ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ជន​រង​គ្រោះថា ​មិន​ទារ​សំណង​អ្វី​ទេ គ្រាន់​សុំ​ឱ្យ​កែប្រែ​អត្ត​ចរិតសារជាថ្មី

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ​ដោយ​អ្នកជំងឺ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​បាន​ចោទប្រកាន់​ថា គ្រូពេទ្យ​មួយ​ចំនួន​បាន​ធ្វេសប្រហែស​មិន​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ ហើយ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ​ដោយ​អ្នកជំងឺ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណៈ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​បាន​ចោទប្រកាន់​ថា គ្រូពេទ្យ​មួយ​ចំនួន​បាន​ធ្វេសប្រហែស​មិន​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ ហើយ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត​បាន​កោះហៅ​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត អម​ដោយ​គ្រូពេទ្យ​មួយ​ចំនួន​រួម​ទាំង​គ្រួសារ​ជន​រង​គ្រោះ​មក​ជួប​នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង ។

តែ​គ្រួសារ​ជន​រង​គ្រោះ​មិន​ទាមទារ ឱ្យ​មន្ទីរពេទ្យ​ចេញ​សង​ថ្លៃ​អ្នកជំងឺ​ស្លាប់​នោះ​ឡើយ គ្រាន់តែ​សុំ​ឱ្យ​ខាង​បុគ្គលិក​មន្ទីរពេទ្យ​មួយ​ចំនួន កែប្រែ​អត្ត​ចរិត​តែ​ប៉ុណ្ណោះ ។
សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន មាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ កៅ ពុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដែល​មាន​ប្រពន្ធ​ឈ្មោះ រី ខួច អាយុ​៣១​ឆ្នាំ មានកូន​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ស្រី​២​នាក់ រស់នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

លោក ញ៉ា​ត រី ត្រូវជា​ឪពុកក្មេក របស់​ជន​រង​គ្រោះ​បាន​លើក​ឡើង​ឱ្យ​ដឹង​ថា លោក​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ពេល​ឃើញ​កូនប្រសារ​របស់​ខ្លួន ដែល​មាន​ជំងឺហឺត រើ​ឡើង​វិញ ហើយ​ដង្ហក់​ពិបាក​ដកដង្ហើម លុះ​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត បែរជា​គ្រូពេទ្យ​មួយ​ចំនួន​មានការ​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់ ទុក​ចោល​រហូត​ដល់​អ្នកជំងឺ​ដាច់ខ្យល់​ស្លាប់ តែ​ទោះបីជា​យ៉ាងណា ក៏​ដោយ​ពួក​គាត់​មិន​ប្តឹង​ទាមទារ​ឱ្យ​សង​ថ្លៃ​អ្នកជំងឺ​ស្លាប់​នោះ​ទេ គ្រាន់តែ​ស្នើ​សុំ​ឱ្យ​លោកគ្រូ​ពេទ្យ​មួយ​ចំនួន​ដែល​ធ្វើការ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត មេត្តា​ប្រើ​ពាក់​សម្តី​ឱ្យ​បាន​សមរម្យ​យកចិត្តទុកដាក់​ជាមួយ​អ្នកជំងឺ​ដទៃ​ផ្សេង​ទៀត ដែល​ចូល​ទៅ​សម្រាក​ព្យាបាល​មិន​ត្រូវ​រើសអើង​នោះ​ឡើយ ។

លើស​ពី​នេះ​ពាក់ព័ន្ធ​រឿង​បង់ថ្លៃ​សេវា​មន្ទីរពេទ្យ​ទោះបីជា​អ្នកជំងឺ​មិន​ទាន់​មាន​លុយ​បង់​ក៏​គ្រូពេទ្យ​ត្រូវ​ធ្វើការ​ព្យាបាល ជា​មុន​សិន​ដែរ ដោយ​មិន​ត្រូវ​រង់ចាំ​ឱ្យ​បង់ថ្លៃ​សេ​វ៉ា​រួច ចាំ​ព្យាបាល​នោះ​ឡើយ នោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ជា​មិន​ខាន ។

លោក​វេជ្ជបណ្ឌិត អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា លោកគ្រូ​ពេទ្យ​របស់​លោក តែងតែ​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​គ្រប់​ប្រភេទ​មិន​រើសអើង​អ្នកជំងឺ​ណា​ម្នាក់​នោះ​ឡើយ ទោះបីជា​ពេល​យប់ ឬ​ថ្ងៃ​ក៏​ដោយ​ពោល គឺ​២៤​ម៉ោង​ផ្លាស់​ប្តូ​រវេ​ណ​គ្នា​ប្រចាំការ មើលថែ​រក្សា​មិន​ធ្វេសប្រហែស​នោះ​ឡើយ ។
លោក​បន្ត​ទៀត​ថា តែ​បើសិនជា​មាន​ករណី​ដូច​ជា គ្រួសារ​ជន​រង​គ្រោះ​ចោទប្រកាន់​មែន ខាង​លោក​នឹង​ធ្វើការ​ពិនិត្យ​ឡើង​វិញ ដើម្បី​អប់រំ​កែតម្រូវ​ដល់​បុគ្គលិក​របស់​ខ្លួន​ឱ្យ​កែប្រែ​សារ​ជា​ថ្មី​ឡើង​វិញ ព្រោះ​ជីវិត​មនុស្ស​ម្នាក់​ៗ សុទ្ធតែ​មាន​តម្លៃ​ទាំងអស់ មិន​អាច​ទុក​ចោល​ដោយ​ខ្វះ​ការ​យកចិត្តទុកដាក់​នោះ​ឡើយ ។

ចំណែក​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ទទួលស្គាល់​នូវ​រាល់​ព័ត៌មាន​ទាំងអស់​ដែល​បាន​ចេញផ្សាយ​ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​ស្លាប់ ដើម្បី​យក​មក​វិភាគ និង​ដោះស្រាយ​ជូន​គ្រួសារ​ជន​រង​គ្រោះ ហើយ​បើសិនជា​ព័ត៌មាន​ណា​ដែល​មិន​ពិត​សុំ​ឱ្យ​កែតម្រូវ​សារ​ជា​ថ្មី​ឡើង​វិញ ។

លោក​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ណាមួយ​នឹង​រៀបចំ​ធ្វើ​វេទិកាសាធារណ​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ប​ង្អេ​ក​ខេត្ត ដើម្បី ស្តាប់​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ហើយ​ធ្វើការ​កែប្រែ​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ