ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​របៀង​មួយ​នៅ​ស្រុក​ម៉ាឡៃ បើក​ចំហ​មិន​ហាម​ឃាត់

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ច្រក​របៀង​​មួយ​ស្ថិត​នៅ​ក្នុងភូមិ​​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ាឡៃ ​គេ​ឃើញ​​បើក​ចំហ​ឱ្យ​ពល​ករ​ឆ្លង​ទៅ​ទឹក​ដី​សៀម​​ដោយ​សេ​រី ហើយ​សមត្ថ​កិច្ច​​នៅ​ទី​នោះ​ដែល​មាន​២​​​អង្គ​ភាព​​ត្រូវ​បាន​ស្តី​បន្ទោស​​ថា មិន​បាន​ហាម​ឃាត់​​ផ្ទុយ​ទៅវិញ បែរ​ជា​ដាក់​កុង​ត្រូល​​អង្គុយ​ចាំ​យក​លុយ​ទៅវិញ ។ ច្រក​របៀង​ក្នុង​​ភូមិ​ចំបក់​មួយ​នេះ​នៅ​ចំណុច​ជាយ​ភូមិ​ដែល​មាន​​សមត្ថ​កិច្ច​ធ្វើ​ប៉ុស្តិ៍​ដាក់​កុង​ត្រូល​ ហើយ​ក៏​មាន​រថយន្ត​ជា​ច្រើន​​គ្រឿង​សំរាប់​រង់​ចាំ​​ស៊ីឈ្នួ​ល​​ដឹក​ពល​ករ​ដែល​ចេញ​ពី​​ដី​សៀម​មក​វិញ​​​ដែរ ​ប្រៀប​​ដូច​ជា​ចំណត​រថយន្ត​ទៅ​ហើយ ។ ​

បើ​តាម​ប្រភព​​ពី​ប្រជា​ពល​រដ្ឋ​បាន​​ឱ្យ​ដឹង​ថា ច្រក​ខាង​លើ​​នេះ គឺ មាន​ពល​ករ​ចំណាក​ស្រុក​ឆ្លង​ទៅ​មក​ទឹក​ដី​សៀម​រៀង​​រាល់​​ថ្ងៃ ហើយ​ពល​ករ​ទាំង​នោះ គឺ​មក​ពី​​​តាម​បណ្តា​ខេត្ត​​ផ្សេងៗ ។ កាល​ពី​មុន​ពល​ករ​ត្រូវ​បាន​គេ​ដឹក​តាម​​រថយន្ត​នីស្សាន់​យ៉ាង​ចំហ​ជិះ​ពេញៗ​​​ចូល​ដល់​ជាយ​​ភូមិ ប៉ុន្តែ​​បច្ចុ​ប្បន្ន​​គេ​ឈប់​ដឹក​តាម​រថយន្ត​នីស្សាន់​​ឱ្យ​​ឃើញ​គគ្រឹក​គគ្រេង​ទៀត​ហើយ គឺ​ប្តូរ​រូប​ភាព​​ដឹក​តាម​រថយន្ត​​​កាមរី​វិញ ទាំង​ទៅ​ទាំង​មក​ពីចំណុច​​ច្រក​របៀង​នោះ ។ ពល​ករ​មួយ​​ក្រុម​ដែល​ចេញពី​ទឹក​ដី​សៀម​មាន​ទាំង​កាបូប​ខោ​អាវ​មាន​ទាំង​កូន​តូច​​ផង បាន​ប្រាប់​ថា ពួក​​​គាត់ ទើប​តែ​​វិល​មក​​ពី​ស៊ី​ឈ្នួល​ដាំ​កូន​ឈើ​និង​ដំឡូង​ឱ្យ​សៀម​ តាម​ភូមិ​ក្នុង​ស្រុក​ខ្លង​ហាត ។ ​ពួក​​គាត់​​ចូល​ទៅ​ទឹក​ដី​សៀម​ក៏​​តាមច្រក​នេះ​ដែរ ហើយ​ការ​ឆ្លង​ទៅ​មក​​មិន​មាន​ការ​ហាម​ឃាត់​​ទេ គឺ​ពួក​​​គាត់​បង់​តែ​លុយ​ម្នាក់​២០​បាត​ទាំង​ទៅ​ទាំង​មក​​ជា​ការ​ស្រេច ។

ប៉ូលិស​ការ​​ពារ​ព្រំ​ដែន​​គោក​​វរ​សេនា​តូច​លេខ​៨១៥ ​ប្រចាំ​នៅ​មាត់​​ច្រក​ចេញ​ចូល​ព្រំ​ដែន​​បាន​ប្រាប់​ថា ​ពល​ករ​ដែល​ចេញ​ចូល​ទៅ​​ដី​សៀម​ភាគ​ច្រើន​ គឺ​ទៅ​ព្រឹក​វិល​ល្ងាច ។ ចំណែក​ឯ​​មន្ត្រី​​យោធា​​សឹក​រង​ស្រុក​ម៉ាឡៃ​​​មួយ​រូប​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​និយាយ​ថា ពល​ករ​​​ដែល​ឆ្លង​ទៅ​មក​​ទឹក​ដី​សៀម​គឺ​​​លំបាក​ទប់​ស្កាត់​​ណាស់ ព្រោះ​​ភូមិ​អ្ន​ក​ស្រុក​ ស្ថិត​​តាម​ព្រំ​ដែន ​នៅ​ពេល​ពល​ករ​​លួច​ចេញ​ទៅ​សៀម​​គឺ​​ងាយ​ស្រួល​ជា​ទី​បំផុត។ គេ​កត់​សំគាល់​​ថា ដោយ​សា​រ​គ្មាន​​​ការ​ទប់​ស្កាត់​​ពី​សំណាក់​​សមត្ថ​កិច្ច​តាម​​ខ្សែ​បន្ទាត់​ព្រំ​ដែន​​ក្នុង​ស្រុក​ម៉ាឡៃ​ ចំពោះ​ពល​ករ​ចំណាក​ស្រុក​ដែល​ឆ្លង​​ទៅ​មក​ទឹក​ដី​សៀម​នេះ​ឯង ទើប​​ពល​ករ​ខុស​​ច្បាប់​ត្រូវ​​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​សៀម​ចាប់​​បញ្ជូន​មក​វិញ ជា​រៀង​រាល់​ថ្ងៃ​​ឥត​ឈប់​ឈរ​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ដោយ​​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ក្រោម​២០០​នាក់​​ទេ ៕