ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​មក​ដល់​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​បាន​ជាង​៧​ម៉ឺន​ម៉ាក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចាប់​អនុវត្ត​ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា ដើម្បី​ការពារ​ម៉ាក​សញ្ញា និង​ផលិតផល​តាំងពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ដែល​គ្រានោះ គឺ​ក្រសួងពាណិជ្ជកម្ម​ជា​អ្នក​សម្រេច​ជា​ឯកច្ឆន្ទ ក៏​ប៉ុន្តែ​ក្រោយមក ក៏​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ជា​អន្តរក្រសួង ដូច​ជា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចាប់​អនុវត្ត​ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា ដើម្បី​ការពារ​ម៉ាក​សញ្ញា និង​ផលិតផល​តាំងពី​ឆ្នាំ​១៩៩១​មក​ម្ល៉េះ ដែល​គ្រានោះ គឺ​ក្រសួងពាណិជ្ជកម្ម​ជា​អ្នក​សម្រេច​ជា​ឯកច្ឆន្ទ ក៏​ប៉ុន្តែ​ក្រោយមក ក៏​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ជា​អន្តរក្រសួង ដូច​ជា ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាដើម ។

បើ​តាម​មន្ត្រី​ទទួលខុសត្រូវ​លើ​ការ​ចុះបញ្ជី​បាន​បញ្ជាក់​ថា គិត​រហូត​មក​ដល់​បច្ចុប្បន្ន ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​បាន​ប្រមាណ​ជាង​៧​ម៉ឺន​ម៉ាក​ហើយ ក្នុង​នោះ​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ក្រសួង​យល់ព្រម​ចុះបញ្ជី​បាន​ចំនួន​៤.៧០០​ម៉ាក ។

លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា បាន​ឲ្យ​ដឹង​ថា ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​សម្រាប់​ក្រសួងពាណិជ្ជកម្ម បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​១៩៩១ ហើយ​រហូត​មក​ដល់​ពេល​នេះ ក្រសួង​បាន​ទទួល​ការ​ចុះបញ្ជី​សរុប​មាន​ចំនួន​ជាង​៧​ម៉ឺន​ម៉ាក​រួច​ហើយ និង​កំពុង​បន្ត​ជំរុញ​បន្ថែម​ទៀត​នូវ​បណ្ដា​ផលិតផល​នានា​ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅ​ស្រុក ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើការ​ជាមួយ​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​ឲ្យ​ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​កាន់តែ​ច្រើន ។ ជាក់ស្ដែង​ដូច​ជា ផ្កាអំបិល​របស់​កម្ពុជា ដែល​កំពុង​ទទួលស្គាល់​ពី​អន្តរជាតិ និង​គុយទាវ​ភ្នំពេញ ជាដើម » ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា កម្មសិទ្ធិបញ្ញា​ជា​ច​លករ​មួយ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​បើ​គ្មាន​ការ​គោរព​កម្មសិទ្ធិបញ្ញា​ទេ វិនិយោគិន​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​នឹង​ខ្លាចរអា​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ។
លោក​ថា ៖« កម្មសិទ្ធិបញ្ញា​នេះ ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត ឬ​អ្នក​បង្កើត​នូវ​ម៉ាក​សញ្ញា​ផលិតផល និង​អ្នក​តែង​និពន្ធ ជាដើម » ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ពិនិត្យ​ឃើញ​ថា ក្រសួង​ទទួល​បាន​នូវ​លទ្ធផល​សំខាន់​ៗ​មួយ​ចំនួន​គួរ​ជាទី​មោ​ទ​នៈ ដូច​ជា ការ​ចូល​ជា​សមាជិក​នៃ​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ ស្តី​ពី​កិច្ចព្រមព្រៀង​លី​ស្បោ​ន អំពី​ឈ្មោះ​ប្រភព​ដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​, ការ​កសាង​ច្បាប់​, ការ​ពង្រីក​កិច្ច​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​, ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​ចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​, កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ គម្រោង​កម្មសិទ្ធិបញ្ញា​, ការ​លើកកម្ពស់​ការ​យល់​ដឹង​ផ្នែក​កម្មសិទ្ធិបញ្ញា​, ការ​កសាង​សមត្ថភាព​របស់​មន្ត្រី​ជំនាញ និង​មន្ត្រី​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា​, ការ​បង្ក្រាប​បទល្មើស​កម្មសិទ្ធិបញ្ញា ក៏​ដូច​ជា​ការ​ផ្តល់​សេវា​សាធារណៈ​ផ្នែក​កម្មសិទ្ធិបញ្ញា ដូច​មាន​ក្នុង​សេចក្តី​ព្រាង​របាយការណ៍​រួម ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​លើ​អ្វីមួយ ក៏​ដើម្បី​ធានា​ការពារ​ម៉ាក​ទាំងនោះ មិន​ឲ្យ​មានការ​រំលោភ​ពី​អ្នកជំនួញ​ដទៃ ហើយ​ម្យ៉ាងទៀត ក៏​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ផ្សេង​ទៀត ដែល​ចង់​បង្កើត​ម៉ាក​អ្វីមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ចង់​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

លោក​បន្ថែម​ថា ៖« ការ​ចុះបញ្ជី​ម៉ាក​ត្រឹមត្រូវ​នៅ​ក្នុង​ក្រសួង ក៏​អាច​ឲ្យ​មាន​តម្លៃបន្ថែម ដែល​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ ។ ជាក់ស្ដែង យើង​មាន​ម៉ាក​សមូហភាព​មួយ​ចំនួន​ដែល​ទទួល​បាន​ជោគជ័យ ដូច​ជា ម្រេច​កំពត ផ្កាអំបិល និង​គុយទាវ​ភ្នំពេញ ជាដើម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ