ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា យំ​ស្តាយ​បាត់បង់​បុរស​ល្អ​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ឪពុក​របស់​តារាចម្រៀង​ពេជ្រ សោភា ចែក​ឋាន​ច្រើន​ខែ​កន្លង​ផុត​ទៅ​មែន តែ​អ្នក​នាង​ពេជ្រ សោភា​នៅ​មិន​ទាន់​បាត់​ការ​នឹករលឹក អាឡោះ​អាល័យ​ទេ ។ កាលពី​រសៀល​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ឪពុក​របស់​តារាចម្រៀង​ពេជ្រ សោភា ចែក​ឋាន​ច្រើន​ខែ​កន្លង​ផុត​ទៅ​មែន តែ​អ្នក​នាង​ពេជ្រ សោភា​នៅ​មិន​ទាន់​បាត់​ការ​នឹករលឹក អាឡោះ​អាល័យ​ទេ ។

កាលពី​រសៀល​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៨ អ្នក​នាង​ពេជ្រ សោភា បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ជាមួយ​បទ​ចម្រៀង​មនោ​សញ្ចេតនា និង​បទ​ញាក់​ទាន់សម័យ ។ អ្វី​ដែល​បាន​ធ្វើ​ឱ្យ​ទាក់ទាញ​អារម្មណ៍​ទស្ស​និក​ជន​​នោះ ពេជ្រ សោភា ស្រាប់តែ​បើក​កកាយ​រឿង​ជីវិត​របស់​នាង​ដែល​បាត់បង់​លោក​ឪពុក បើ​ទោះជា​ពេលវេលា​រំលង​ច្រើន​ខែ​ក្តី ។

ពេជ្រ សោភា និយាយ​នៅ​លើ​ឆាក​ទាំង​អួល​ដើម​កថា «​រហូត​មក​ទល់​ពេល​នេះ​នាង​ខ្ញុំ​នៅ​មិន​ទាន់​ជឿ​ថា​នាង​ខ្ញុំ​អត់​ឪពុក​ទេ ។ ពុក​របស់​នាង​ខ្ញុំ​ចិត្តដាច់​ណាស់ ជួយ​ថែរក្សា​នាង​ខ្ញុំ​ត្រឹម​​អាយុ​២៤ ឬ​២៥​ឆ្នាំ​ក៏​ទៅ​ចោល ។ ពេល​នេះ​នាង​ខ្ញុំ​អាច​ធ្វើ​អ្វី​ៗ​បាន ជីវិត​មាន​សព្វ​បែប​យ៉ាង តែ​ខ្វះ​អារម្មណ៍​កក់ក្តៅ​ចំពោះ​លោកឪពុក ។ នាង​ខ្ញុំ​អាច​មាន​ថ្ងៃ​ធ្វើ​ចំពោះ​ពាក្យ​ថ្ងៃ​គុណ​ម្តាយ តែ​ពេល​នេះ​នាង​ខ្ញុំ​មិន​អាច​ធ្វើអំពើ​ល្អ​ចំពោះ​ពាក្យ​គុណ​ឪពុក​បាន​។ នាង​ខ្ញុំ​ទទួលស្គាល់​រវាង​ម្តាយ​និង​ឪពុក​នាង​ខ្ញុំ​ដក់ចិត្ត​លើ​លោកឪពុក​ជាង ព្រោះ​គាត់​លំបាក​ណាស់ធ្វើការ​ច្រើន ធ្វើ​សំណង់​ធ្លាក់​ពីលើ​អគារ​ក៏​ឃើញ​ដើម្បី​គ្រួសារ ។

មូលហេតុ​បែប​នេះ​ហើយ​នៅ​ពេល​យើង​សុខសាន្ត មាន​ល​ទ្ឋ​ភាព​គឺ​បាត់​បុរស​ល្អ​ម្នាក់​នោះ ។ រាល់ពេល​នៅ​ម្នាក់ឯង​នាង​ខ្ញុំ​ចេះ​តែ​ឆ្លង​ឆ្លើយ​ទៅ​លោកឪពុក​ថា​នៅ​កន្លែង​ថ្មី​លំបាក​​អត់ ក្តៅ​ឬ​ត្រជាក់ បាន​អ្នក​ណា​មើលថែ​ប៉ា​ឯង​អត់​….! ។ ដូចនេះ​សម្រាប់​ឆ្នាំ​ថ្មី​នាង​ខ្ញុំ​សន្យា​ថា​នឹង​ខំ​សរសេរ​និ​ព​ន្ឋ​ចម្រៀង​មួយ​បទ​ដែល​និយាយ​ពី​គុណ​ឪពុក​ពិសេស​សាច់​រឿង​ដែល​ពាក់​ព័​ន្ឋ​ជាមួយ​ជីវិត​នាង​ខ្ញុំ និង​លោក​មានគុណ ។

អ្វី​ដែល​នាង​ខ្ញុំ​សំណូមពរ​ចង់ឱ្យ​យុវវ័យ​ត្រូវ​គោរព​ស្រឡាញ់​អ្នក​មានគុណ​ធ្វើ​អ្វី​ដែល ល្អ​ៗ​ពេលវេលា​សំខាន់​ណាស់​បើ​រំលង​ទៅ​ហើយ​មិន​បាន​តប​អ្វី ល្អ​ៗ​ពិតជា​ស្តាយ​ណាស់​» ។
អ្នក​នាង​ពេជ្រ សោភា បញ្ជាក់​ដែរ​ថា ហេតុផល​នៃ​ការ​និពន្ធ​បទ​ចម្រៀង​បែកបាក់​ស្នេហា ហើយ​ច្រៀង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ គឺ​ដោយសារ​តែ​ចង់​ច្រៀង​ឲ្យ​ត្រូវ​អារម្មណ៍​អ្នក​គាំទ្រ​​ប៉ុណ្ណោះ ។ ទាក់ទង​នឹង​រឿងរ៉ាវ​ស្នេហា​របស់​នាង​ជាមួយ​លោក​ឆឹ​ម សក្ក​ដា វិញ ពេជ្រ សោភា និយាយ​ថា វា​នៅ​តែ​ដដែល បើ​ទោះជា​មួយ​រយៈ​ចុង​ក្រោយ​មិនសូវ​ផ្អែម​ល្ហែម​ដូច​មុន​ក្តី ។ នាង​ថា​បទ​ចម្រៀង «​ស្រី​ចាស់​» និង​បទ «​ផ្លូវ​២» ដែល​រៀបរាប់​ពី​ការ​ប្រេះស្រាំ​ស្នេហា ប៉ុន្តែ​អត្ថន័យ​សម្រាប់​បទ​ចម្រៀង មិន​ពាក់ព័ន្ធ​នឹង​ភាព​ស្ងប់ស្ងាត់​ជាមួយ​លោក​ឆឹ​ម សក្ក​ដា នោះ​ទេ ។

អ្នក​នាង​ពេជ្រ សោភា ថា រវាង​លោក សក្ក​ដា និង​នាង អត់​ខ្វល់​ពី​ភាព​ស្អិតរ​មួ​ត​ដូច​ស្នេហា ក្មេង​ៗ​នោះ​ទេ ប៉ុន្តែ​មុខសញ្ញា​សំខាន់ គឺ​ប្រឹងរក​លុយ​ដើម្បី​ផលប្រយោជន៍​រៀង​ខ្លួន ។ ពួក​នាង​មិន​ទាន់​មាន​ដំណឹង​ល្អ​ទេ ដរាបណា​ភាគី​ម្ខាង​ៗ មិន​ទាន់​មាន​លុយ​គ្រប់​គ្រាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ