ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ ! មន្ត្រី​វ័យក្មេង​២៦​នាក់​ទទួល​អាហារូបករណ៍​សិក្សា​នៅ​ជប៉ុន​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ​បាន​ផ្តល់​ប្រាក់ ៣,២២លាន​ដុល្លារ​អា​មេ​រិ​ក ជួយ​ឥត​សំណង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ប្រើប្រាស់​លើ​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស មាន​និស្សិត អនុ​បណ្ឌិត និង​បណ្ឌិត​ចំនួន​២៦​នាក់​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ​បាន​ផ្តល់​ប្រាក់ ៣,២២លាន​ដុល្លារ​អា​មេ​រិ​ក ជួយ​ឥត​សំណង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ប្រើប្រាស់​លើ​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស មាន​និស្សិត អនុ​បណ្ឌិត និង​បណ្ឌិត​ចំនួន​២៦​នាក់​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ។ ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ដោយ​លោក​ហូ​រី​ណូ​ជី ហ៊ី​ដូ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស ។

លោក​ហូ​រី​ណូ​ជី ហ៊ី​ដូ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​«​ពិធី​ចុះហត្ថលេខា
លើក​លិខិត​ប្តូរ​សារ​នេះ សម្រាប់​កម្មវិធី​អាហារូបករណ៍​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​(JDS) ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន » ។ លោក​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ទឹកប្រាក់​៣៤០​លាន​យ៉េន ឬ​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​ឱ​ការ​សិក្សា​ថ្នាក់បណ្ឌិត និង​អនុ​បណ្ឌិត​នៅ​ប្រទេស​ជប៉ុន​ដល់​មន្ត្រី​វ័យក្មេង​ឆ្នើម​ចំនួន​២៦​នាក់ ។

លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា ៖ ចាប់តាំងពី​ឆ្នាំ​២០០១ រហូត​ដល់​បច្ចុប្បន្ន​កម្មវិធី JDS បាន​បញ្ជូន​មន្ត្រី​កម្ពុជា​ប្រមាណ​៤០០​នាក់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ។ លោក​ថ្លែង​ថា ៖ «​ខ្ញុំ​សង្ឃឹមថា កម្មវិធី JDS​នេះ និង​ចូលរួម​ចំណែក​ដ៏​ធំ​ដល់​អនាគត​កម្ពុជា​តាម​រយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​» ។ លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា ៖ និស្សិត​អាហារូបករណ៍​ដែល​បាន​ត្រឡប់​មក​ប្រទេស​វិញ​កំពុង​ដើរតួ​នាទី​សំខាន់​ៗ​ក្នុង​ស្ថាប័ន​ជា​ច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​ចំណេះដឹង និង​បទ​ពិសោធន៍​ដែល​ទទួល​បាន​តាម​រយៈកាល​សិក្សា​នៅ​ជប៉ុន​បាន និង​កំពុង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​» ។

លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន បាន​ថ្លែង​ថា ៖ ថ្ងៃនេះ​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​លោក HORINOUCHI លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា​ស្ដី​ពី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ចំនួន​៣៤២​លាន​យ៉េន (​ប្រមាណ​៣,២២ លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស សម្រាប់​ឆ្នាំ​សិក្សា ២០១៨ ។ លោក​ថ្លែង​ថា ៖ អាហារូបករណ៍​នេះ​នឹង​ផ្ដល់​ជូន​និស្សិត ដែល​ជា​មន្ត្រីរាជការ​វ័យក្មេង​កម្ពុជា​ចំនួន​២៦​រូប សម្រាប់​ថ្នាក់បរិញាប័ត្រ​ជាន់ខ្ពស់​២៤​រូប សិក្សា​រយៈពេល​០២​ឆ្នាំ និង​ថ្នាក់បណ្ឌិត​ចំនួន​០២​រូប សិក្សា​រយៈពេល​០៣​ឆ្នាំ ។ និស្សិត​ចំនួន​២៤​នាក់ (​ស្ត្រី​១៣​នាក់​) នឹង​ចេញដំណើរ​ទៅ​សិក្សា​នៅ​ជប៉ុន​ក្នុង​ខែសីហា ឆ្នាំ​២០១៨ ។

លោក​បាន​ថ្លែង​ថា​«​ខ្ញុំ​សូម​រំលឹក​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា មាន​រយៈពេល​១៨​ឆ្នាំ​មក​ហើយ គឺ​ចាប់ពី​ឆ្នាំ​២០០០ ដែល​មាន​ចំនួន​សរុប​ចំនួន​៥.៨៥៧ លាន​យ៉េន (​ប្រមាណ​៥៨,៧៧ លាន​ដុល្លារ​អា​មេ​រិ​ក​) ។

លោក​ថា ៖​តាម​រយៈ​ជំនួយ​នេះ​មន្ត្រីរាជការ​វ័យក្មេង​កម្ពុជា​ចំនួន​៤១៦​នាក់ (​ក្នុង​នោះ​មាន​ស្ត្រី ៩៣​នាក់​) ទៅ​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅ​ប្រទេស​ជប៉ុន លើ​មុខ​វិជ្ជា​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ការ​លើកកំពស់​ការ​អភិវឌ្ឍ​សង្គម និង​ការ​លើកកំពស់​អភិបាលកិច្ច ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ៖« គិត​មក​ដល់​បច្ចុប្បន្ន​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន តាម​រយៈ​ជំនួយ​ខាងលើ​នេះ​មាន​ចំនួន​៣៤៤​នាក់ (​ស្ត្រី ៦៨​នាក់​) ហើយ​កំពុង​បម្រើ​ការងារ​នៅ​តាម​ក្រសួង​-​ស្ថាប័ន​សំខាន់​ៗ និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក​សូម​សម្តែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ក្នុង​ការ​បន្ត​គាំទ្រ និង​តែងតែ​ជួយ​ជម្រុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ។ លិខិត​ប្ដូរ​សារ​ដែល​បាន​ចុះហត្ថលេខា​ថ្ងៃនេះ​នឹង​ចូលរួម​ចំណែក​ថែម​ទៀត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ថយ​គម្លាត​អភិវឌ្ឍ​របស់​ខ្លួន ទាំង​នៅ​ក្នុង​ប្រទេស និង​ក្នុង​តំបន់ និង​សបញ្ជាក់​អំពី​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​យើង​ទាំង​ពីរ ៕

កែសម្រួលដោយ