ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ដាំ​លើ​ទឹកមាន​រសជាតិឆ្ងាញ់ជាងបន្លែធម្មតា កំពុង​ទទួល​បានការ​​គាំទ្រ​ច្រើន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ដាំ​បន្លែ​លើ​ទឹក បាន​និយាយ​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណីអាហារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជា​ហូរហែ​មក​ឃើញ​ថា ពលរដ្ឋ​បាន​យល់​ដឹង​ច្រើន​ទាក់ទង​នឹង​ការ​ជ្រើសរើស​បន្លែបង្ការ​ដើម្បី​ទទួលទាន ក្នុង​នោះ​បន្លែ​លើ​ទឹក កំពុង​ទទួល​បានការ​គាំទ្រ​ច្រើន ។  លោក…

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ដាំ​បន្លែ​លើ​ទឹក បាន​និយាយ​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណីអាហារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជា​ហូរហែ​មក​ឃើញ​ថា ពលរដ្ឋ​បាន​យល់​ដឹង​ច្រើន​ទាក់ទង​នឹង​ការ​ជ្រើសរើស​បន្លែបង្ការ​ដើម្បី​ទទួលទាន ក្នុង​នោះ​បន្លែ​លើ​ទឹក កំពុង​ទទួល​បានការ​គាំទ្រ​ច្រើន ។

 លោក យង់ សារី​ម អ្នកជំនាញ​ដាំ​បន្លែ​លើ​ទឹក បាន​ប្រាប់​កោះសន្ដិភាព​ថា បច្ចុប្បន្ន​នេះ មាន​អតិថិជន​កាន់តែ​ច្រើន ទាំង​អ្នកទិញ​យក​ទៅ​បរិភោគ អ្នក​យក​ទៅ​លក់​បន្ដ និង​អ្នក​ចង់​មក​រៀន​ពី​បច្ចេកទេស​ដាំ​ដុះ បាន​មក​ទិញ និង​ទាក់ទង​លោក ហើយ​អ្នកខ្លះ​ទៀត​ចង់​ឲ្យ​លោក​ទៅ​ដំឡើង​សួន​ឲ្យ​ពួក​គេ​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត ប៉ុន្តែ​លោក​ពុំ​មាន​ពេលទំនេរ ។

លោក​ថា ៖« ដោយសារ​តែ​សព្វ​ថ្ងៃនេះ ការ​ផ្គត់ផ្គង់​បន្លែ​លើ​ទីផ្សារ​គ្មាន​ប្រភព​ច្បាស់លាស់ និង​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​សម្បូរ​ដោយសារ​ធាតុគីមី នៅ​ពេល​ទិញ​យក​ទៅ​បរិភោគ​នាំ​ឲ្យ​កើត​ជំងឺ​ប្លែក​ៗ និង​មានការ​ផ្សព្វផ្សាយ​ពី​បណ្ដាញសារព័ត៌មាន​នានា ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ច្រើន​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ ។ ហេតុនេះ​ហើយ ពួក​គាត់​ហាក់​ងាក​មក​ចាប់អារម្មណ៍​លើ​បន្លែ​ធម្មជាតិ​កាន់តែ​ច្រើន » ។
លោក​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ លោក​បាន​ទទួល​សិស្ស​មួយ​ចំនួន​ហើយ ហើយ​សិស្ស​ទាំងនោះ​បាន​ទូរស័ព្ទ​ប្រាប់​ថា ពួក​គេ​បាន​ទទួលលទ្ធផល​ល្អ ប៉ុន្តែ​ពួក​គេ​ចាប់ផ្តើម​ដាំ​ក្នុង​ធុង​ស្នោ​នៅឡើយ មិន​ទាន់​ហ៊ាន​ចំណាយ​ដើមទុន​ធំ​ទេ ។

លោក​បន្ដ​ថា ៖« ថ្មី​ៗ​នេះ ក៏​មាន​អ្នក​ខេត្តសៀមរាប បាន​ទាក់ទង​ឲ្យ​ខ្ញុំ​ទៅ​ដំឡើង​សួន​ដាំ​បន្លែ​លើ​ទឹក​ឲ្យ​គេ​ដែរ ប៉ុន្តែ​ខ្ញុំ​គ្មាន​ពេលទំនេរ​សោះ ។ ចំពោះ​អ្នក​បរិភោគ​វិញ សព្វ​ថ្ងៃនេះ មាន​អ្នក​មក​ទិញ​ច្រើន​ណាស់ គឺ​មក​ទិញ​ដល់​ផ្ទះ និង​ខ្លះ​ទៀត​កុម្ម​ង់​យក​ទៅ​ដល់​ខេត្ត » ។

លោក​បញ្ជាក់​ថា ៖« ចំពោះ​អ្នក​ធ្លាប់​បរិភោគ​បន្លែ​លើ​ទឹក​ហើយ គឺ​មិន​ចង់​ហូប​បន្លែ​ផ្សេង​ទៀត​ទេ ទោះបីជា​បន្លែ​លើ​ទឹក​ថ្លៃ​បន្តិច​មែន​ក៏​ដោយ » ។

លោក​សូម​ផ្ញើ​សារ​ដល់​បងប្អូន​កសិករ មន្ត្រីរាជការ​ទាំងឡាយ ដែល​មាន​ពេលទំនេរ គួរ​រៀន​ដាំ​បន្លែ​លើ​ទឹក ព្រោះ​ការ​ដាំ​បន្លែ​លើ​ទឹក​នេះ មិន​រើស​ទីកន្លែង​ទេ យើង​អាច​ដាំ​តាម​របង ឬ​ដាំ​ធ្វើ​ជា​សួនច្បារ​សម្រាប់​លំហែកាយ​ក៏​បាន ។ នៅ​ពេល​ត្រឡប់​ពី​ធ្វើការ​វិញ យើង​ឃើញ​សួន​បន្លែ​របស់​យើង គឺ​អាច​ឲ្យ​យើង​ធូរស្បើយ​ពី​ការ​នឿយហត់ និង​អាច​ជា​បន្លែ​បរិភោគ​ដែល​គ្មាន​សារធាតុ​គីមី ហើយ​ងាយស្រួល​ក្នុង​ការ​ដាំ​ដុះ​ទៀត​ផង ។

លោក​បាន​បង្ហើប​ពី​បច្ចេកទេស​ដាំ​ថា ការ​ដាំ​បន្លែ​លើ​ទឹក គឺ​សំខាន់​ណាស់​ត្រូវ​តែ​មានទឹក​ស្អាត​ល្អ ដែល​មាន​កម្រិត​អាស៊ីត​ពី​៥,៨ ទៅ​៦,៥ ទើប​ដាំ​បាន ដោយ​មិន​អាច​ប្រើប្រាស់​ទឹក​ផ្តេសផ្តាស​បាន​ទេ ។ ការ​ដាំ​បន្លែ​លើ​ទឹក តាម​ស្តង់ដា គឺ​ស្ពៃ​១​គុម្ព ចំណាយ​ទឹកតែ​២​លី​ត្រ​ទេ យើង​ដាក់​ទឹក​ក្នុង​ពាង​សម្រាប់​បូម​ចេញ និង​បង្ហូរ​ចូល​វិញ គឺ​លៃ​ឲ្យ​ត្រូវ​ទៅ​តាម​ទំហំ​សួន​របស់​យើង​ទៅ នឹង​ទទួល​បាន​ជោគជ័យ​ហើយ ។ ចំពោះ​បន្លែ​វិញ គ្មាន​សារធាតុ​គីមី ហើយ​មាន​រសជាតិ​ឆ្ងាញ់​ជាង​បន្លែ​ធម្មតា ។ ជាមួយ​គ្នា​នេះ បន្លែ​លើ​ទឹក ក៏​មាន​សារធាតុ​រ៉ែ​ផង​ដែរ ។ ចំពោះ​ពូជ​បន្លែ​លើ​ទឹក​ទាំងអស់ លោក​ត្រូវ​ទិញ​ពូជ (​គ្រាប់​) ពី​បរទេស​ទាំងអស់ ប៉ុន្តែ​ពេល​បាន​ផល គឺ​លក់​ក្នុង​១​គីឡូក្រាម​ថ្លៃ​៣​ដុល្លារ ឬ​ស្មើ​១២.០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ