ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិនិយោគ​លើ​វិស័យសំណង់​នៅ​តែ​មាន​សន្ទុះ ទោះ​ជិត​ដល់​ពេលបោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សង្កេត​​ឃើញ​ថា ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨​នេះ នៅ​មាន​សន្ទុះ​រឹង​មាំ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ លោក ឡៅ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សង្កេត​​ឃើញ​ថា ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨​នេះ នៅ​មាន​សន្ទុះ​រឹង​មាំ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

លោក ឡៅ ទិព្វ​សីហា មន្ត្រី​ជំនាញ​រូប​នេះ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៨ ឧសភា ម្សិល​មិញ​ថា ពាក់ព័ន្ធ​នឹង​សន្ទុះ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០១៨​នេះ ការ​អភិវឌ្ឍ​នៅ​តែ​ខ្លាំង និង​មាន​ភាពរឹងមាំ​នៅឡើយ ដោយសារ​នៅ​គ្រប់​ការ​ដ្ឋាន​សាងសង់​នៅ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​ការ​សាងសង់​ក្នុង​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ កំពុង​មាន​សកម្មភាព​យ៉ាង​មមាញឹក ពិសេស​គឺ​គម្រោង​អគារ​ខ្ពស់​ៗ​ជា​ច្រើន​កំពុង​ដំណើរការ​សាងសង់ និង​បន្ត​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត ។

លោក​បញ្ជាក់​ថា ៖« ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​អំឡុង​ដើមឆ្នាំ​២០១៨​នេះ មាន​សន្ទុះ​គួរ​ឱ្យ​កត់សម្គាល់ ។ ការ​រីក​ចម្រើន​នេះ ដោយសារ​តែ​គម្រោង​ស្នើ​សុំ​នៅ​ឆ្នាំ​២០១៧​មាន​ច្រើន បូក​រួម​ទាំង​គម្រោង​ស្នើ​សុំ​បន្ថែម​នៅ​ឆ្នាំ​២០១៨​នេះ​ទៀត ។ អីចឹង ធ្វើ​ឱ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​រក្សា​បាន​ស្ថានភាព​នឹងនរ​ល្អ » ។

លោក​សង្កត់ធ្ងន់​ថា ៖« ជា​រួម កា​រវិ​វត្ត​នៃ​វិស័យ​សំណង់​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ រួម​នឹង​កា​រវិ​វត្ត​វិស័យ​សំណង់​កាលពី​ឆ្នាំ​២០១៧​កន្លង​មក វិស័យ​សំណង់​នៅ​តែ​រក្សា​ស្ថិរ​ភាពល្អ ហើយ​ការ​អភិវឌ្ឍ​នៅ​តែ​បន្ត​ខ្លាំងក្លា បូក​រួម​ជាមួយ​ការ​ទិញ​ដូរ​លំនៅ​ឋាន​មាន​ដំណើរ​ការ​ល្អ រួម​នឹង​អចលនទ្រព្យ និង​វិស័យ​ដីធ្លី​ក៏​អីចឹង​ដែរ សកម្មភាព​ការ​ទិញ​ដូរ​កំពុង​តែ​ខ្លាំងក្លា ។ ចំណែក​ដី​នៅ​រក្សា​តម្លៃ​ខ្ពស់ អត់​មាន​ស្រក​ចុះ​ទេ » ។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate បាន​មាន​ប្រសាសន៍​ថា ៖« សកម្មភាព​សាងសង់ និង​សកម្មភាព​ទិញ​-​លក់ នៅ​មានដំណើរ​ការ​ធម្មតា ។ សកម្មភាព​នៅ​តំបន់​កំពុង​អភិវឌ្ឍន៍ និង​តំបន់​ដែល​មាន​គម្រោង​ផ្សេង​ៗ គេ​តាម​សួរ​ទិញ​រហូត​ហ្នឹង ។ តួយ៉ាង នៅ​តំបន់​សែន​សុខ ជ្រោយចង្វា តំបន់​ផ្លូវ​លេខ​៦០ និង​នៅ​ខេត្ត​ព្រះ​សីហ​នុ ជាដើម » ។

លោក​បញ្ជាក់​ថា ៖« វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា វា​មានការ​ប៉ះពាល់ លុះ​ត្រាតែ​មាន​អ​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច តែ​នយោបាយ និង​សេដ្ឋកិច្ច​យើង​អត់​មាន​បញ្ហា​អី​ផង » ។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna investment បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​លោក​មិនឃើញ​មាន​កន្លែង​ណា​ធ្លាក់​ចុះ ឬ​ផ្លាស់​ប្តូរ​ទេ​។ ផ្ទុយ​មក​វិញ នៅ​ខណ្ឌ​សែន​សុខ​បង្ហាញ​ថា មាន​កំណើន​ឡើង ព្រោះ​គម្រោង​ផ្សារ​ទំនើប​អុ​ី​អន​ទី​២ ជិត​បើក​ដំណើរការ ។ លើស​ពី​នេះ នៅ​តាម​ផ្លូវជាតិ​លេខ​១, លេខ​៦ និង​ផ្លូវជាតិ​លេខ​៣ មាន​កំណើន​កើនឡើង ។

លោក វ៉ា វី​រៈ មាន​ប្រសាសន៍​ថា ៖«​ទោះ បី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នឹង​ខិត​មក​ដល់​នា​២​ខែ​ខាង​មុខ​ទៀត​ក្តី ក៏​មិនឃើញ​មាន​ផល​ប៉ះពាល់​ដូច​ការ​បោះ​ឆ្នោត​នា​ប៉ុន្មាន​ឆ្នាំ​មុន​ៗ​ដែរ។ វិស័យ​អចលនទ្រព្យ​ហាក់ដូច​បង្ហាញ​ការ​កើនឡើង​នៅ​ច្រើន​កន្លែង ហើយ​តម្លៃ​នៃ​ការ​ទិញ​-​លក់ កើនឡើង​ប​និ្ត​ច​បន្តួច​ដែរ ។ ជា​ទូទៅ នៅ​ពេល​ជិត​ដល់​បោះ​ឆ្នោត តម្លៃ​ធ្លាក់​ចុះ បន្ទាប់ មក​សកម្មភាព​ស្ងាត់​តែ​ម្តង ប៉ុន្តែ​ផ្ទុយ​មក​វិញ​សកម្មភាព​ពេល​នេះ​ហាក់​ដូច​កើនឡើង » ។

លោក ឡៅ ទិព្វ​សីហា មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​សុទិដ្ឋិនិយម​ថា បើ​ទោះបី​ឆ្នាំ​២០១៨​នេះ ត្រូវជា​ឆ្នាំ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក៏​ដោយ ក៏​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សំណង់​ដែរ ព្រោះ​ការ​លក់ដូរ​ក្នុង​វិស័យ​សំណង់​មាន​លក្ខណៈ​​ធម្មតា អត់​មាន​បញ្ហា​អ្វី​ទេ ។ អ្នក​លក់ដូរ​ផ្ទះល្វែង និង​អគារ​នានា​មានដំណើរ​ការ​ខ្លាំង​ឡើង​ៗ អត់​មានការ​ប្រែប្រួល ឬ​ថមថយ​ឡើយ ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស មាន​ចំនួន​សរុប​៣.០៥២​គម្រោង មាន​ផ្ទៃក្រឡា​ជាង​១០​លាន​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ានស្មាន​ទុន​វិនិយោគ​ជាង​៦​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​២.៤០៥​គម្រោង មាន​ផ្ទៃក្រឡា​សាងសង់ សរុប​១១​លាន​ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង​ចំនួន​២២,៣១% ។

យោង​តាម​របាយការណ៍​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិស័យ​សំណង់ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​អត្រាកំណើន​ប្រមាណ​១៦,៧%​ក្នុង​ឆ្នាំ​២០១៨ និង​១៦,៩%​ក្នុង​ឆ្នាំ​២០១៩ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​បន្ត​ងាក​ទៅ​រក​ប្រភេទ​គម្រោង​សំណង់​ថ្លៃ​ទាប និង​មធ្យម ដែល​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត​នៃ​ប្រភេទ​សំណង់​ថ្លៃ​ខ្ពស់ ។ ភាពរឹងមាំ​នៃ​វិស័យ​នេះ​ត្រូវ​បាន​បន្ត​គាំទ្រ​ដោយ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​, ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត និង​ភាព​ជឿជាក់​ចំពោះ​ការ​វិនិយោគ ដោយសារ​ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ទោះជា​មាន​ឥរិយាបថ​ប្រុង​ប្រយ័ត្ន​ពី​សំណាក់​វិនិយោគិន​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​បោះ​ឆ្នោត​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ