ខេត្តកណ្តាល ៖ នៅឆ្នាំនេះ កសិករនៅខេត្តកណ្តាលប្រមូលផលសណ្តែកដីបានច្រើនជាងបណ្តាឆ្នាំកន្លងទៅ និងមានឈ្មួញមកទទួលទិញដល់ផ្ទះផងដែរ ប៉ុន្តែមើមសណ្តែកដីបានធ្លាក់ថ្លៃបន្តិច បើធៀបនឹងឆ្នាំមុន ។
លោក ហេង វួចលាង រស់នៅភូមិលេខ៧ ឃុំត្រើយស្លា ស្រុកស្អាង ប្រាប់ថា គាត់បានចាប់យកមុខរបរដាំសណ្តែកដីនេះជាង៣០ឆ្នាំមកហើយ ដោយដាំនៅលើទីតាំងចំនួន២កន្លែង ដែលមានផ្ទៃដីទំហំ៨.១១០ម៉ែត្រការ៉េ។ ដំណាំនេះមិនសូវមានបញ្ហាធ្លាក់ថ្លៃខ្លាំងដូចដំណាំមួយចំនួនទេ ហើយរបរនេះក៏បានជួយធ្វើឱ្យជីវភាពគ្រួសាររបស់គាត់បានគ្រាន់បើដែរ ។
កសិកររូបនេះបន្តថា ៖« បើទោះជាតម្លៃសណ្តែកដីថោកយ៉ាងណា ក៏មិនក្រោម៣.០០០រៀលដែរក្នុង១គីឡូក្រាម ហើយក្នុងឆ្នាំនេះ ១គីឡូក្រាមតម្លៃ៣.៧០០រៀល គឺថោកជាងឆ្នាំទៅ៣០០រៀល ប៉ុន្តែទទួលផលបានច្រើនជាងឆ្នាំទៅ ហើយម៉ូយនៅតែមកទិញដល់ផ្ទះដូចរាល់ឆ្នាំអីចឹង មិនពិបាកទេ » ។
ចំណែកលោក សុខ តុងអេង រស់នៅភូមិលេខ៦ ឃុំត្រើយស្លា ស្រុកស្អាង ក៏បានប្រាប់ដែរថា ដំណាំសណ្តែកដី មិនសូវពិបាកថែទាំទេ ហើយក៏មិនចាំបាច់ស្រោចទឹកដែរ ។ មុននឹងដាំ គេត្រូវភ្ជួរដីហាលចោល១អាទិត្យសិន ទើបរាស់ឆូតជារង ដាក់គ្រាប់ដាំ និងក្រោយពីដាំរយៈពេល៣ទៅ៣ខែ១០ថ្ងៃ យើងអាចដកវាបានហើយ ។
លោកបន្តថា ៖« សណ្តែកដី គេចាប់ផ្តើមដាំនៅខែកុម្ភៈ ប៉ុន្តែបើមានភ្លៀងធ្លាក់ខ្លាំងពេក ក៏បណ្តាលឲ្យមើមរបស់វាស្អុយ មិនសូវល្អដែរ។ យើងពុំចាំបាច់ស្រោចទឹកវាទេ ដោយយើងគ្រាន់តែបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ និងធ្វើស្មៅប៉ុណ្ណោះ ។ លុះដល់ពេលសណ្តែកចេញមើម យើងត្រូវដាក់របាំងកៅស៊ូព័ទ្ធជុំវិញចម្ការ ដើម្បីការពារកុំឱ្យកណ្តុរចូលស៊ីបំផ្លាញ » ។
លោកបញ្ជាក់ថា ប្រសិនបើការថែទាំបានល្អនោះ ក្នុង១ហិកតាអាចបានទទួលផលបានពី៤ទៅ៥តោនដែរ ហើយក្រៅពីមើមសណ្តែក ដើមរបស់វា គេមិនបោះចោលទេ គឺទុកឱ្យគោស៊ី និងអាចយកទៅធ្វើជាជីកំប៉ុស្តបានទៀតផង ។
លោក ប៉ាវ ប៉េង មេឃុំត្រើយស្លា បានមានប្រសាសន៍ថា ទូទាំងឃុំនេះមានភូមិចំនួន៩ ក្នុងនោះប្រជាពលរដ្ឋ៨០% គឺជាអ្នកធ្វើចម្ការ ។ កាលពីជាង១០ឆ្នាំមុន សណ្តែកដីជាដំណាំនាំមុខគេ ប៉ុន្តែបច្ចុប្បន្ននេះ ស្វាយកែវរមៀត ជាដំណាំអាទិភាពវិញម្តង ។ ប្រជា
កសិករមួយចំនួនមិនបោះបង់មុខរបរនេះទេ ពួកគេនៅតែបន្តដាំសណ្តែកដីនៅឡើយ ពោលគឺមានប្រមាណជាង៥០គ្រួសារដែរ ដែលនៅតែដាំសណ្តែកដី ហើយពេលនេះ ពួកគាត់កំពុងតែមមាញឹកដកសណ្តែកដី ដើម្បីយកដីដាំពោតឱ្យបានមុនរដូវទឹកឡើងមកដល់ ៕
ចែករំលែកព័តមាននេះ