ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស្នើ​សុំ​មន្ដ្រី​ជំនាញ​ពិនិត្យ​បណ្ណ​កម្មសិទ្ធិ​ដី​២០​ហិ​កតា

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ប្រាំ​គ្រួសារ​នៅ​ស្រុក​កូន​មុំ ស្នើ​សុំ​ឱ្យ​មន្ដ្រី​សុរិយោដី​ខេត្ដ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រួតពិនិត្យ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​ដី លោក​ឡាយ លៀង​ទ្រី សង្ស័យ​ប្រើប្រាស់​ប្លង់​ក្លែងក្លាយ​ទៅ​រំលោភ​យក​ដី​ពួក​គាត់ ។ អាជ្ញាធរ​មូលដ្ឋាន​ថា…

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ប្រាំ​គ្រួសារ​នៅ​ស្រុក​កូន​មុំ ស្នើ​សុំ​ឱ្យ​មន្ដ្រី​សុរិយោដី​ខេត្ដ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រួតពិនិត្យ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​ដី លោក​ឡាយ លៀង​ទ្រី សង្ស័យ​ប្រើប្រាស់​ប្លង់​ក្លែងក្លាយ​ទៅ​រំលោភ​យក​ដី​ពួក​គាត់ ។ អាជ្ញាធរ​មូលដ្ឋាន​ថា ប្លង់​ដី​លោក​ឡាយ លៀង​ទ្រី មាន​ទំហំ​មិន​ច្បាស់លាស់​ដោយសារ​ប្លង់​មាន​ភាព​មិន​ប្រក្រតី ប៉ុន្ដែ​លោក​ឡាយ លៀង​ទ្រី​ថា នឹង​ប្រើប្រាស់​អំណាចតុលាការ ដើម្បី​ចូល​ទៅ​កាន់កាប់​ដី​នៅ​តំបន់​នោះ ។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​គ្រួសារ​នៅ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ បាន​រាបរាប់​ថា កាលពី​ឆ្នាំ​២០០៨​គាត់​រួម និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​ទៅ​រស់នៅ​លើ​ដី​ដែល​មាន​ទីតាំង​ដូច​ខាងលើ អ្នកខ្លះ​កាន់កាប់​ដី​ចំនួន​ប្រាំពី​រហិក​តា អ្នកខ្លះ​ទៀត​មាន​បី​ទៅ​បួន​ហិ​កតា សម្រាប់​ដាំ​ស្រូវ និង​ដាំ​ស្វាយចន្ទី​ចិញ្ចឹមជីវិត ។

ពលរដ្ឋ​ម្នាក់​នោះ​បានឱ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​រស់នៅ និង​បង្កបង្កើន​ផល​នៅ​លើ​ដី​នោះ​អស់​រយៈ​៧ ,៨​ឆ្នាំ ពុំដែល​មាន​បញ្ហា​អ្វី​ទេ ពោល គឺ​គ្នាន​អ្នក​ផ្សេង​មក​រារាំង​ឡើយ ។ លុះ​មក​ដល់​ដើមឆ្នាំ​២០១៨ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ឈ្មោះ​ឡាយ លៀង​ទ្រី នៅ​ឯ​ខេត្ដកំពង់ចាម​បាន​អះអាង​ថា ដី​ដែល​ពលរដ្ឋ​ប្រាំ​គ្រួសារ​កំពុង​តែ​រស់នៅ និង​អាស្រ័យ​ផល​នោះ គឺជា​ដី​របស់​គេ​ទៅ​វិញ ។ បុរស​នោះ​បាន​បង្ហាញ​ប្លង់​សម្គាល់​កម្មសិទ្ធិ​ដែល​មិនមែន​ជា​ច្បាប់​ដើម​ថា ខ្លួន​បាន​កាន់កាប់​ដី​នោះ​កាលពី​អំឡុង​ឆ្នាំ​២០០៧ ដែល​មាន​ទំហំ​ក្បាលដី​៥០០​ម៉ែត្រ និង​ជម្រៅ​៥០០​ម៉ែត្រ ។

ក្រោយមក​ឈ្មោះ​ឡាយ លៀង​ទ្រី​បាន​ប្រើ​គ្រប់​រូបភាព ដើម្បី​ដេញ​ប្រជាពលរដ្ឋ​ទាំង​ប្រាំ​គ្រួសារ​នោះ​ឱ្យ​ចាក​ចេញពី​ដី​នោះ ។ នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ អាជ្ញាធរ​ឃុំ​ត្រពាំង​ក្រហម​បាន​កោះហៅ​ប្រជាពលរដ្ឋ​ប្រាំ​គ្រួសារ​នោះ និង​ភាគី​ម្ខាង​ទៀត​ឱ្យ​ចូលខ្លួន ដើម្បី​ដោះស្រាយ ។ នៅ​ចំពោះ​មុខ​អាជ្ញាធរ​លោក​ឡាយ លៀង​ទ្រី បាន​គំរាម​ពលរដ្ឋ​ថា រឿង​ទំនាស់​ដី​នោះ​គេ​បាន​ពិភាក្សារ​ជាមួយ​តុលាការ រួច​ហើយ គឺ​ត្រូវ​តែ​ដកហូត​យក​ទាំងអស់​ដោយ​ឥត​សំណង​ឡើយ ។ នៅ​គ្រានោះ​ដែរ​ប្រជាពលរដ្ឋ​ហាក់​តក់ស្លុត​យ៉ាង​ខ្លាំង បន្ទាប់​ពី ឮ​បុរស​នោះ​បាន​ប្រើប្រាស់​អំណាចតុលាការ​មក​ដក​យក​ដីចម្ការ និង​ដី​លំនៅ​ដ្ឋា​ន​ពី​ពួក​គាត់​ដោយ​ឥត​សំណង ។ អ្នកខ្លះ​បាន​បង្ហូរទឹកភ្នែក​រួច​បង្ខំចិត្ដ​ផ្ដិត​មេដៃ​ប្រគល់​ដី​របស់​ខ្លួន​ឱ្យទៅ​គេ​ដោយ​ក្ដី​សោកស្ដាយ​នៅ​ភោគផល​ដំណាំ​ដែល​ខ្លួន​បាន​ដាំ និង​អាស្រ័យ​ផល​ជិត​១០​ឆ្នាំ​មក​ហើយ​នោះ ។

លោក​ឡាយ លៀង​ទ្រី​ដែល​រង​ការ​ចោទប្រកាន់​ពី​ប្រជា​ពល​ប្រាំ​គ្រួសារ​ដូច​ខាងលើ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ។ លោក​គី​ម​ហួរ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ក្រហម​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​តាម​ទូ​ស័ព្ទ​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨​នេះ ថា ពាក់ព័ន្ធ​រឿង​ដី​ប្រជាពលរដ្ឋ​ប្រាំ​គ្រួសារ​នៅ​ទីតាំង​ដូច​ខាងលើ​យើង​សង្ស័យ​បង្កា​ន់​ដី​លោក​ឡា លៀង​ទ្រី​នោះ​មាន​ភាព​មិន​ប្រក្រតី គឺ​កោស​លុប​មួយ​ផ្នែក​នៅ​ត្រង់​ចំណុច​បណ្ដោយ​ដី​ដែល​មាន​ទំហំ​ចំនួន​៥០០​ម៉ែត្រ ។

ប្រធាន​ក្រុមប្រឹក្សា​ឃុំ​បាន​បញ្ជាក់​ថា លោក​បាន​ប្រាប់​ឱ្យ​ភាគី​លោក​ឡាយ​លៀង​ទ្រី​យក​លិខិត​សម្គាល់​កម្មសិទ្ធិ​ដី​របស់​ខ្លួន​នៅ​តំបន់​នោះ​មក​បង្ហាញ​នៅ​សាលាឃុំ ប៉ុន្ដែ​ថ្ងៃ​កោះ​ប្រជុំ​គេ​បាន​យក​តែ​ច្បាប់​ថតចំលង​មក​បង្ហាញ​ធ្វើ​ជា​ការ​សំអាង តែ​យើង​មិន​អាច​យក​ជា​ផ្លូវ​ការណ៍​បាន​ទេ ហើយ​ខាង​តុលាការ​ក៏​រឹតតែ​មិន​អាច​យក​ធ្វើ​ជា​ភស្ដុ​តាង ដើម្បី​ទៅ​រឹបអូស​យក​ដី​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ដែរ ។

ប្រធាន​ភូមិបាល​ស្រុក​កូន​មុំ​លោ​ថេ​ត បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨​ថា រឿង​ដី​របស់​ឈ្មោះ​ឡាយ លៀង​ទ្រី លោក​មិន​ចាំ​ថា មាន​ទទឹង​ប៉ុន្មាន​ម៉ែត្រ និង​ជម្រៅ​ចំនួន​ប៉ុន្មាន​ម៉ែត្រ​នោះ​ឡើយ ប៉ុន្ដែ​ប្លង់​ចាស់​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដី​នោះ​មាន​ទំហំ​២០​ហិ​កតា ។

ប្រធាន​ភូមិបាល​ស្រុក​បាន​បញ្ជាក់​ថា កាលពីដើម​ឆ្នាំ​២០១៨​លោក​បាន​ចុះ​ទៅ​វាស់វែង​ដី​នោះ​កាល​ណោះ​លោក​ឡាយ លៀង​ទ្រី​ក៏​មិន​បាន​ផ្ដល់​ប្លង់​ដី​ឱ្យ ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់​ដែរ ។ ជុំវិញ​បញ្ហា​ប្លង់​ដី​នោះ​លោក​ថេ​ត​ថា លោក​ក៏​ចង់ឱ្យ​ម្ចាស់​ដី​បង្ហាញ​ប្លង់​ពិតប្រាកដ​ដែរ ។

ទោះជា​យ៉ាងនេះ​ក្ដី​ប្រជាពលរដ្ឋ​ចំនួន​ប្រាំ​គ្រួសារ​នៅ​ស្រុក​កូន​មុំ ដែល​បាន​ផ្ដិត​មេដៃ​ប្រគល់​ដី​រួម និង​ដំណាំ​ស្វាយចន្ទី​ជា​ច្រើន​ហិ​កតា​ឱ្យទៅ​លោក​ឡាយ លៀង​ទ្រី​បាន​សំណូមពរ​យ៉ាង​ទទូច​ឱ្យទៅ​ខាង​មន្ទីរ​សុរិយោដី​ខេត្ដ និង​អាជ្ញាធរ​ពាក់ព័ន្ធ សូម​បើក​ការ​ត្រួតពិនិត្យ​ប្លង់​ដី​របស់​លោក​ឡាយ​លៀង​ទ្រី​ដោយ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ត្រឹមត្រូវ​កុំឱ្យ​ចេះ​តែ​ដើរ​យក​ដី​ពលរដ្ឋ​ស្លូតត្រង់​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ