ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​«​កន្ទុយ​ដី​វិទ្យាល័យ​មោង​​ប្ញស្សី​»​… បែក​​ធ្លាយ​​ប្លង់ដី​​​កាន់​​​តែ​​​​ច្បាស់​ហើយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ «​កន្ទុយ​ដី​វិទ្យាល័យ​មោង​ប្ញ​ស្សី​» ដែល​ស្ថិត​ក្នុង​ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី អាច​នឹង​ត្រូវ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ឃុប​ឃិ​ត​គ្នាកាត់​ចេញពី​ប្លង់​ដី​វិទ្យាល័យ​យក​ទៅ​អង្កន់​ជា​ដី​ឡូ​ត៍​ធ្វើ​ប្លង់​ចែក​គ្នា ​ឬ​លក់​បន្ត​ឱ្យ​ទៅ​ឯក​ជន ​។ នេះ​បើ​តាម​ការ​ពិនិត្យ​លើ​ឯកសារ ​(​ប្លង់​)…

ខេត្តបាត់ដំបង​ ៖ «​កន្ទុយ​ដី​វិទ្យាល័យ​មោង​ប្ញ​ស្សី​» ដែល​ស្ថិត​ក្នុង​ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី អាច​នឹង​ត្រូវ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ឃុប​ឃិ​ត​គ្នាកាត់​ចេញពី​ប្លង់​ដី​វិទ្យាល័យ​យក​ទៅ​អង្កន់​ជា​ដី​ឡូ​ត៍​ធ្វើ​ប្លង់​ចែក​គ្នា ​ឬ​លក់​បន្ត​ឱ្យ​ទៅ​ឯក​ជន ​។ នេះ​បើ​តាម​ការ​ពិនិត្យ​លើ​ឯកសារ ​(​ប្លង់​) ​ដែល​បាន​បែកធ្លាយ​ដល់​ដៃ​ប្រជាពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​​នៅ​ក្នុងស្រុក​មោង​ប្ញ​​ស្សី ប៉ុន្តែ​លោកនាយក​វិទ្យាល័យ និង​អាជ្ញាធរ​ស្រុក​នេះ នៅ​តែ​អះអាង​ថា
«​គ្មាន​ការ​បាត់បង់​ទេ ដី​សាលា​នៅ​តែ​ជា​ដី​សាលា​ដដែល​»​ ។

ពលរដ្ឋ​ម្នាក់​ដែល​​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ប្រាប់​កោះសន្តិភាព​​ថា ប្លង់​ដី​វិទ្យាល័យ​មោង​ប្ញ​​ស្សី បាន​បែកធ្លាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ឧសភា បន្ទាប់​ពី​សំណុំរឿង​ដ៏​រសើប​នេះ ​រង្គោះរ​ង្គើរ​ដោយសារ​ការ​ទាម​ទា​របស់​ពល​រដ្ឋ​ និង​គ្រូ​​បង្រៀន​​មួយ​ចំនួន ឱ្យ​​នាយក​​វិទ្យាល័យ​នេះ​​បង្ហាញ​ការ​ពិត​​នូវ​ឯកសារ​នានា​ដែល​ពាក់ព័ន្ធ​នឹង​​ប្លង់​ដី​វិទ្យាល័យ​ ។ ប្រភព​ដដែល​បាន​និយាយ​ថា គេ​កំពុង​សង្ស័យ​​ថា កន្ទុយ​ដី​នៃ​វិទ្យាល័យ​នេះ ​ដែល​មាន​ទំហំ​ប្រហែល​កន្លះ​ហិក​​តា ទំនង​អាច​ត្រូវ​គេ​កាត់​ចេញពី​ដី​វិទ្យាល័យ​​មែន ហើយ​ត្រូវ​គេ​ពុះ​ជា​ដី​ឡូ​ត៍ និង​មាន​បញ្ជាក់​​លេខ​ក្បាលដី​យ៉ាង​ជាក់លាក់​ទៀត​ផង ​។ នេះ​បើ​តាម​ការ​ពិនិត្យ​លើ​«​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចល​នវត្ថុ​» របស់​វិទ្យាល័យ​មោង​ប្ញស្សី ដែល​បាន​បែកធ្លាយ​ដល់​ដៃ​ពលរដ្ឋ​ និង​មន្ត្រី​មួយ​ចំនួន ​។ ប៉ុន្តែ​លោក​​លឹ​ម សុផល នាយក​វិទ្យាល័យ​មោង​ប្ញ​ស្សី និង​លោក​ពេជ្រ ម៉ា​ឡៃ អភិបាលស្រុក​មោង​ប្ញ​ស្សី នៅ​​តែ​អះអាង​ប្រាប់​ពលរដ្ឋ​និង​លោក​គ្រូ អ្នក​គ្រូ​មួយ​ចំនួន ​ដែល​ធ្វើការ​តវ៉ា​ថា «​ដី​នោះ​មិន​បាត់បង់​ទេ ដី​សាលា​នៅ​តែ​​ជា​ដី​សាលា​ដដែល​»​ ។ ហើយ​ថែម​ទាំង​ស្នើ​ឱ្យ​ក្រុម​អ្នក​តវ៉ា​មានការ​ស្ងប់​ស្ងាត់បញ្ឈប់​​ការ​តវ៉ា ក្រោម​គោល​ការ​ណ៍​​យោគយល់​គ្នា​ ។

តំណាង​អ្នក​តវ៉ា​មួយ​រូប គឺ​លោក​ ហេង ពុទ្ធា បាន​ប្រាប់​កោះសន្តិភាព​ថា បន្ទាប់​ពី​កោះសន្តិភាព​បាន​ទម្លាយ​នូវ​​រឿងអាស្រូវ​ដី​វិទ្យាល័យ​មោង​ប្ញ​ស្សី​នេះ កាលពី​​រសៀល​ថ្ងៃ​ទី​១៧ ​ឧសភា លោក​ពេជ្រ ម៉ា​ឡៃ អភិ​បាល​ស្រុក​មោងប្ញ​ស្សី បាន​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​លើ​ដី ​ដែល​មាន​បញ្ហា​នោះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ​ និង​គ្រូ​​បង្រៀន​មួយ​ចំនួន ដែល​បាន​ប្រមូល​ស្នាម​មេដៃ​ធ្វើ​ ញ្ញតិ​ទាមទា​ឱ្យ​​អាជ្ញា​ធរ ​និង​នាយក​វិទ្យាល័យ​បង្ហាញ​ការ​ពិត​អំពី​រឿង​កន្ទុយ​ដី​វិទ្យាល័យ​នេះ ដែល​គេ​សង្ស័យ​ថា មានការ​ឃុប​
ឃិ​ត​​លួច​ធ្វើ​ប្លង់​បែងចែក​គ្នា ​ឬ​លក់​បន្ត​ ។ តំណាង​អ្នក​តវ៉ា​រូប​នេះ ​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ចុះ​ពិនិត្យ​លើ​ទីតាំង​ដី​ផ្ទាល់ លោក​លឹ​ម សុផល នាយក​វិទ្យាល័យ​មោង​ប្ញ​ស្សី បាន​ចង្អុលបង្ហាញ​បង្គោលព្រំ​ដី​ចាស់ ដោយ​បញ្ជាក់​ប្រាប់​ក្រុម​គណៈកម្មការ​ថា «​ដី​នេះ​មិន​បាត់បង់​ទេ​ គឺ​នៅ​តែ​ជា​ដី​សាលា​ដដែល​»​។

លោក​ហេង ពុទ្ធា បាន​បញ្ជាក់​ថា ទាំង​ប្រជាពលរដ្ឋ​ និង​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន ​ដែល​បាន​តវ៉ា​ក្នុង​រឿង​នេះ បាន​យល់ព្រម​​តាម​សំណូមពរ​របស់​លោក​អភិបាលស្រុក ដែល​ស្នើ​ឱ្យ​​មានការ​ស្ងប់ស្ងាត់ យោគយល់​គ្នា ដោយ​សា​តែ​មានការ​អះអាង និង​ការ​ចង្អុលបង្ហាញ​របស់​លោកនាយក​វិទ្យាល័យដែល​ថា ដី​វិទ្យាល័យ​គ្មាន​ការ​បាត់បង់ ហើយ​កន្ទុយ​ដី​វិទ្យាល័យ​នេះ គឺ​នៅ​ត្រឹម​​បង្គោលព្រំ​ដី​ចាស់​ដដែល​ ។ លោក​បាន​ព្រលយ​ពាក្យ​ដែរ​ថា សំណុំរឿង​នេះ​ ទំនង​អាច​នឹង​ផ្ទុះ​ជា​ថ្មី​ទៀត ព្រោះ​ការ​អះអាង​និង​ការ​ចង្អុលបង្ហាញ​ព្រំ​ដី​របស់​លោក​នាយក​វិទ្យាល័យ​ខាងលើ​នេះ វា​ផ្ទុយ​គ្នា​ទៅ​នឹង​ប្លង់​ដី​វិទ្យាល័យ ដែល​បាន​បែកធ្លាយ​ដល់​ដៃ​ពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុងស្រុក​ ។

បើ​យោង​លើ​ឯកសារវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ លេខ​០២០៦០២០៥-០៧៥២ ដែល​កោះសន្តិ​ភាព​​ទ​ទូល​បាន ដែល​គេ​អះ​អាង​ថា ជា​ប្លង់​ដី​វិទ្យាល័យ​មោង​ឬ​ស្សី គឺ​មាន​ក្បាលដី​លេខ​៧៥២ មាន​ផ្ទៃដី​ទំហំ​២១,៣៥៦​ម៉ែត្រការ៉េ មាន​​ទីតាំង​​ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​​១ ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី បាន​ចុះ​ក្នុង​បញ្ជី​សារ​ពើ​ភណ្ឌ​របស់​រដ្ឋ​កាលពី​ថ្ងៃ​ទី​២១​ កញ្ញា ​២០១៦ ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​ និង​សុរិយោដី​ខេត្តបាត់ដំបង គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​រវាង​ទំហំ​ប្លង់​ដី​វិទ្យាល័យ​មោង​ប្ញ​ស្សី និង​ទំហំ​កន្ទុយ​ដី នៃ​វិទ្យា​ល័យ ដែល​ត្រូវ​បាន​គេ​ធ្វើ​ប្លង់​កាត់​ផ្ដាច់​ចេញពី​គ្នា​។

នៅ​ក្នុង​ប្លង់​ដី​វិទ្យាល័យ​នេះ កន្ទុយ​ដី​ដែល​ត្រូវ​គេ​កាត់​ផ្ដាច់​ពី​ដី​សាលា​នោះ ស្ថិត​នៅ​ខាងក្រោយនៃ​វិទ្យាល័យ ដែល​មាន​ទំហំ​ប្រហែល​កន្លះ​ហិក​តា​ ។ ដី​នេះ​ត្រូវ​បាន​កាត់​ចេញពី​ដី​វិទ្យាល័យខាន់​​ចែក​ដោយ​ផ្លូវលំ​មាន​ទទឹង​២​ម៉ែត្រ ហើយ​ត្រូវ​គេ​ពុះ​ជា​ប្លង់​ដី​ឡូ​ត៍​ចំនួន​១០​ប្លង់ ដែល​មាន​ចុះបញ្ជី​សម្គាល់​លេខ​ក្បាលដី​យ៉ាង​ជាក់លាក់​ទៀត​ផង​ ។ បើ​ពិនិត្យ​លើ​ប្លង់​ដី​ឡូ​ត៍​​ទាំង​១០​នោះ គេ​ឃើញ​មាន​លេខ​ក្បាលដី​ចាប់ពី​លេខ​៧៤២ រហូត​ដល់​លេខ​៧៥១ ដែល​មាន​ផ្លូវលំ​ព័ទ្ធ​ជុំវិញ​ ។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ស​ប្ដា​ហ៍​​កន្លង​ទៅ​នេះ ​ប្រជាពលរដ្ឋ និង​លោក​គ្រូ​ អ្នក​គ្រូ​មួយ​ចំនួន នៅ​ស្រុក​មោង​ប្ញស្សី បាន​នាំ​គ្នា​ប្រមូល​ស្នាម​មេដៃ ដើម្បី​ធ្វើ​ញ្ញតិ​​ប្ដឹង​ទៅ​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ទាមទា​ឲ្យ​មានការ​បង្ហាញ​ឯកសារ ដែល​ពាក់ព័ន្ធ​នឹង​ដី​វិទ្យាល័យ​មោង​ប្ញស្សី មួយ​ផ្នែក​ខាងក្រោយ ដែល​សង្ស័យ​ថា ត្រូវ​មន្ត្រី​ខិលខូច​មួយ​ចំនួន​លួច​កាត់​យក​ធ្វើ​ប្លង់​ចែក​គ្ នា​ឬ​លក់​បន្ត​ឱ្យ​​ឯកជន ​។ ដី​នេះ​​ត្រូវ​គេ​ដឹង​ថា បាន​បាត់​ចេញពី​ដី​វិទ្យាល័យ​មោង​ប្ញ​ស្សី ក្នុងអំឡុងពេល​ក្រុម​គណៈកម្មការ​សុរិយោដី​ចុះ​វាស់វែង​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ ​។

បើ​ពិនិត្យ​លើ​ឯកសារ​ខាងលើ​នេះ ហាក់​បាន​ស៊ីសង្វាក់​ទៅ​នឹង​ការ​បំភ្លឺ​របស់​លោក​លឹ​ម សុផល នាយក​វិទ្យា​ល័យ​មោង​ប្ញ​ស្សី ដែល​បាន​ប្រាប់​កោះសន្តិភាព​ថា កាលដែល​ក្រុមបច្ចេកទេស​របស់​វិទ្យាល័យ​ប្រើ​ខ្សែ​ម៉ែត្រ​ធម្មតា​ចុះ​វាស​ដំបូង​ផ្ទៃដី​មាន​ចំនួន​២៧,៣០០​ម៉ែត្រការ៉េ​ ។ ប៉ុន្តែ​នៅ​ពេល​ក្រុម​គណៈកម្មការ​សុរិយោដី​ប្រើ​
ឧ​បករ​ណ៍​ចុះ​វាស់វែង ដើម្បី​ចុះ​ក្នុង​បញ្ជីសារពើភណ្ឌ​របស់​រដ្ឋ​រក​ឃើញ​ផ្ទៃដី​ទំហំ​តែ​ជាង​២១,០០០​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ដោយសារ​កាត់​ដី​ចំណី​ផ្លូវ និង​ដី​ប្រឡាយ​ទឹក​ ។ លោកនាយក​វិទ្យាល័យ​បាន​ហៅ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ និងគ្រូ​បង្រៀន​មួយ​ចំនួន​ថា «​ជា​ការ​យល់​ច្រឡំ ព្រោះ​ដី​នោះ​មិន​បាន​បាត់​ទៅ​ណា​ទេ នៅ​តែ​ជា​ដី​របស់​រដ្ឋ​ ឬ​ដី​របស់​សាលា​ដដែល​»​ ។

កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក​ងី សែត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ទេ​ នា​​រសៀល​ថ្ងៃ​ទី​២១​ ឧសភា នេះ ជុំវិញ​រឿងអាស្រូវ​ដីធ្លី​របស់​វិទ្យាល័យ​មោង​ឬ​ស្សី​ខាងលើ​ ។ ប៉ុន្តែ​លោក​ពេជ្រ ម៉ា​ឡៃ អភិបាលស្រុក​មោង​ប្ញ​ស្សី បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​
ថា សំណុំរឿង​នេះ​ ត្រូវ​បាន​សម្រប​ស​ម្រូ​ល​គ្នា​បញ្ចប់​​ហើយ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​ក្រុម​គណៈកម្មការ​ចុះ​ពិនិត្យ​លើ​ទីតាំង​ដី​នេះ​ដោយ​ផ្ទាល់​ ។ លោក​អភិបាលស្រុក​រូប​នេះ​បាន​បន្ត​ថា ប្រជាពលរដ្ឋ​និង​គ្រូ​បង្រៀន​មួយ​ចំនួន​ ដែល​តវ៉ា​បាន​ឯកភាព​គ្នា ក្រោយ​ពី​លោក​លឹ​ម សុផល នាយក​វិទ្យាល័យ​មោង​ប្ញស្សី បាន​ចង្អុល​បង្ហាញ​ថា ដី​សាលា​គឺ​ស្ថិត​នៅ​ត្រិ​ម​ព្រំ​ដី​ចាស់​ដដែល​ មិន​បាត់បង់​ឡើយ​ ។ ប៉ុន្តែ​នៅ​ពេល​សួរនាំ​អំពី​ប្លង់​ដី​សាលា ដែល​មានការ​អង្កន់​ពុះ​​ជា​ដី​ឡូ​ត៍ផ្នែក​ខាងក្រោយ ថែម​ទាំង​មាន​ចុះ​លេខ​ក្បាលដី​យ៉ាង​ជាក់លាក់​ផង​នោះ លោក​ពេជ្រ ម៉ា​ឡៃ មិន​បាន​ពន្យល់​ជាក់លាក់​ទេ​ ។

លោក​គ្រាន់តែ​បាន​បញ្ជាក់​ថា ​«​ខ្ញុំ​បានឃើញ​គេ​បង្ហាញ​ប្លង់​ដី​វិទ្យាល័យ​នោះ តែ​មិន​ទាន់​ដឹង​បែប​ណា​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​បានឃើញ​ប្លង់​ដើម​នៅឡើយ​»​។ ទោះជា​យ៉ាងណា បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​មួយ​ចំនួន​នៅ​ស្រុក​មោង​ប្ញ​ស្សី បាន​ឲ្យ​ដឹង​ថា កន្ទុយ​ដី​វិទ្យាល័យ​មោង​ប្ញ​ស្សី អាច​ត្រូវ​គេ​អង្កន់​ពុះ​ជា​ដី​ឡូ​ត៏​ចែក​គ្នា និង​បាន​លក់​បន្ត​ទៀត​ផង​ ។

ប្រភព​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​នេះ ​បាន​បង្ហើប​ឱ្យ​ង​ដែរ​ថា មាន​គ្រូបង្រៀន​ពី​៥ ​ទៅ​៧​នាក់​នៅ​វិទ្យាល័យ​នេះ និង​មន្ត្រី​ការិយាល័យ​ជំនាញ​ចាប់ពី​ថ្នាក់​​ស្រុក ដល់​ខេត្ត​ប៉ុន្មាន​នាក់​​ទៀត ត្រូវ​គេ​សង្ស័យ​ថា មាន​ជាប់​ព័ន្ធ​នឹង​ការ​សមគំនិត​គ្នា​លួច​ធ្វើ​ប្លង់​យក​ដី​សាលា​នេះ​ ។ ក្រុម​អ្នក​ផ្ដិត​មេដៃ​ធ្វើ​ញ្ញតិ​ទាមទារ​​ដី​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ​ខាងលើ​នេះ បាន​ហៅ​ការ​បំភ្លឺ​របស់​អាជ្ញាធរ​ស្រុក និង​លោកនាយក​វិទ្យាល័យ​នេះ​ថា ជា​ការ​ភូត​កុហក់​និង
​បំ​ភាន់​​ភ្នែក​មហាជន​តែ​ប៉ុណ្ណោះ​ ។ ព្រោះ​បើ​ពិនិត្យ​លើវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប្លង់​ដី​វិទ្យា​ល័យ​មោងប្ញ​ស្សី​) ដែល​បែកធ្លាយ​ខាងលើ​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កន្ទុយ​ដី​វិទ្យាល័យ​នេះ ត្រូវ​បាន​គេ​​ឃុប​ឃិ​ត​​ពុះ​ជា​ដី​ឡូ​ត៍​​ចែក​គ្នា​ ឬ​លក់​បន្ត​ហើយ និង​មាន​ចុះ​លេខ​ក្បាលដី​នីមួយ​ៗ​យ៉ាង​ច្បាស់​ក្រឡែត​ទៀត​​ផង ​។ សំណុំរឿង​នេះ​ នឹង​អាច​ផ្ទុះ​ឡើងជា​ថ្មី ប្រសិនបើ​ដី​នោះ​មិន​អាច​ក្លាយជា​ដី​របស់​វិទ្យាល័យ​វិញ​
ដូច​ការ​លើក​ឡើង​របស់​នាយក​វិទ្យាល័យ​ទេ​នោះ​ ៕

អត្ថបទសរសេរ ដោយ