រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក មានស្ត្រីប្រកបមុខរបរលក់ផលិតផលតាមអនឡាញម្នាក់បានបង្ហោះវីដេអូឃ្លីបមួយ ដោយអំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាអន្តរាគមន៍ជួយចាត់វិធានការក្រុមហ៊ុនផ្តល់កម្ចីរបស់ចិនមួយចំនួន ដែលកំពុងមានសកម្មភាពដើរបោកប្រាស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ គ្រាដែលអ្នកស្រីបានលង់ខ្លួនចាញ់បោកអស់ប្រាក់ជិត១០ម៉ឺនដុល្លារ ហើយត្រូវគេគំរាមកំហែងដល់អាយុជីវិតថែមទៀត ។
បើតាមឯកសារលិខិតស្នាម និងការរៀបរាប់ក្នុងវីដេអូឃ្លីបនោះ អ្នកស្រីមានឈ្មោះ ទូច ស្រីពៅ មុខរបរលក់ផលិតផលតាមអនឡាញ មានទីលំនៅក្នុងភូមិបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាន់អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនលេខ០១១០៤២៦៨១ ដែលបានខ្ចីប្រាក់ពីក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីមួយឈ្មោះ ហ៊ីង ស៊ីង និងក្រុមហ៊ុនមួយចំនួនទៀត ។
ទោះជាយ៉ាងណា សារព័ត៌មានកោះសន្តិភាពពុំទាន់ទទួលបានការបកស្រាយបំភ្លឺពីក្រុមហ៊ុននេះនៅឡើយទេ ។
ក្នុងវីដេអូឃ្លីប អ្នកស្រីបានរៀបរាប់ពីការលង់ខ្លួនចាញ់បោកក្រុមហ៊ុនចិនមួយនេះ ដោយផ្ដើមពីការខ្ចីប្រាក់ដំបូងត្រឹមតែ២ពាន់ដុល្លារប៉ុណ្ណោះ ។ ក្រោយមក ស្ថានភាពក៏កាន់តែធ្ងន់ទៅៗ ដោយមានក្រុមហ៊ុនបែបនេះទាក់ទងមកឲ្យអ្នកស្រីខ្ចីលុយជាបន្ដបន្ទាប់ប្រមាណជា៧ទៅ៨ក្រុមហ៊ុន រហូតដល់អ្នកស្រីយកលុយពីក្រុមគ្រួសារ និងសាច់ញាតិ សង់ឲ្យគេវិញរហូតដល់៩៧.០០០ដុល្លារ ហើយនៅតែមិនទាន់ដោះបំណុលគេរួចទៀត ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីត្រូវគេគំរាមកំហែងដល់អាយុជីវិតថែមទៀត ខណៈដែលអ្នកស្រីកំពុងមានផ្ទៃពោះ ។ ដូច្នេះហើយ អ្នកស្រីបានចេញវីដេអូឃ្លីបនេះផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យបានជ្រាបដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាអន្តរាគមន៍ និងចាត់វិធានការ ដើម្បីចៀសវាងពលរដ្ឋខ្មែរស្លូតត្រង់ចាញ់បោកដូចនាងទៀត ។
អ្នកស្រីបាននិយាយថា ៖« អ្វីដែលខ្ញុំចង់ឲ្យសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជួយនោះ មិនមែនចង់បានលុយមកវិញ ឬឲ្យលោកទាំងពីរជួយសងទេ គឺចង់ឲ្យចាត់វិធានការពួកចិនរកស៊ីចងការខុសច្បាប់ លើសពីការកំណត់របស់រាជរដ្ឋាភិបាល ព្រោះពួកគេធ្វើបាបខ្មែរយើងអស់ច្រើន មិនមែនមានតែខ្ញុំម្នាក់ទេ ហើយខ្ញុំចេញវីដេអូឃ្លីបនេះ គឺសុខចិត្តឲ្យគេថាខ្ញុំល្ងង់ចុះ ព្រោះមិនចង់ឲ្យបងប្អូនខ្មែរស្លូតត្រង់ចាញ់បោកគេដូចខ្ញុំទៀត និងត្រូវប្រុងប្រយ័ត្ន »។
អ្នកស្រីថា ៖« សុខចិត្តឲ្យគេថាខ្ញុំល្ងង់ ខ្ញុំហ៊ានចេញវីដេអូឃ្លីបនេះ ដើម្បីឲ្យបងប្អូនបានដឹង ហើយត្រូវប្រុងប្រយ័ត្ន កុំឲ្យជួបរឿងដូចខ្ញុំ ។ បើខ្ញុំឆ្លាតជាងពួកគេ ក៏ខ្ញុំមិនលង់ដល់ថ្នាក់ហ្នឹងដែរ ហើយមិនមែនមានតែខ្ញុំទេ គឺមានច្រើនណាស់ តែពួកគាត់មិនហា៊ននិយាយប្រាប់គេ ដោយសារខ្លាចគេថាល្ងង់ » ។
បន្ទាប់ពីមានការផ្សព្វផ្សាយបែបនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា កន្លងទៅថ្មីៗនេះ មានព័ត៌មាន និងការផ្សព្វផ្សាយតាមបណ្តាញសង្គម ពីសកម្មភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុ (ប្រាក់កម្ចី) ពីគ្រឹះស្ថាននានា ដែលអាចនាំឱ្យមានការភ័ន្តច្រឡំ និងបង្កជាផលវិបាកធ្ងន់ធ្ងរដល់អតិថិជន ។
សមាគមបញ្ជាក់ថា ដើម្បីកំណត់ថា តើគ្រឹះស្ថានមួយមានការទទួលខុសត្រូវដែរឬទេ អតិថិជននិងសាធារណជន គួរពិចារណានូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-តើគ្រឹះស្ថាននោះមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតឱ្យប្រកបអាជីវកម្មត្រឹមត្រូវ និងជាក់លាក់ដែរឬទេ ?
២-តើគ្រឹះស្ថានផ្តល់សេវាកម្មសមស្របទៅតាមតម្រូវការ និងលទ្ធភាពរបស់អ្នកដែរឬទេ ?
៣-តើគ្រឹះស្ថានផ្តល់ព័ត៌មានដែលមានតម្លាភាពពេញលេញ និងទាន់ពេលវេលាដល់អ្នក ដែរឬទេ ?
៤-តើគ្រឹះស្ថានកំណត់អត្រាការប្រាក់ និងកម្រៃសេវានានាសមរម្យ ដែលអ្នកអាចទទួលយកបានដែរឬទេ ?
៥-តើគ្រឹះស្ថានមានផ្តល់សេវាអតិថិជន និងយន្តការដោះស្រាយបញ្ហាដល់អ្នកដែរឬទេ ?
នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក យុន សុវណ្ណា មានប្រសាសន៍កាលពីថ្ងៃទី២០ ឧសភា ថា សមាគមបានធ្វើការជូនដំណឹងដូចខាងលើ ដើម្បីក្រើនរំឭកសាធារណជន មុននឹងសម្រេចចិត្តប្រើសេវាហិរញ្ញវត្ថុនានា ជាពិសេសកម្ចី ។ សមាគមសង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារសិទ្ធិអតិថិជន ។
លោកបន្តថា ៖« អ្នកផ្តល់ប្រាក់កម្ចីហ្នឹង ហាក់មិនបានទទួលអាជ្ញាប័ណ្ណផ្តល់សេវាឥណទានពីធនាគារជាតិនៃកម្ពុជា និងប្រតិបត្តិការមិនមានវិជ្ជាជីវៈច្បាស់លាស់ជាគ្រឹះស្ថានហិរញ្ញវត្ថុ ។ អីចឹងបញ្ហានេះ ខ្ញុំគិតថា វាប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមកម្ពុជាទាំងមូល នៅពេលដែលយើងអត់ដឹងថា គាត់អត់មានអាជ្ញាប័ណ្ណពិតប្រាកដត្រឹមត្រូវធ្វើអាជីវកម្ម ហើយគាត់បានបោកបញ្ឆោត ឬបញ្ចុះបញ្ចូលអតិថិជនឱ្យទទួលសេវារបស់គាត់ ។ នៅពេលប៉ះពាល់ដល់សង្គម និងជំនឿចិត្តរបស់សាធារណជន ជាទូទៅ យើងជាអ្នកការពារផលប្រយោជន៍ ការពារនិរន្តរភាពវិស័យហិរញ្ញវត្ថុនេះ ។ យើងត្រូវតែយកចិត្តទុកដាក់ ត្រួតពិនិត្យមើល និងឈ្វេងយល់បន្ថែមថា មានអ្វីដែលយើងអាចធ្វើបាន » ។
លោកបន្តថា ៖« ក្នុងដំណាក់កាលបឋមនេះ យើងព្យាយាមផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យគាត់ពិនិត្យពិចារណាបានច្បាស់លាស់មុននឹងប្រើសេវា ។ យើងសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងពាក់ព័ន្ធ ព្យាយាមអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន ព្រមទាំងសេចក្តីថ្លែងការណ៍រួមរបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៥ គឺអ្នកផ្តល់សេវា ត្រូវតែទៅសុំការអនុញ្ញាត សុំអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា » ។
លោកបន្តថា ៖« ចំពោះមុខក្នុងរយៈពេលខ្លីហ្នឹង ខ្ញុំសង្ឃឹមថា អាជ្ញាធរនឹងពិនិត្យមើលពីភាពស្របច្បាប់ និងថាតើគ្រឹះស្ថាន ឬអ្នកផ្តល់សេវាទៅនារីរងគ្រោះហ្នឹងថា គាត់មានអាជ្ញាប័ណ្ណ មានការអនុញ្ញាតត្រឹមត្រូវហើយឬអត់ ? បើសិនជាមាន តើគាត់គោរពតាមអាជ្ញាប័ណ្ណ និងតម្រូវការនានាក្នុងការផ្តល់សេវាគ្រប់គ្រាន់ឬទេ។ បើគាត់មិនគោរពតាមច្បាប់ ឬអត់មានអាជ្ញាប័ណ្ណច្បាស់លាស់ទេ មិនគួរណាបណ្តោយឱ្យគាត់ផ្តល់សេវាមានលក្ខណៈបញ្ចុះបញ្ចូល ដែលមានចរិតកេងប្រវ័ញ្ចពីប្រជាពលរដ្ឋ » ។
បើតាមលោកបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានឲ្យដឹងតាមរយៈសារអេឡេិចត្រូនិកថា ៖« រឿងនេះពិតឬយ៉ាងណា មិនទាន់មានការសន្និដ្ឋានអ្វីនៅឡើយទេ ចាំមើលថ្ងៃស្អែក (ថ្ងៃចន្ទ) ឬថ្ងៃអង្គារ » ៕
ចែករំលែកព័តមាននេះ