យោងតាមសៀវភៅ «ចម្រៀងចងក្រងឡើងវិញ» របស់សមាគមស៊ីន ស៊ីសាមុត អត្ថាធិប្បាយថា បទចម្រៀងរបស់កវីស្វាយ សំអឿ ភាគច្រើនរៀបរាប់ពាក់ព័ន្ធនឹងធម្មជាតិបែបស្រុកស្រែ ចម្ការ តួយ៉ាងដូចជាបទ «ខ្យងក្តក់» ជាដើម ។ ធាតុពិតនៃចម្រៀងនេះ គឺរៀបរាប់តែពីទឹកព្រែក សត្វខ្យង កង្កែប ត្រី ជុច រុក្ខជាតិដូចជា គុម្ពឫស្សី ទំពាំង ស្រាំងទិច…សុទ្ធសឹងតែសម្បត្តិធម្មជាតិនៃទឹកដីជនបទរបស់មាតុភូមិយើង ។ កាលណាកាយកាន់តែឃ្លាត ចិត្តកាន់តែនឹករលឹក ហើយនាំឱ្យបេះដូងកាន់តែដក់ស្រលាញ់ស្រុកទេសគ្មានថ្ងៃបំភ្លេចបាន ។ មានបទ ល្បីៗជាច្រើនទៀតរបស់កវី ស្វាយ សំអឿ ដូចជាបទ «សេកសោម» បទ«នោអើយស្រីនោ» បទ«កណ្តូបបុកស្រូវ» បទ«ចៅដក» បទ«ឱ!សំណព្វចិត្ត» បទ«ស្រស់នេះស្រស់ពោះម៉ាយហ៊ឺហា» ជាដើម ។
ជាងនេះទៀត អ្នកស្រាវជ្រាវបានទទួលព័ត៌មានថា បទ«ខ្យងក្តក់»ជាបទដែលមានអនុស្សាវរីយ៍ខ្លោចផ្សាមួយរបស់លោកស៊ីន ស៊ីមុត នាក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ គឺនៅម្តុំវត្តចម្ប៉ា ឃុំព្រែកឯង កន្លែងដែលគាត់ទៅស្នាក់នៅផ្ទះមួយពេលគេជម្លៀសចេញពីទីក្រុងនោះ។ រៀងរាល់ល្ងាចគឺជាពេលដែលលោកស៊ីន ស៊ីសាមុត តែងតែបើករថយន្តចេញទៅកម្សាន្តតាមមាត់ទន្លេ ឬក៏ទៅជួបបណ្តាមិត្តភក្តិជាអ្នកនិពន្ធ ជាតន្ត្រីករនោះ តែពេលដែលប្រទេសបែរជាត្រូវវឹកវរ ផ្លាស់ប្តូររបប ជម្លៀសប្រជាជនចេញពីទីក្រុងបែបនោះ អារម្មណ៍គាត់តប់ប្រមល់រកអ្វីថ្លែងមិនបានឡើយ ។ ម្ល៉ោះហើយក្នុងកាលៈទេសៈនោះ លោកស៊ីន ស៊ីសាមុត តែងគេចខ្លួនចូលទៅក្នុងរថយន្តរបស់គាត់ ដែលយកទៅជាប់ជាមួយ ហើយគាត់ចាក់កាស្សែតបទ «ខ្យងក្តក់» ស្តាប់តែម្នាក់ឯងជារៀងរាល់ពេលរហូតដល់ពេលគាត់ត្រូវអង្គការអាវខ្មៅចាប់បញ្ជូនយកទៅដាក់នៅមន្ទីរឃុំឃាំងឯកោះធំ ហើយក្រោយមកជីវិតគាត់បានបាត់រលត់ពីលើលោកនេះទៅជារៀងរហូត លែងវិលវិញ មិនខុសពីម្ចាស់បទ «ខ្យងក្តក់» កវីស្វាយ សំអឿ ឡើយ ។
បទ «ខ្យងក្តក់» និពន្ធទំនុកច្រៀង និងបទភ្លេងដោយលោកស្វាយ សំអឿ សម្រួលតន្ត្រីដោយលោកមែរ ប៊ុន និងច្រៀងដោយលោកស៊ីន ស៊ីសាមុត ។ បទនេះរាយទំនុកថា ៖
១-ខ្យងក្តក់ទឹកជន់ ព្រលឹងបងអើយ ខ្យងក្តក់ទឹកជន់ (ពីរដង) ភ្លៀងផ្គរបន្ទរទឹកជំនន់ (ពីរដង) ទីទុយគយគន់ទាំងឱភ័យភិត ។
២- ទឹកជោរហើយនាចក្រមុំបងអើយ រាចពេញព្រឹក្សព្រៃ (ពីរដង) ត្រីឆ្តោស្ទុះធ្លោឃើញចំណី (ពីរដង) ផុងខ្លួនស្ទើរក្ស័យនៅឱក្នុងជុច ។
៣-ខ្យង ក្តក់ៗហៅក្រមុំបងអើយ ហៅរកទឹកភ្លៀង (ពីរដង) កង្កែបចេញវាលហើយស្រែកច្រៀង (ពីរដង) ភ្នែកដៀងសម្លឹងទាំងក្តីស្រមៃ ។
៤-បងហែលឆ្លងព្រែកសម្លាញ់ចិត្ត អើយ ជួបគុម្ពឫស្សី (ពីរដង) ឃើញទំពាំងម៉ុមអើយទុលដី (ពីរដង) ស្រាំងទិចបងភ័យហែលឱហួសទៅ ៕
តោះទស្សនាបទចម្រៀង «ខ្យងក្តក់» តិចមើល៍មានខ្លឹមសារបែបណា!!! (វីដេអូដកស្រង់ចេញពី Ratanak Blue)
ចែករំលែកព័តមាននេះ