ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទិញ​ដី​ទុក​ចំណេញ​នៅ​​ព្រ​លាន​យន្ដហោះ​ថ្មី កំពុង​ខកចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​លេចឮ​ព័ត៌មាន​ជាក់លាក់​ថា ការ​សាងសង់​ព្រ​លាន​យន្ត​ហោះ​ថ្មី​នៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នឹង​អាច​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២៥ បណ្ដា​អ្នក​វិនិយោគ​លើ​ដីធ្លី​ដើម្បី​យក​ប្រាក់​ចំណេញ​នៅ​ជុំវិញ​តំបន់​នោះ បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​ត្អូញត្អែរ​ពី​ភាពយឺត​យ៉ាវ​នៃ​ការ​សាងសង់​គម្រោង​នេះ ពិសេស​អ្នក​ដែល​ខ្ចីប្រាក់​ពី​ធនាគារ…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​លេចឮ​ព័ត៌មាន​ជាក់លាក់​ថា ការ​សាងសង់​ព្រ​លាន​យន្ត​ហោះ​ថ្មី​នៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នឹង​អាច​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២៥ បណ្ដា​អ្នក​វិនិយោគ​លើ​ដីធ្លី​ដើម្បី​យក​ប្រាក់​ចំណេញ​នៅ​ជុំវិញ​តំបន់​នោះ បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​ត្អូញត្អែរ​ពី​ភាពយឺត​យ៉ាវ​នៃ​ការ​សាងសង់​គម្រោង​នេះ ពិសេស​អ្នក​ដែល​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មក​វិនិយោគ​កាន់តែ​យំ​មិន​ចេញ​ថែម​ទៀត ។

ឆ្លើយ​តប​នឹង​កង្វល់​នេះ លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា កន្លង​មក​ថា ការ​វិនិយោគ​លើ​ដីធ្លី​មិន​អាច​ទទួល​បាន​ផល​មក​វិញ​មុន​រយៈ​ពេល​​១​ឆ្នាំ ឬ​២​ឆ្នាំ​ទេ វា​ត្រូវការ​ពេលវេលា​សម​ស្រប​មួយ​។ ហេតុនេះ មុន​នឹង​សម្រេចចិត្ត​វិនិយោគ​លើ​ដីធ្លី អ្នក​វិនិយោគ​គួរ​គិត​ពី​កត្តា​មួយ​ចំនួន​សិន ដូច​ជា ៖

១-​សូម​ដក​ចេញ​នូវ​ការ​ពឹងផ្អែក​លើ​ព្រេងសំណាង​ជា​មុន​សិន ព្រោះ​ព្រេងសំណាង​វា​មិន​អាច​កើត​មាន​ពិតប្រាកដ​ទេ បើ​យើង​គ្មាន​មូលដ្ឋាន​សម្រេចចិត្ត​ត្រឹមត្រូវ ។

២-​ត្រូវ​សួរ​ខ្លួនឯង​ថា បើសិនជា​គម្រោង​របស់​ខ្លួន​ជាប់​គាំង លក់​មិន​ចេញ តើ​យើង​អាច​ទ្រាំ ឬ​មាន​វិធីសាស្ត្រ​ដោះស្រាយ​បាន​ប៉ុន្មាន​ឆ្នាំ បើយើង​រង់ចាំ ឬ​អាច​ដោះស្រាយ​បាន យើង​នឹង​ទទួល​ជោគជ័យ ។

៣-​កុំ​ពឹងផ្អែក​លើ​ព័ត៌មាន​ឆៅ ឬ​ធ្វើ​តាម​កំសួល​ភ្លាម​ៗ ដោយ​មិន​បាន​វិភាគ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន ។

៤-​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ផ្នែក​អារម្មណ៍ មាន​ន័យ​ថា កុំ​យក​អារម្មណ៍ ឬ​ធ្វើ​តាម​គ្នា ។

ជាមួយ​គ្នា​នេះ ក៏​មានការ​លេចឮ​ថា ព្រ​លាន​នេះ​នឹង​ផ្លាស់​ប្តូរ​ទីតាំង ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​អះអាង​ថា ទីតាំង​សាងសង់​ព្រ​លាន​យន្ត​ហោះ​លំដាប់​អន្តរជាតិ​ថ្មី​នៅ​លើ​ទឹកដី​ស្រុក​កណ្តាលស្ទឹង មិន​បាន​ផ្លាស់​ប្តូរ​ដូច​ពាក្យ​ចចាម​អារ៉ាម​ឡើយ ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​ស្ថាប័ន​ខាងលើ​នេះ បាន​ថ្លែង​ថា ទីតាំង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នេះ ពិតជា​គ្មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ទេ ប៉ុន្តែ​ការ​សាងសង់​នៅ​ពេល​​ណា លោក​មិន​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ព្រោះ​ការងារ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន OCIC និង​ក្រុមហ៊ុន​ចិន ដែល​បាន​សហការ​សាងសង់​ព្រ​លាន​នេះ ។ លោក​បន្ត​ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​នេះ​អាច​ចំណាយពេល​រហូត​ដល់​៥​ឆ្នាំ ដោយ​មិន​ទាន់​គិត​ពី​ការ​ចាក់​ខ្សាច់​បំពេញ​ផ្ទៃ​បឹង​នៅឡើយ​ទេ ។

លោក​ថ្លែង​ថា ៖« តាម​ធម្មតា ការ​សាងសង់​ព្រ​លាន​យន្តហោះ​នីមួយ​ៗ​ត្រូវ​ចំណាយពេល​ច្រើន មិន​អាច​ធ្វើ​១​ឆ្នាំ ឬ​២​ឆ្នាំ​បញ្ចប់​បាន​នោះ​ទេ » ។ លោក​បន្ត​ថា ៖« ព្រ​លាន​យន្តហោះ​ថ្មី​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​៨០០​ហិ​កតា ហើយ​ផ្ទៃដី​ដែល​នៅ​សល់​នឹង​ប្រើ​ប្រាស់​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សេង​ៗ ដើម្បី​បម្រើ និង​ទ្រទ្រង់​សកម្ម​ភាព​ព្រ​លាន​យន្តហោះ​ថ្មី​នេះ » ។

តាម​គម្រោង​ដែល​បាន​ស្នើ​សុំ​ទៅ​កាន់​រាជរដ្ឋាភិបាល ក្រុមហ៊ុន OCIC គ្រោង​វិនិយោគ​ព្រ​លាន​យន្តហោះ​នេះ​នៅ​លើ​ផ្ទៃដី​ទំហំ​២.៦០០​ហិ​កតា ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បន្ត​ថា តាម​ធម្មតា​ការ​វិនិយោគ​សាងសង់​ព្រ​លាន​យន្តហោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​ងាយ​រក​ផល​ចំណេញ​បាន​មក​វិញ​ទេ ។ ហេតុ​នេះ ទើប​ក្រុមហ៊ុន​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម (Airport City) នៅ​ជុំវិញ​ព្រ​លាន ដើម្បី​រក​ផល​ចំណេញ​ពី​ការ​វិនិយោគ​របស់​ខ្លួន ។

គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នេះ ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ចុងឆ្នាំ​មុន ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក លី ឃឺ​ឈាង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលបាន​មក​​ទស្សនកិច្ច​នៅ​កម្ពុជា ។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន OCIC បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា បច្ចុ​ប្បន្ន ក្រុមហ៊ុន​បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម ដើម្បី​រៀបចំ​គម្រោង និង​ផែនការ​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​អនុម័ត មុន​ពេល​សាងសង់​ព្រ​លាន​យន្តហោះ​នេះ ។

ទោះជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ចាប់ផ្តើម​សាងសង់​ព្រ​លាន​យន្ត​ហោះ​នេះ​នៅ​ពេល​ណា​ជាក់លាក់​ទេ ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា ជា​ធម្មតា គម្រោង​ធំ​បែប​នេះ​ទាល់តែ​មានការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី និង​ការ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ចូលរួម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ទើប​គម្រោង​នេះ​អាច​និយាយ​ថា ជា​ការ​ពិត ។ លោក​បន្ត​ថា កន្លង​មក មានការ​លើក​ឡើង​​ពី​ការ​សាងសង់​ព្រ​លាន​នៅ​ខេត្តកំពង់ឆ្នាំង​ផង នៅ​កំពង់ស្ពឺ​ផង និង​នៅ​កណ្តាល​ស្ទឹង ក្នុង​ខេត្តកណ្តាល​ផង​។ ហេតុនេះ ភាព​ពិតប្រាកដ​នៃ​គម្រោង​នេះ ទាល់តែ​សម្តេច​ទៅ​បើក​ការដ្ឋាន​សាងសង់ ទើប​យើង​ដឹង​ពិតប្រាកដ ។

លោក​បន្ត​ថា ៖« ការ​ឡើងថ្លៃ​ដី និង​អ្នកមាន​វិបត្តិ​ពី​ការ​ទិញ​ដី​ក្នុងអំឡុងពេល​តម្លៃ​ពុះ​កញ្ជ្រោល គឺ​មក​ពី​ភាព​លោភលន់​របស់​ពួក​គេ ហើយ​ការ​រំពឹង​ទុក ការ​សាងសង់​ព្រ​លាន​យន្តហោះ​មួយ​អាច​ត្រូវ​ចំណាយពេល​រៀបចំ និង​សាងសង់​ដល់​៧​ទៅ​១០​ឆ្នាំ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ