ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តរតនគិរី​សម្រុក​ដាំដំឡូង​មី​ឡើង​វិញ ដោយសារ​មាន​ទីផ្សារ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ដោយសារ​តែ​ដំឡូង​មី​មាន​ទីផ្សារ​ល្អ ហើយ​តម្លៃ​ក៏​កើនឡើង​នោះ ចូល​ដល់​រដូវវស្សា​នេះ ប្រជា​កសិករ​ក្នុង​ខេត្តរតនគិរី បាន​ចាប់ផ្តើម​ដាំដំឡូង​មី​ឡើង​វិញ ថែម​ទាំង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ច្រើន​ជាង​ឆ្នាំ​មុន​ផង​ដែរ ។ បើ​តាម​លោក…

ខេត្តរតនគិរី ៖ ដោយសារ​តែ​ដំឡូង​មី​មាន​ទីផ្សារ​ល្អ ហើយ​តម្លៃ​ក៏​កើនឡើង​នោះ ចូល​ដល់​រដូវវស្សា​នេះ ប្រជា​កសិករ​ក្នុង​ខេត្តរតនគិរី បាន​ចាប់ផ្តើម​ដាំដំឡូង​មី​ឡើង​វិញ ថែម​ទាំង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ច្រើន​ជាង​ឆ្នាំ​មុន​ផង​ដែរ ។

បើ​តាម​លោក កៅ គង់ រស់នៅ​ស្រុក​បរ​កែវ បាន​រៀបរាប់​ថា លោក​ទើបនឹង​ប្រមូល​ផល​កាលពី​ដើមឆ្នាំ​នេះ តែ​ដោយសារ​តម្លៃ​ដំឡូង​មី​កើនឡើង លោក​ក៏​រូតរះ​ចាប់ផ្ដើម​ដាំ​វិញ ព្រោះថា​ទីផ្សារ​ដំឡូង​មី​ហាក់​កំពុង​មាន​តម្រូវការ​ខ្ពស់ ។

លោក​បន្ដ​ថា ៖« ចូល​ដល់​ឆ្នាំ​២០១៨​នេះ យើង​ឃើញ​ថា តម្លៃ​ដំឡូង​មី​លើ​ទីផ្សារ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ។ ចំណែក​ទិន្នផល ក៏​ទទួល​បាន​ខ្ពស់​ផង​ដែរ ដោយសារ​តែ​អាកាសធាតុ​អំណោយផល ។ ដូច្នេះ ក្រោយ​ប្រមូល​ផល​រួច ខ្ញុំ​ក៏​រូតរះ​ដាំ​ឡើង​វិញ ដោយ​ទិញ​ដើម​ដំឡូង​មី​មក​ពី​ស្រុក​អូរ​ជុំ » ។

ចំណែក​លោក លន់ វុន រស់នៅ​ភូមិ​អូ​រមៀត សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ឆ្នាំ​២០១៧ លោក​បាន​ដាំដំឡូង​មី​លើ​ផ្ទៃដី​ចំនួន​៣​ហិ​កតា និង​ទទួល​បាន​ទិន្នផល​ខ្ពស់ ស្រប​ពេល​តម្លៃ​ក៏​កើនឡើង ធ្វើ​ឲ្យ​លោក​មាន​ទឹកចិត្ត​បន្ដិច ។

លោក​បន្ដ​ថា ៖« ផ្ទៃដី​ចំនួន​៣​ហិ​កតា​ដែល​ខ្ញុំ​ដាំ​នេះ កាលពី​ឆ្នាំ​២០១៧ គឺ​ទទួល​បាន​ទិន្នផល​ជិត​១០០​តោន ដោយ​ក្នុង​១​តោន លក់​ឲ្យ​ឈ្មួញកណ្ដាល​បាន​តម្លៃ​៥៨​ម៉ឺន​រៀល​សម្រាប់​ដំឡូង​មី​ស្ងួត គឺ​ខ្ពស់​ជាង​ឆ្នាំ​មុន ដែល​មាន​តម្លៃ​ត្រឹមតែ​៤៧​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​តោន ។ ដោយ​ឃើញ​ទីផ្សារ​ល្អ​បែប​នេះ ខ្ញុំ​ក៏​ចាប់ផ្ដើម​ដាំ​ដុះ​ឡើង​វិញ ដោយ​រំពឹង​ថា តម្លៃនឹង​នៅ​តែ​ល្អ​ប្រសើរ » ។

ដោយសារ​តែ​ដំឡូង​មី​មាន​ទីផ្សារ​ល្អ និង​តម្លៃ​ខ្ពស់​បែប​នេះ ក៏​បាន​ផ្ដល់​អំណោយផល​ដល់​អ្នក​ប្រកប​របរ​នាំ​ចូល​ដើម​ដំឡូង​មក​លក់​ដល់​កសិករ​ផង​ដែរ ។
បើ​តាម​អ្នកស្រី សា​មាន ស្រី​អុ​ី​ម រស់នៅ​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ជា​អ្នក​ប្រកប​របរ​លក់​ដើម​ដំឡូង​មី បាន​ឲ្យ​ដឹង​ថា ដើម​ដំឡូង​មី​ដែល​លក់​សព្វ​ថ្ងៃនេះ គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ដូង​ប្រាំពីរ​ដើម ក្នុង​ខេត្ត​ត្បូងឃ្មុំ ។

អ្នកស្រី​ថា ៖« ឆ្នាំ​នេះ ឃើញ​មាន​បងប្អូន​មក​រក​ទិញ​ដើម​ដំឡូង​មី​ច្រើន ខុស​ពី​ឆ្នាំ​មុន​ៗ ដោយសារ​តែ​តម្លៃ​ដំឡូង​មី​កើនឡើង​ខ្ពស់ អាច​ផ្ដល់​លទ្ធភាព​ចំណេញ​ខ្លះ​ដល់​ពួក​គាត់ ។ អីចឹង​ហើយ ការ​លក់​ដើម​ដំឡូង​មី ក៏​មាន​ទីផ្សារ​ល្អ​ដែរ » ។
អ្នកស្រី​បន្ដ​ថា ៖« ក្នុង​ចន្លោះ​ខែមេសា និង​ឧសភា​នេះ ខ្ញុំ​លក់​បាន​ជាង​១​ម៉ឺន​បាច់ ដោយ​ក្នុង​១​បាច់​មាន​ចាប់ពី​១៨​ទៅ​២០​ដើម ក្នុង​តម្លៃ​៤​ពាន់​រៀល ។ បើ​ធៀប​នឹង​ពេញ​មួយ​ឆ្នាំ​២០១៧ ខ្ញុំ​លក់​មិន​ដល់​១​ម៉ឺន​បាច់​ផង ហើយ​តម្លៃ​ថោក​ជាង​នេះ​បន្ដិច ថែម​ទាំង​ពិបាក​លក់​ទៀត » ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក សយ សូ​ណា បាន​ឲ្យ​ដឹង​ថា ដើមឆ្នាំ​២០១៨​នេះ ប្រជា​កសិករ​ទទួល​បាន​ទិន្នផល​ខ្ពស់ ដោយសារ​អាកាសធាតុ​អំណោយផល​ល្អ​សម្រាប់​ដំណាំ​គ្រប់​ប្រភេទ ។ ចំណែក​តម្លៃ​កសិផល​នានា​ក៏​ល្អ​ប្រសើរ​ដែរ ពិសេស​ស្រូវ និង​ដំឡូង​មី ។

លោក​បាន​បន្ដ​ថា ៖« តាម​របាយការណ៍​បឋម ប្រជា​កសិករ​ទូ​ទាំង​ខេត្ត អាច​នឹង​ប្រមូល​ផល​ដំឡូង​មី​ស្រស់​បាន​ចំនួន​ជាង​២៤០​ពាន់​តោន​។ រីឯ​តម្លៃ​វិញ ឆ្នាំ​នេះ​ល្អ​សម្រាប់​បងប្អូន​ប្រជា​កសិករ គឺ​ដំឡូង​មី​ស្រស់​នៅ​ឆ្នាំ​នេះ​មាន​តម្លៃ​រហូត​ដល់​៣០០​រៀល​ក្នុង​១​គីឡូក្រាម » ។

លោក​ប្រធាន​មន្ទីរ​បន្ដ​ថា ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ក្នុង​ខេត្តរតនគិរី ឆ្នាំ​នេះ មាន​ចំនួន​ជាង​១៧​ម៉ឺន​ហិ​កតា កើនឡើង​ជាង​ឆ្នាំ​មុន ដែល​មាន​ផ្ទៃដី​ចំនួន​តែ​១៥​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ ក្នុង​នោះ​ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ មានការ​ដាំ​ដុះ​ច្រើន​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ