ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ដ៏​វ័យ​ចំណាស់​កក្រើក​បណ្តាញ​សង្គម​… ធ្វើ​ឱ្យ​កោះសន្តិភាព​ក៏​នៅ​មិន​ស្ងៀម

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាពាហ៍ពិពាហ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ កាលពី​ថ្ងៃ​១៧ ឧសភា បាន​ធ្វើ​ឱ្យ​មានការ​ញ័រ​កក្រើក​ពេញ​ស្រុក​វ៉ា​រិ​ន ហើយ​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺ​មង្គលការ​កូនកំលោះ​អាយុ​៨៦​ឆ្នាំ និង​កូនក្រមុំ​អាយុ​៧១​ឆ្នាំ ។…

ខេត្តសៀមរាប ៖ អាពាហ៍ពិពាហ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ កាលពី​ថ្ងៃ​១៧ ឧសភា បាន​ធ្វើ​ឱ្យ​មានការ​ញ័រ​កក្រើក​ពេញ​ស្រុក​វ៉ា​រិ​ន ហើយ​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺ​មង្គលការ​កូនកំលោះ​អាយុ​៨៦​ឆ្នាំ និង​កូនក្រមុំ​អាយុ​៧១​ឆ្នាំ ។ នេះ​គឺជា​ស្នេហ៍​វ័យ​ចំណាស់​មួយ​ ដែលបង្ហាញ​ពីរ​លក​ជីវិត​ដ៏​កម្រ​ជួប​ប្រទះ ។

ភ្នាក់ងារ​កោះសន្តិភាព​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​លំនៅ​ឋាន​ស្វាមីភរិយា​នេះ​ ក្នុង​ចម្ងាយ​ផ្លូវ​៧០​គីឡូម៉ែត្រ​ពី​ទី រួមខេត្ត ។ កោះសន្តិភាពត្រូវ​បាន​ទទួល​យ៉ាង​រាក់ទាក់​គួរ​ឱ្យ​គោរព​ពី​សំណាក់​កូនកំលោះ និង​កូនក្រមុំ​វ័យ​ចំណាស់ ដែល​ទើបបាន​ក្លាយជា​ប្តី​-ប្រពន្ធ ​ដោយ​ពេញ​មុខ​ពេញមាត់ និង​មានការ​ទទួល​គាំទ្រ​ពី​កូនចៅ​ប្រុស​ស្រី​របស់​ពួក​គាត់​ទាំង​២ ។ លោកតា​ (​កូនកំលោះ​) ​ឈ្មោះ ប៉ែន យី មាន​អាយុ​៨៦​ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំ​ស្វាយ.ស ស្រុក​វ៉ា​រិ​ន បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា លោកតា​ត្រូវ​បាន​ប្រពន្ធ​ស្លាប់​ចោល​​អស់​រយៈ​ជាង​១០​ឆ្នាំ​មក​ហើយ និង​មានកូន​៦ (​ប្រុស​១ ស្រី​៥​នាក់​) ។

ពួក​គេ​បាន​ចាក​ចេញពី​លោកតា​អស់ហើយ និង​កសាង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ប៉ុន្តែ​សព្វថ្ងៃ​លោកតា​រស់នៅ​ជាមួយ​កូនប្រុស​ច្បង​ទី​៣ ឈ្មោះ យី យ៉ា​ន់ អាយុ​៤៨​ឆ្នាំ ជា​អនុប្រធាន​ភូមិ​កំបោរ​ ដែល​បាន​ព្រមព្រៀង​គ្នា​ជាមួយ​កូន​ៗ​ទាំងអស់​ ចូល​ស្តីដណ្តឹង​លោក យាយ ស៊ង អាយុ​៧១​ឆ្នាំ តាម​ប្រពៃណី ។ លោកយាយ​ក៏​ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស ស្រី ចំនួន​៧​នាក់ ហើយ​កូនចៅ​គាត់​ក៏​បាន​ឯកភាព​ផង​ដែរ ។ លោកតា​បាន​រៀបរាប់​ពី​ដំណើរ​នៃ​ការ​រៀបចំ​គ្រួសារ​ក្នុង​វ័យ​ចំណាស់​របស់​គាត់​ថា កូន​ៗ​បានឱ្យ​អ្នក​ជិតខាង​ជួយ​ធ្វើ​ជា​មេអណ្តើក​សួរ​នាំ​ខាង​ស្រី ក្នុង​រយៈពេល​៣​ថ្ងៃ​ក៏​សម្រេច​រៀប​ការ​តែ​ម្តង ទើប​កូន​ទាំងអស់​របស់​លោកតា​បាន​សម្រេច​នាំ​រូប​លោកតា​ហែ ហម​ លើក​ជំនូន​បណ្តា​ការ យក​ទៅ​ជូន​ខាង​កូនក្រមុំ​(​អាយុ​៧១​ឆ្នាំ​)​ ផ្សំផ្គុំ​ឱ្យ​តែ​ម្តង​ទៅ ។

កូនកំលោះ​អាយុ​៨៦​ឆ្នាំ បាន​រៀបរាប់​បន្ថែម​ថា មុន​ពេល​លោកតា​សម្រេចចិត្ត​ដណ្តឹង​យក​លោកយាយ​នេះ គឺ​មុន​ដំបូង​ រូប​លោកតា​ត្រូវ​បាន​ប្រពន្ធ​ស្លាប់​ចោល​ជា​ច្រើន​ឆ្នាំ​មក​នោះ ក៏​បាន​សំឡឹង​ឃើញ​លោកយាយ​
ជា​ស្ត្រី​មេម៉ាយ​ប្តី​ស្លាប់​ចោល អាយុ​ប្រហែល​ជាង​៧០​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ក៏​មានចិត្ត​លួច​ស្រឡាញ់​តែ​ម្នាក់ឯង​ជា​យូរ​ឆ្នាំ ដោយ​រូប​លោកយាយ​ពុំ​បានដឹង​អ្វី​ទាំងអស់ ។ ទីបំផុត ​លោកតា​ក៏​សម្រេច​ចិត្តហ៊ាន​និយាយ​ប្រាប់​កូន​ៗ​ឱ្យ​ចូល​ដណ្តឹង​យក​លោកយាយ​តែ​ម្តង ។ លោកតា​ (​កូនកំលោះ​)​បាន​រៀបរាប់​បន្ត​ថា បន្ទាប់​ពី​ការ​រួច រូប​លោកតា​បាន​សម្រេចចិត្ត​សុំ​កូន​ធ្វើ​ខ្ទម​ល្មម​មួយ​រស់នៅ​ជាមួយ​លោកយាយ​ ដើម្បី​កុំឱ្យ​រំខាន​ដល់​កូន​ៗ គឺ​គ្រាន់​បាន​មើល​គ្នា​ទៅ​វិញ​ទៅ​មក សម្រាប់​សេចក្តី​ស្រឡាញ់​ដែល​មាន​លើ​រូប​លោកយាយ​ក្នុង​គ្រា​ចុង​ក្រោយ ។

ចំពោះ​មុខ​ភ្នាក់ងារ​កោះសន្តិភាព​ កូនក្រមុំ​ដែល​ទើប​រៀប​ការ​រួច​កាលពី​ថ្ងៃ​ទី​១៧ ឧសភា គឺ​លោកយាយ​ឈ្មោះ ស៊ង អាយុ​៧១​ឆ្នាំ មាន​ប្រសាសន៍​ថា លោកយាយ​មានកូន​ចំនួន​៧​នាក់​ (​ប្រុស​៤ ស្រី​៣​នាក់​)​ពួក​
គេ​​បាន​រៀប​ការ​អស់ហើយ សព្វថ្ងៃ​លោកយាយ​រស់នៅ​ជាមួយ​កូនច្បង​ទី​៤ ។ និយាយ​ដល់​ការ​ចែចូវ​ពី​លោកតា​ ដើម្បី​ភ្ជាប់​ចំណង​បេះដូង​លោកយាយ​បាន​រៀបរាប់​ថា មុន​ពេល​រូប​លោកយាយ​សម្រេចចិត្ត​រៀប​ការ​ជាមួយ​លោកតា​ គឺ​ដោយសារ​កូន​ៗ​ជា​អ្នក​ឱ្យ​លោកយាយ​យក គ្រាន់​បាន​មើលថែ​គ្នា​ក្នុង​វ័យ​ចំណាស់​នេះ ប៉ុន្តែ​ការ​រៀបចំ​នេះ​លោកយាយ​បាន​ប្រាប់​កូន​ៗ​ថា ពួក​យើង​អត់​មាន​លុយកាក់​ទេ ឱ្យ​ត្រឹម​សែន​បាន​ហើយ តែ​កូន​ៗ​បាន​ប្រាប់​លោកយាយ​វិញ​ថា ខាង​កូនប្រុស​ជា​អ្នក​ចេញ​មុខ​ចាត់ចែង​មង្គលការ​ទាំងអស់ ទើប​រូប​គាត់​សម្រេចចិត្ត​តាម​កូន​ៗ​ទៅ ។ លោកយាយ​បាន​រៀបរាប់​បន្ត​ថា ក្រោយ​ការ​រួច​រូប ​លោកយាយ​ក៏​ដេក​នៅ​ជាមួយ​កូន​ៗ​ធម្មតា ហើយ​លោកតា​ក៏​ទៅ​ដេក​នៅ​ជាមួយ​ខាង​កូនប្រុស​គាត់​ដែរ ប៉ុន្តែ​រូប​លោក​យាយ​បាន​គិត​ថា បើ​កូន​ៗ​ឱ្យ​ការ​ហើយ​មាន​តែ​សម្រេចចិត្ត​សុំ​កូន​ធ្វើ​ផ្ទះ​តូច​មួយ ដើម្បី​រស់នៅ​ជាមួយ​គ្នា​ជា​ប្រពន្ធ​-​ប្តី គ្រាន់​បាន​មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក ។

លោកយាយ​ថា ​ការ​រៀប​មង្គលការ​ឱ្យ​ពួក​គាត់​ប្រហែល​ពួក​កូន​ៗ​ទាំង​សងខាង​ចង់ឱ្យ​ពួក​ខ្ញុំ​ទាំង​២​នាក់​សប្បាយចិត្ត​ហើយ ។ ចំណែក​កូនស្រី​ច្បង​ទី​៤ ​ខាង​កូនក្រមុំ​អ្នកស្រី កើត សាក់ អាយុ​៣៧​ឆ្នាំ បាន​រៀបរាប់​ថា ពួក​គាត់​ជា​កូន​ៗ ប្រុស​ស្រី​ចំនួន​៧​នាក់​ បាន​សម្រេចចិត្ត​ឱ្យ​គាត់​រៀប​ការ​ជាមួយ​កូនកំលោះ​អាយុ​៨៦​ឆ្នាំ នោះ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន ដោយសារ​ឃើញ​ពួក​គាត់​ចេះ​ស្រឡាញ់​គ្នា ដូច​ក្មេង​ដែល​ទើប​រៀប​ការ​ថ្មោងថ្មី​នោះ​ដែរ ។

រីឯ​កូនប្រុស​ច្បង​ទី​៣​ ខាង​កូនកំលោះ​លោក យី យ៉ា​ន់ អាយុ​៤៨​ឆ្នាំ ជា​អនុប្រធាន​ភូមិ​កំបោរ ដែល​បាន​ព្រមព្រៀង​គ្នា​ជាមួយ​បងប្អូន​ប្រុស​ស្រី​ចំនួន​៦​នាក់ ព្រមទាំង​កូន​ៗ​ផង​នោះ​បាន​សម្រេចចិត្ត​ចូល​ស្តីដណ្តឹង​លោកយាយ ស៊ង តាម​គន្លង​ប្រពៃណី​ទំនៀមទំលាប់​របស់​ខ្មែរ ដើម្បី​ឱ្យ​ឪពុក​សប្បាយចិត្ត ព្រោះ​គាត់​បាន​និយាយ​ប្រាប់​តាំងពី​ម្តាយ​ស្លាប់​អស់​រយៈពេល​ជាង​១០​ឆ្នាំ ទើប​ពួក​គាត់​ជំនុំ​គ្នា​រក​ស្ត្រី​មេម៉ាយ​ណា​ម្នាក់​ឱ្យ​បាន​សក្តិ​សមនិង​លោកឪពុក ។ ប៉ុន្តែ​ដល់​គាត់​ប្រាប់​ប៉ះ​ចំ​លោកយាយ​ស៊ង ដែល​រស់នៅ​ក្នុងភូមិ​ផង​របង​ជាមួយ​ឪពុក​ខ្ញុំ គាត់​លួច​ស្រលាញ់​យូរ​ឆ្នាំ​មក​ហើយ និង​ហ៊ាន​និយាយ​ប្រាប់​កូន​ៗ ទើប​ពួក​ខ្ញុំ​សម្រេចចិត្ត​នាំ​គ្នា​ចូល​ស្តីដណ្តឹង​រូប​លោកយាយ​ធ្វើ​ជា​ម្តាយ​ទី​២​តទៅ ហើយ​រៀបចំផ្ទះ​ល្មម​មួយ​ដើម្បី​ឱ្យ​ពួក​គាត់​បាន​រស់នៅ​សមរម្យ​ជាមួយ​គ្នា ។

កោះសន្តិភាព ​មិន​មានការ​អត្ថាធិប្បាយ​អ្វី​ឱ្យ​លើស​នេះ​ទេ មាន​តែ​ការ​ជូនពរ​ឱ្យ​រលក​ស្នេហ៍​វ័យ​ចំណាស់​ជួប​តែ​សុភមង្គល​តទៅ​ និង​សង្ឃឹមថា រាត្រី​ទឹកឃ្មុំ​ជួប​តែ​ភាព​ត្រជាក់ត្រជុំ ៕

អត្ថបទសរសេរ ដោយ