ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០​ឧសភា នៅ​ខេត្តសៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០​ឧសភា ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស…

ខេត្តសៀមរាប ៖ ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០​ឧសភា ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ថ្មី ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ កម្មាភិបាល យុទ្ធ​ជន យុទ្ធ​នារី អ្នក​ស្នេហា​ជាតិ ដែល​បាន​បាត់បង់​ជីវិត ដោយ​ភាព​អយុត្តិធម៌​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដែល​រៀបចំ​ឡើង ដោយ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន និង​ជា​ប្រធាន​គណៈកម្មាធិការ នៃ​គណបក្ស ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ អភិបាលខេត្ត​សៀមរាប លោក បណ្ឌិត នូ ផល្លា សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន និង​ជា​អនុប្រធាន​គណៈកម្មាធិការ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មានការ​និមន្ត​ពី​ព្រះសង្ឃ និង អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ និង​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ គរុ​សិស្ស សិស្សានុសិស្ស ក្រុមប្រឹក្សា​សង្កាត់ ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ​ប្រមាណ​ជាង​៣​ពាន់​នាក់​ចូលរួម​។

ទិវា ២០​ឧសភា គឺជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ទូ​ទាំង ប្រទេស បាន​កំណត់​យក​ជា​ថ្ងៃ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ បងប្អូន​ប្រជាជន​ខ្មែរ កម្មាភិបាល យុទ្ធ​ជន យុទ្ធ​នារី ដែល​បាន​បាត់បង់​ជីវិត ដោយ​ភាព​អយុត្តិធម៌​បំផុត ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដែល​ជា​ថ្ងៃ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង មិន​អាច​បំភ្លេច​បាន នូវ​ប្រវត្តិ​ជូរ​ចត់ រស់នៅ​ក្នុង​សមុទ្រ​ឈាម និង​ទឹកភ្នែក ហើយ​ត្រូវ​បាន​ចារឹក​ទុក​នៅ​ក្នុង​ក្រឳ​បេះដូង​របស់​ប្រជាជន​កម្ពុជា​យើង​គ្រប់​ៗ​រូប​។ ក្នុង​ពិធី​នោះ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​អាន​នូវ​វិយោគកថា ដោយ​បាន​គូសបញ្ជាក់​ថា ថ្វី​ដ្បិត​ពេលវេលា​នៃ អតីតកាល​បាន​កន្លង​ផុត​៣៩​ឆ្នាំ​ក៏​ពិតមែន តែ​ភាព​ឈឺចាប់​ខ្លោចផ្សារ​របស់​ប្រជាជន​កម្ពុជា នៅ​តែ​ដិតដាម​ជាប់​នៅ​ក្នុង​ក្រឳ​បេះដូង​របស់​ប្រជាជន​យើង​គ្រប់​រូប នូវ​មហា​វិនាសកម្ម របស់​ប្រជាជន​ជាង​៣​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​ភាព​អយុត្តិធម៌ និង អាណោចអាធ័ម​ក្រៃ​លែង​។ លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា ដោយ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម ធ្វើ​ប្រជាជន​កម្ពុជា​រង​គ្រោះ​មហន្តរាយ​ដ៏​អាណោច អាធ័ម ព្រាត់ប្រាស់​ក្រុម​គ្រួសារ​បងប្អូន និង​ទទួល​រង​ទុក្ខវេទនា​មិន​អាច​ពិពណ៌នា​បាន​ឡើយ​។

ដោយ​ទ្រាំ​នូវ​ភាព​វេទនា​លំបាក​នៃ​នរក​អ​វចី​យ​នេះ ក៏​មាន​កម្លាំង​អ្នក​ស្នេហា​ជាតិ​បរិសុទ្ធ ដែល​ប្រ​សូត្រ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​នូវ រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ធ្វើការ​ប្រយុទ្ធ​ប្រឆាំង និង​ពួក​បន​ប្រល័យពូជសាសន៍ ប៉ុ​ល ពត រហូត​ទទួល​បាន​ជ័យជម្នះ​នា​ថ្ងៃ​៧ មក​រា ១៩៧៩ បាន​នាំ​មក​នូវ​សិទ្ធិ​សេរីភាព​ជូន​ប្រជាជន និង​បន្ត​ខិតខំ​ស្តារ​កសាង​ប្រទេស ពី​គំនរ​ផេះ​ផូ​ផង់ ឲ្យ​ប្រែក្លាយ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន ព្រមទាំង​ការពារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន រហូត​ដល់​ពេល​បច្ចុប្បន្ន​។ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​លើក​ឡើង​ផង​ដែរ​ថា រាល់​ការ​អភិវឌ្ឍន៍ ការ​កសាង​នូវ​សមិទ្ធិ​ផល​ជូន​ជាតិ​មាតុភូមិ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​នៅ​តាម​បណ្តា​មូលដ្ឋាន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។

ម្យ៉ាងទៀត​ក៏​សូម​ឧទ្ទិស​ដល់​ថ្ងៃ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០​ឧសភា​នេះ ឲ្យ​ប្រែ​ក្លាយទៅជា​ការ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ សំដៅ​ទៅ​រក​ការ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ របស់​ប្រជាជន​កម្ពុជា និង​សូម​បងប្អូន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​ៗ​គ្នា និង​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព នៅ​កម្ពុជា​។ បន្ត​មក​គណៈអធិបតី សមាជិក​នៃ​អង្គពិធី​ទាំងមូល បាន​ធ្វើការ​បូជា ទៀន ធូប ដាក់​នូវ​កម្រងផ្កា គោរព​វិញ្ញ​ណ​ក្ខ​ន្ធ ដល់​ប្រជាជន​កម្ពុជា អ្នក​ស្នេហា​ជាតិ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌ ក្នុង​របប​ប្រល័យពូជសាសន៍ ព្រមទាំង​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៦៨​អង្គ ប្រារ​ព្វ​ធ្វើ​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រ ដើម្បី​ឧ​ទិ្ទ​សម​ហា​កុសលផល​បុណ្យ​ជូន​ដល់ ប្រជាជន យុទ្ធ​ជន យុទ្ធ​នារី កម្មាភិបាល​អ្នក​ស្នេហា​ជាតិ និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ ដោយ​អំពើ​ឃោរឃៅ ព្រៃផ្សៃ និង​អយុត្តិធម៌ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ឲ្យ បាន​ទៅ​កាន់​ក្នុង​សុគតិភព​តរៀង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ