ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះដឹងបន្ថែម…​បាតដៃរន្ទះ​លោកប៉ូលិស​ទៅលើ​អ្នកគ្រូ​ពេទ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​រន្ទះ​បាតដៃ​ «​យូ​ឡាយ​» ​ទៅ​លើ​ស្ត្រីភេទ​ម្នាក់​ពី​សំណាក់​លោក​ប៉ូលិស​ប៉ុស្តិ៍​ម្នាក់​ បាន​ធ្វើ​ឱ្យ​មានការ​កក្រើកពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​កាលពី​ល្ងាច​ថ្ងៃ​២១ ឧសភា ហើយ​នៅ​ព្រឹក​ថ្ងៃ​២២ ឧសភា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​រន្ទះ​បាតដៃ​ «​យូ​ឡាយ​» ​ទៅ​លើ​ស្ត្រីភេទ​ម្នាក់​ពី​សំណាក់​លោក​ប៉ូលិស​ប៉ុស្តិ៍​ម្នាក់​ បាន​ធ្វើ​ឱ្យ​មានការ​កក្រើកពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​កាលពី​ល្ងាច​ថ្ងៃ​២១ ឧសភា ហើយ​នៅ​ព្រឹក​ថ្ងៃ​២២ ឧសភា មន្ត្រី​ប៉ូលិស​រូប​នេះ ក៏​ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី បាន​ចេញ​លិខិត​ផ្អាក​ការងារ​បណ្តោះអាសន្ន​នូវ​ម្ចាស់​បាតដៃ​រន្ទះ​នោះ​ដោយ​អះអាង​ថា ជា​ការ​ដាក់​ពិន័យ​កងកម្លាំង ។

លោក​អនុសេនីយ៍ទោ កៅ សំ​អុល អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ដែល​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ការ​ទះកំផ្លៀង​ទៅ​លើ​ស្ត្រី​ម្នាក់ នៅ​ពេល​អនុវត្តន៍​ច្បាប់​ចរាចរណ៍ កាលពី​ព្រឹក​ថ្ងៃ​២១ ឧសភា ដោយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ នៅ​ថ្ងៃ​ទី​២២ ឧសភា លោក​ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នង ការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យធ្វើ​ការ​ឃាត់ខ្លួន និង​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ទៅ​តាម​វិន័យ​របស់កងកម្លាំង​នគរបាល​ជាតិ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា រឿងរ៉ាវ​ដែល​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​២២ ឧសភា នេះ​ការ​ពិត បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ជា​ច្រើន​នាក់​បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​លើ​ផ្លូវ​លេខ​១៩៣ ខាងត្បូង​ផ្សារ​អូ​ឡាំ​ពិ​ក ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ក៏​បាន​ចាប់​ឃាត់​ស្ត្រី​ម្នាក់​ឈ្មោះ ឌី លី​ណា អាយុ​៣៧​ឆ្នាំ ជា​គ្រូពេទ្យ​ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព​តាម​ច្បាប់​ចរាចរណ៍​ទេ ។ ពេល​ឃាត់​នោះ​ អ្នកគ្រូ​ពេទ្យ​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន ថតរូប​កម្លាំង​មាន​សមត្ថកិច្ច ហើយ​លោក កៅ សំ​អុល ក៏​បាន​យក​ទូរស័ព្ទ​ដៃ​របស់​លោក​ថត​ទៅ​លើ​ស្ត្រី​នោះ​វិញ​ដែរ ។

ការ​ទាស់​ពាក្យ​សំដី​ជាមួយ​គ្នា និង​ថតរូប​គ្នា​ទៅ​វិញ​ទៅ​មក​នោះ ក៏​ស្រាប់តែ​អ្នកគ្រូ​ពេទ្យ​យកដៃ​ទៅ​ទះ​ទូរស័ព្ទ​ដៃ​របស់​លោកធ្លាក់​ពី​ដៃ​ទៅ​លើ​ថ្នល់​ធ្វើ​ឱ្យ​បែក​អេ​ក្រង់ ។ ដោយសារ​តែ​ការ​ឆេវឆាវ​មួយ​គ្រា​ទប់​កំហឹង​មិន​បាន លោក កៅ សំ​អុល ក៏​បាន​ទះកំផ្លៀង​ទៅ​លើ​គុម្ពត្រចៀក​អ្នកគ្រូ​មួយ​ដៃ​ធ្វើ​ឱ្យ​មាន​ស្នាម​ក្រហម​ភ្លាម ។ ក្រោយ​ពេល​កើត​មាន​ហិង្សា ដោយសារ​ប៉ូលិស​វាយ​លើ​ស្ត្រីភេទ ដែល​ជា​រឿងរ៉ាវ​មិន​គួរ​កើត​មាន អ្នកគ្រូ​ពេទ្យ និង លោក កៅ សំ​អុល ក៏​បាន​ទៅ​ធ្វើការ​សម្របសម្រួល ដោយ​ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​១ ដោយ​លោក កៅ សំ​អុល ព្រម​សង​ថ្លៃ​ព្យាបាល ក្រោយពេល​កើតហេតុ​នោះ​ដែល​គិត​ថា​ចប់​ហើយ ។

លុះ​មក​ដល់រសៀល​ថ្ងៃ​ដដែល ក៏​ស្រាប់តែ​បែកធ្លាយ​រូបភាព​ថត​បាន​តាម​កាមេរ៉ា​សុវត្ថិភាព​ពី​ផ្ទះ​មួយ​កន្លែង​នៅ​ក្បែរ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​លោក នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចេញ​បញ្ជា​ឱ្យ​ចាប់​ឃាត់ខ្លួន​លោក កៅ សំ​អុល នា​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា តែ​ម្តង ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ក៏​មាន​លិខិត​ធ្វើការ​ផ្អាក​ការងារ​លោក កៅ សំ​អុល ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ រូប​នោះ ​ជា​បណ្តោះអាសន្ន​ផង​ដែរ ។

ក្នុង​លិខិត​បាន​ចែង​ថា ​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​លោក​អនុសេនីយ៍ទោ កៅ សំ​អុល អត្តលេខ​២៧៧០២ ឋានៈ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​១ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដោយ​មូលហេតុ​បញ្ចេញ​អាកប្បកិរិយា ឬ​ពាក្យ​សម្តី​គ្មាន​សីលធម៌ អមនុស្សធម៌ ខ្វះ​សុជីវធម៌​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​នគរបាល​ជាតិ ។ លិខិត​ដដែល​បាន​កំណត់​ថា សាមីខ្លួន​ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀង​រាល់​ម៉ោង​ធ្វើការ​ដើម្បី​កែប្រែ​កំហុសឆ្គង​និង​រង់ចាំ​ការ​សម្រេច​ជា​ថ្មី។

ចំពោះ​ករណី​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​មាន​មតិ​ចម្រុះ​ក្នុង​បណ្តាញ​សង្គម​ដែល​comment ​តាម​ផេ​ក​នានា ខ្លះ​ក៏​បាន​គាំទ្រ ខ្លះ​ស្តីបន្ទោស​ចំពោះ​ការ​ប្រើ​ហិង្សា​បែប​នេះ​ទៅ​លើ​ស្ត្រីភេទ ។ ក្រៅពី​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ពី​ការ​ទះ​មួយ​កំផ្លៀង​លើ​ស្ត្រី​ជិះ​ម៉ូតូ​នោះ ក៏​មាន​ឃ្លី​ប​មួយទៀត​ដែល​ទំនងជា​ថត​ដោយ​លោក កៅ សំ​អុល ដោយ​បាន​និយាយ​បរិហារ​ថា ជា​ស្ត្រី​ជើង​ខ្លាំង​នៅ​អូ​ឡាំ​ពិ​ក​និង​ជេរ​ប៉ូលិស​ថា​ជា​ចោរ ។ ទោះជា​បែប​ណា​ក្តី​ ការ​ប្រើ​ហិង្សា​លើ​ស្ត្រីភេទ ព្រោះតែ​ចង់​ចាញ់ ចង់​ឈ្នះ ​មិន​គួរ​ធ្វើ​បែប​នេះ​ទេ ​ក្នុង​នាម​ជា​សមត្ថកិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ