ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទន​ភាព​​ណាស់ របាំ​ព្រះរាជ​ទ្រព្យ​​ទទួល​​ការ​ទះ​ដៃ​គាំទ្រ​​ក្នុង​ទ្វីប​អឺរ៉ុប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាដកា​របាំ​បុរាណ​នាង ចាប ចំរើន​តុលា បាន​បង្ហាញ​មោនភាព​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុ​ប ។ របាំ​ព្រះរាជ​ទ្រព្យ​ដែល​សម្ដែង​រឿង «​វ​ឌ្ឍ​នា​ទេវី​»…

រាជធានី​ភ្នំពេញ ៖ នាដកា​របាំ​បុរាណ​នាង ចាប ចំរើន​តុលា បាន​បង្ហាញ​មោនភាព​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុ​ប ។

របាំ​ព្រះរាជ​ទ្រព្យ​ដែល​សម្ដែង​រឿង «​វ​ឌ្ឍ​នា​ទេវី​» ត្រូវ​បាន​យក​ទៅ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តា​​ប្រទេស​មួយ​ចំនួន​នា​ទ្វីបអឺរ៉ុប ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះរៀម​នរោត្តម បុប្ផា​ទេវី ចាប់ពី​ថ្ងៃ​ទី​៧ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ។

ក្នុង​នាម​ជា​នាដកា​ដែល​ចូលរួម​ក្នុង​ការ​សម្តែង​នេះ ចាប ចំរើន​តុលា បាន​បង្ហាញ​ក្តី​រីក​រាយ​​ក្នុង​ពេល​ដែល​មហាជន​គាំទ្រ​ការ​សម្តែង ទាំង​ការ​ក្រោកឈរ និង​ទះដៃ​សាទរ​នៅ​ពេល​ដែល​ការ​សម្តែង​បាន​បញ្ចប់ ។ ម្រា​ប់​ការ​សម្តែង​មាន​ចំនួន​៧​ដង គឺ​ចាប់តាំងពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ទើប​ចប់ បន្ទាប់​ពី​ការ​សម្តែង​បាន​២​ដង​រួច​មក​ហើយ គឺ​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​ការ​សម្តែង​បន្ទាប់​គឺ​នៅ​ប្រទេស​បារាំង ។

ចាប ចំរើន​តុលា និយាយ​ថា «​យើង​ជឿ​ថា​យើង​អាច​ធ្វើ​បាន ! មិន​ថា​យើង​នៅ​ទីណា​ទេ យើង​នៅ​តែ​អាច​បង្ហាញ​ពី​ភាព​វិជ្ជមាន​របស់​ប្រទេស​យើង ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់ យល់​ពី​វប្បធម៌​ខ្មែរ​ដ៏​ប្រពៃ ។ ក្នុង​នាម​ជា​នាដកា​របាំ​ព្រះរាជ​ទ្រព្យ ជា​គ្រូ​បង្ហាត់​របាំ ជា​ប្រជាជន​ខ្មែរ​មួយ​រូប​នឹង​ចូលរួម​ពេញទី​ក្នុង​ការ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​តាម​សមត្ថភាព ។ នេះ​គឺជា​ការងារ​របស់​ពួក​យើង​។ ទាំងអស់​គ្នា​គឺ​ប្រឹង​ទៅ​តាម​សមត្ថភាព រៀង​ៗ​ខ្លួន ដើម្បី​ថែរក្សា​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ទោះបី​មាន​មនុស្ស​មួយ​ចំនួន​មិន​ឲ្យ​តម្លៃ តែ​យើង​ជា​អ្នក​ឲ្យ​តម្លៃ​ខ្លួនឯង »​។

ជា​រឿង​មួយ​គួរ​ឲ្យ​មាន​មោទនភាព​ជាតិ ដែល​ប្រទេស​កម្ពុជា​យើង​បាន​នាំ​យក​ល្ខោន​ហ្លួង ឬ​គេ​ហៅ​ថា ល្ខោន ឬ​របាំ​ព្រះរាជ​ទ្រព្យ​យក​ទៅ​សម្តែង​នៅ​ប្រទេស ធំ​ៗ​ចំនួន​៣ មាន​ដូច​ជា​ប្រទេស​ស៊្វិ​ស ចិន និង​បារាំង ។ ការ​ចេញ​ទៅ​សម្តែង​នេះ​ជា​ការ​ដឹកនាំ​ដោយ​សម្តេច​ព្រះរៀម នរោត្តម បុប្ផា​ទេវី ។

ការ​សម្តែង​ល្ខោន​ហ្លួង​មានឈ្មោះ​ថា «​វ​ឌ្ឍ​នា​ទេវី​» នេះ ជា​ល្ខោន​ដកស្រង់​ចេញពី​រឿងនិ​ទាន​របស់​ប្រទេស​ក្រិ​ក ជា​ល្ខោន​មួយ​ក្នុង​ចំណោម​ល្ខោន​ជា​ច្រើន ដែល​មាននៅ​សម័យ​ហ្លួង​ស៊ី​សុវត្ថិ ហើយ​បាន​បាត់បង់​ទៅ ប៉ុន្តែ​ត្រូវ​សម្តេចព្រះរៀម​នរោត្តម បុប្ផា​ទេវី រៀបចំ​ដំឡើង​ឡើង​វិញ និង​ដឹកនាំ​សម្តែង​ជា​ថ្មី ។

ការ​បង្ហាញ​វត្តមាន​របាំ​ព្រះរាជ​ទ្រព្យ​របស់​ខ្មែរ​នា​ពេល​នេះ គឺជា​ការ​បន្សាប​ទៅ​វិញ​នូវ​មតិ​រិះគន់​មួយ​ចំនួន​ថា កម្ពុជា​មិន​បាន​យកចិត្តទុកដាក់​ជំរុញ​ការ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ក្រៅប្រទេស ក្នុង​ពេល​ដែល​ប្រទេស​ថៃ​បាន​នាំ​យក​របាំ​បុរាណ​យក​ទៅ​បង្ហាញ​នៅ​ទ្វីបអឺរ៉ុប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ