ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី ថោ​ង ខុន ៖ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៦,២​លាន​នាក់​នៅ​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ជា​ថ្មី​ប្រកបដោយ​សុទិដ្ឋិនិយម​ទៅ​លើ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,២​លាន​នាក់ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ជា​ថ្មី​ប្រកបដោយ​សុទិដ្ឋិនិយម​ទៅ​លើ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,២​លាន​នាក់ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន​លើក​ទី​១ ក្រោម​ប្រធានបទ «​ការ​ចាប់​យក​កាលានុវត្តភាព នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​លើ​ផ្លូវ​សូត្រ​» ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា កាលពី​ថ្ងៃ​ទី​១៧ ឧសភា កន្លង​មក ។
លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« កម្ពុជា​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ពេញលេញ និង​មាន ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​រីក​ចម្រើន​គួរ​ជាទី
មោ​ទ​នៈ » ។

ទេសចរណ៍​កម្ពុជា ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ដើរតួ​ជា​មាស​បៃតង រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការ​ការពារ​បរិស្ថាន ពោល​គឺ​ចូលរួម​ដល់​ការ​កសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ដែល​ជា​ផ្នែក​គាំទ្រ​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព (SDGs) ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ (UN) ។

ជាក់ស្តែង នៅ​ឆ្នាំ​២០១៧ កម្ពុជា​សម្រេច​បាន​កំណើន​ក្នុង​អត្រា​១១,៨% ជាមួយនឹង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៥,៦​លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ​៣.៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក​ប្រមាណ​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់ ។ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ជាង​១,៧​លាន​នាក់ កើនឡើង​១៣,៩% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​៥០៥.៩៤០​នាក់ កើនឡើង​៨៥,៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។
លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៦,២​លាន​នាក់​នៅ​ឆ្នាំ​២០១៨ និង

ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​១៥​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ដោយ​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ឱកាស​ការងារ​ប្រមាណ​២​លាន​នាក់ ។

ឈរ​លើ​មូលដ្ឋាន​នៃ​កំណើន​នេះ ក៏​ទាមទារ​ឱ្យ​មានការ​គិតគូរ និង​គ្រប់គ្រង​ដោយ​ហ្មត់ចត់ ពិសេស​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរណ៍ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល​បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ទីផ្សារ​ទេសចរណ៍​ចិន ពិសេស​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​, ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ (​ក្នុង​នោះ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ជំនាញ​ជា​ស្នូល​សំខាន់​) និង​ការ​ផ្សព្វផ្សាយ ជាដើម ។

លោក​បាន​បញ្ជាក់​ថា ៖« អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​មិន​អាច​កាត់​ផ្តាច់​ចេញពី​ការ​ស្រូប​ទាញ​កំណើន​យ៉ាង​គំហុក​នៃ​លំហូរ​ទេសចរ​ចេញ​ក្រៅ​របស់​ភ្ញៀវ​ទេសចរ​ចិន ក្នុង​បរិបទ​នៃ​កំណើន​ទេសចរណ៍​ជា​រួម​របស់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​សកលលោក ។ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន លើ​វិស័យ​ទេសចរណ៍​អាស៊ាន ក៏​ដូច​ជា​កម្ពុជា គេ​បាន​ចាត់​ទុក​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជា​ប្រភព​ទីផ្សារ​ដ៏​សំខាន់​បំផុត » ។

លោក ទូ ជាំ​ង អនុរដ្ឋមន្ត្រី​ក្រសួង ទេសចរណ៍ និង​វប្បធម៌​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី​៦០ នៃ​ការ​បង្កើត​ចំណង​ការទូត​ចិន​-​កម្ពុជា ។ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​ចិន​-​កម្ពុជា ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ជា​លំដាប់ ។

លោក​បន្ដ​ថា ៖« ឈរ​លើ​ស្មារតី​នេះ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍​រវាង​កម្ពុជា​-​ចិន ត្រូវ​បាន​ពង្រឹង និង​ពង្រីក​លើ​គ្រប់​ទិដ្ឋភាព ស្រប​ជាមួយនឹង​ឆ្នាំ​២០១៨ ជា​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ដែល​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅ​វិញ​ទៅ​មក » ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ថ្លែង​នា​ឱកាស​នោះ​ថា វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-​ចិន ស្ថិត​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ជា​យុទ្ធសាស្ត្រ «​ខ្សែក្រវាត់ និង​ផ្លូវ​» ដែល​ជា​គំនិត​ផ្តួចផ្តើម​វិសេសវិសាល​បំផុត​របស់​លោក ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន ។ វិស័យ​ទេសចរណ៍​ជា​ការ​ផ្លាស់​ប្តូរ​ប្រជាពលរដ្ឋ​កម្ពុជា និង​ចិន ក្នុង​ក្របខ័ណ្ឌ «​ខ្សែក្រវាត់ និង​ផ្លូវ​» ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ពីរ​កាន់តែ​យោគយល់​គ្នា ស្រឡាញ់​គ្នា ទៅ​មក​រកគ្នា និង​បើកចំហ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ផ្តើម​ចេញពី​ផ្លែផ្កា​នៃ​កា​រត​ភ្ជាប់ និង​សម្រួលការ​ធ្វើ​ដំណើរ​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ