៅ​ពេល​ពួក​គេ​លេង​បាល់ទាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ