ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ថ្នាំជក់​មួយ​ចំនួន​ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈពេល​បី​ឆ្នាំ​ហើយ ដែល​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត ប៉ុន្ដែ​ជាក់ស្ដែង​ត្រូវ​គេ​មើលឃើញ​ថា អនុលោម​ភាព​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ដោយនៅ​លើ​ទីផ្សារ​លក់​បារី​ក្នុងស្រុក គឺ​បន្ដ​មាន​ផលិតផល​របស់​ក្រុមហ៊ុន​ថ្នាំជក់​ជា​ច្រើន មិន​ព្រម​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ដែល​មាន​ទំហំ ៥០%…

គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈពេល​បី​ឆ្នាំ​ហើយ ដែល​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត ប៉ុន្ដែ​ជាក់ស្ដែង​ត្រូវ​គេ​មើលឃើញ​ថា អនុលោម​ភាព​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ដោយនៅ​លើ​ទីផ្សារ​លក់​បារី​ក្នុងស្រុក គឺ​បន្ដ​មាន​ផលិតផល​របស់​ក្រុមហ៊ុន​ថ្នាំជក់​ជា​ច្រើន មិន​ព្រម​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ដែល​មាន​ទំហំ ៥០% និង​សារ​ព្រមាន​សុខភាព​ជា​អក្សរ​ខ្មែរ​ទំហំ ៥% លើ​កញ្ចប់​បារី និង​សុង ដូចដែល​ច្បាប់​បាន​កំណត់​នោះ​ឡើយ ហើយ​ដាក់​តាំង​លក់​ដោយ​សេរី​យ៉ាង​រំភើយ​នៅ​ទូ​ទាំង​ប្រទេស នូវ​ផលិតផល​មិន​ស្របច្បាប់​ទាំងនោះ ។

យោង​តាម​លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា «​ហើយ​សព្វ​ថ្ងៃនេះ យើង​បាន​និង​កំពុង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់ អ្នក​ចែក​ចាយ ក៏​ដូច​ជា​រាល់​សកម្មភាព​លក់ និង​ដាក់​តាំង​ផលិតផល​ថ្នាំជក់ ដែល​ពុំ​មាន​សារ​ព្រេ​មាន​សុខភាព​ត្រឹមត្រូវ​តាម​ច្បាប់​ទាំងនោះ​ហើយ ។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​​ធ្វើ​កិច្ចសន្យា​ប​ញ្ឃ​ប់​សកម្មភាព​ចែកចាយ​ផលិតផល​ថ្នាំជក់​ដែល​ពុំ​មាន​សារ​ព្រមាន​សុខភាព​ត្រឹមត្រូវ ហើយ​យើង​នៅ​តែ​បន្ត​ឃ្លាំមើល និង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ថែម​ទៀត ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មានការ​អនុវត្ត និង​គោរព​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​ជា​ធរមាន​រួច​មក​ហើយ​នោះ​» ។

គួរ​រំឭក​ផង​ដែរ​ថា កន្លង​មក គេ​ឃើញ​មានការ​ចុះ​បង្ក្រាប​របស់​អាជ្ញាធរ​កាលពី​ខែមីនា និង​មេ​សា ចំពោះ​ក្រុមហ៊ុន វី​នី​តុ​ន (​ដែល​លក់​បារី Luxury, Crown, Angkor Meas, Cambo, Shuang Xi) បាន​សន្យា​ថា នឹង​ប្រមូល​ផលិតផល​បារី​របស់​ខ្លួន​ដែល​គ្មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ពីលើ​ទីផ្សារ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​០១ ខែមិថុនា ដើម្បី​យក​មក​ធ្វើការ​កែតម្រូវ​ឲ្យ​ស្របច្បាប់​ឡើង​វិញ ។ ហើយ​ចំពោះ​សំណុំរឿង​របស់​ក្រុមហ៊ុន ស៊ី​ធី​ខេ (​ដែល​លក់​បារី Cowboy, IZA, LAPIN) ដែល​អាជ្ញាធរ​រឹបអូស​បាន​ផលិតផល​បារី​មិន​ស្របច្បាប់​គ្មាន​សារ​ព្រមាន​ជា​រូបភាព​ជាង​១.៦០០​ប៊ិ​ច​នោះ គឺ​កំពុង​ត្រូវ​បាន​តុលាការខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សាធារណជន​ក៏​កំពុង​ទន្ទឹងរង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ស្មារតី​នៃ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ថ្នាំជក់​មាន​ប្រសិទ្ធភាព​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​អត្រា​អ្នក​ជក់ ក៏​ដូច​ជា​បង្កើត​បាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ