ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លន់​ពេក​ជាន់​ច្រឡំ​បោលទាំង​កំរោល​ផ្តាច់ជីវិត​ស្ត្រីម្នាក់​ដល់​វាលស្រែ​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​៖ បុរស​ម្នាក់​​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​បាន​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ស្ត្រី​រង​គ្រោះ​ទៀត បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះ​ស្ត្រី​​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ព្រៃ​ឃ្មុំ​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត…

ខេត្តកំពត​៖ បុរស​ម្នាក់​​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​បាន​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ស្ត្រី​រង​គ្រោះ​ទៀត បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះ​ស្ត្រី​​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ព្រៃ​ឃ្មុំ​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស៊ឹ​ម មុំ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ រីឯ​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ​ភ្នំពេញ ២R-១១៨៨ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​មក​ចូលរួម​ពិធី​មង្គល​ការកូន​អ្នក​ភូមិ​នៅ​ក្បែរ​នោះ បន្ទាប់​ពី​ចូលរួម​មង្គលការ​រួច​ក៏​ចេញ​មក​យក​រថយន្ត​របស់​ខ្លួន​ដែល​ចត​នៅ​វាលស្រែ​កន្លែង​ផ្ញើ​រថយន្ត និង​ម៉ូតូ ។ នៅ​ពេល​បើករថយន្ត​ចេញ​ត្រូវ​ឆ្លងកាត់​ឡើង​ភ្លឺ​ប្រឡាយ ទើប​ដល់​ផ្លូវលំ​ដែល​ត​ភ្ជាប់​នឹង​ភ្លឺ​ប្រឡាយ​នោះ ។ ប្រភព​បន្ត​ទៀត​ថា ម្ចាស់​រថយន្ត​បាន​បើករថយន្ត​តិច​ៗ​មក​ដល់​ភ្លឺ​ប្រឡាយ ហើយ​រថយន្ត​នោះ​ឡើង​មិន​រួច​ក៏​ជាន់​ហ្គ្រា​បន្ថែម ស្រាប់តែ​រថយន្ត​ក៏​ស្ទុះ​ទៅ​មុខ​យ៉ាង​លឿន ពេល​នោះ​ដោយ​អ្នកបើកបរ​ខ្លាច​រថយន្ត​ជ្រុល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ ក៏​បួង​ចង្កូត​ឲ្យ​ផុត​ពី​ភ្លឺ​ប្រឡាយ ទើប​រថយន្ត​បត់​ចុះ​ពី​ភ្លឺ​ប្រឡាយ​ទាំង​នៅ​ល្បឿន​លឿន​បើក​កាត់​វាលស្រែ​ក៏​ទៅ​បុក​ស្ត្រី​​រង​គ្រោះ​ដែល​នៅ​ក្បែរ​ផ្ទះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ រួចរថយន្ត​​ជ្រុល​ទៅ​បុកផ្ទប់​ជញ្ជាំង​ផ្ទះ​​ទៅ​មុខ​លែង​រួច​តែ​ម្តង​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ស្ត្រី​រង​គ្រោះ​ក៏​បាន​ស្លាប់ពេល​មក​ដល់​មន្ទីរពេទ្យ​ ។

សមត្ថកិច្ច​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​មក​លំនៅ​ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ជាមួយ​គ្រួសារ​ស្ត្រី​រង​គ្រោះ​នៅ​ពេល​ក្រោយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ដដែល​បាន​សង្ស័យ​ថា ម្ចាស់​រថយន្ត​បង្ក​ទើបតែ​ទិញ​រថយន្ត​ថ្មី ហើយ​ទំនងជា​មិន​បាន​ចូល​សាលារៀន​បើកបរទេ​​ ទើប​បើករថយន្ត​ជាន់​ហ្គ្រា​ច្រឡំ​ថា​ជាន់​ហ្វ្រាំង​បណ្តាល​ឲ្យ​ជួប​បញ្ហា​ដូច្នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ