ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ក្រុង​ស៊ិ​ន​ជិន ចង់​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​ដូចទីក្រុង​របស់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្ដា​វិនិយោគិន​មក​ពី​ទីក្រុង​ស៊ិ​ន​ជិន ប្រទេស​ចិន កំពុង​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​ចង់​យក​បទ​ពិសោធន៍​មក​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​រីក​ចម្រើន​ដូច​ទីក្រុង​ស៊ិ​ន​ជិន​របស់​ខ្លួន​ផង​ដែរ ។ បើ​តាម​លោក Cong…

រាជធានី​ភ្នំពេញ ៖ បណ្ដា​វិនិយោគិន​មក​ពី​ទីក្រុង​ស៊ិ​ន​ជិន ប្រទេស​ចិន កំពុង​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​ចង់​យក​បទ​ពិសោធន៍​មក​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​រីក​ចម្រើន​ដូច​ទីក្រុង​ស៊ិ​ន​ជិន​របស់​ខ្លួន​ផង​ដែរ ។

បើ​តាម​លោក Cong Cao អគ្គលេខាធិការ​ប្រតិបត្តិ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទីក្រុង​ស៊ិ​ន​ជិន ប្រទេស​ចិន បាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​នាម​ជា​ប្រទេស​មាន​សម្ព័ន្ធភាពខ្លាំង​មួយ​ជាមួយ​កម្ពុជា លោក​បាន​កៀងគរ​បណ្ដា​វិនិយោគិន និង​គ្រឹះស្ថាន​អប់​រំជា​ច្រើន​នៅ​ទីក្រុង​ស៊ិ​ន​ជិន មក​សិក្សា​ឈ្វេងយល់​បន្ថែម​ពី​ការ​អភិវឌ្ឍ​របស់​ខ្លួន ចែករំលែក​បទ​ពិសោធន៍ និង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ។

លោក​បន្ត​ថា ក្នុង​នាម​ជាទី​ក្រុង​រីក​ចម្រើន​មួយ​នៅ​ប្រទេស​ចិន ក៏​ដូច​ជា​នៅ​លើ​ពិភពលោក ស៊ិ​ន​ជិន​នឹង​យក​បទ​ពិសោធន៍​របស់​ខ្លួន​មក​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​រីក​ចម្រើន​ដូច​ជាទី​ក្រុង​ស៊ិ​ន​ជិន​ដែរ ។ លោក​និយាយ​ថា ៖«​បើ​និយាយ​ពី​ទីក្រុង​ស៊ិ​ន​ជិន កាលពី​ជាង​៣០​ឆ្នាំ​មុន វា​គ្រាន់តែ​ភូមិតូច​មួយ​ប៉ុណ្ណោះ ហើយ​មាន​មូលដ្ឋាន​មិន​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​ទេ ក៏​ប៉ុន្តែ​ដោយសារ​តែ​មាន​ទស្សនវិស័យ​មួយ​របស់​ថ្នាក់ដឹកនាំ​យើង ទើប​យើង​អាច​កែប្រែ​ភូមិតូច​មួយ ក្លាយជា​តំបន់​ដែល​ល្បី​ជាងគេ​មួយ​នៅ​លើ​ពិភពលោក​បាន » ។

លោក​បន្ថែម​ថា ៖« យើង​មិន​អាច​វាយតម្លៃ​ខ្លួនឯង​ថា មានបទពិសោធន៍​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ក៏​ប៉ុន្តែ​ស៊ិ​ន​ជិន​បាន​ធ្វើ​រឿង​ត្រូវជា​ច្រើន​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ។ ដូចនេះ​ហើយ​ទើប​យើង​ចង់​យក​នូវ​បទ​ពិសោធន៍ និង​ឆន្ទៈ​របស់​ខ្លួន​មក​ចែករំលែក​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផ្ទាល់​តែ​ម្ដង ដែល​ជា​ខេត្ត​មាន​សក្ដានុពល​ខ្លាំង​មួយ​សម្រាប់​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច » ។

លោក នុ​ត អ៊ុ​ន​វ័​ណ​រ៉ា អគ្គលេខាធិការ​រង​គណៈកម្មការ​ធិ​ការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ទទួលស្គាល់​ថា ជា​សរសៃឈាម​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​នីមួយ​ៗ ។ ជាក់ស្ដែង វា​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​បង្កើន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​របស់​ប្រទេស ដោយសារ​ការ​បណ្ដាក់ទុន​នូវ​វិស័យ​ថ្មី​ៗ​ជា​ច្រើន​ពី​សំណាក់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ។

លោក​បន្ត​ថា ដោយ​មើលឃើញ​ពីសារ​សំខាន់​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ប្រទេស​ជាតិ​បែប​នេះ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឲ្យ​មានការ​គ្រប់គ្រង​ត្រឹមត្រូវ​មួយ​លើ​តំបន់​សេដ្ឋកិច្ច ព្រមទាំង​ទាក់ទាញ​វិនិយោគ​ក្នុង​និង​ក្រៅ​ស្រុក​បន្ថែម​ទៀត​មក​បណ្ដាក់ទុន និង​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ។
លោក​ថា ៖« ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​គម្រោង​ថ្មី​ចំនួន​៤៧​បន្ថែម​ទៀត វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១១​នៅ​កម្ពុជា ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​៤៨៤​លាន​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​បង្កើត​ការងារ​បាន​ប្រមាណ​ជិត​២​ម៉ឺន​កន្លែង » ។

បើ​តាម​លោក នុ​ត អ៊ុ​ន​វ័​ណ​រ៉ា គម្រោង​វិនិយោគ​ថ្មី​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ឃើញ​ថា ភាគច្រើន​ផលិត​នូវ​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​នាំ​ចេញ ។ ជាក់ស្ដែង ដូច​ជា រោងចក្រ​ដំឡើងរថយន្ត ម៉ូតូ កង់​, ការ​ផលិត​គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​បរិក្ខារ​ពេទ្យ ម៉ូ​ទ័​រ​ខ្នាត​តូច ឧបករណ៍​អគ្គិសនី និង​សម្ភារ​កីឡា ជាដើម ខណៈ​សកម្មភាព​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កាលពីមុន​នេះ ភាគច្រើន​គឺ​ផ្ដោត​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ