ប្រទេសអាហ្វហ្គានីស្ថាន ៖ ប្រភពយោធាមួយគូសបញ្ជាក់កាលពីថ្ងៃទី១៦ ឧសភា ថា ទាហានអាហ្វហ្គានីស្ថានយ៉ាងតិច១០នាក់ និងពួកតាលីបង់៤៤នាក់បានស្លាប់ កាលពីយប់ថ្ងៃទី១៥ មកថ្ងៃទី១៦ ឧសភា ក្នុងការប្រយុទ្ធគ្នានៅស្រុក៤ នៃខេត្ត GHAZNI ភាគខាងកើតប្រទេស។
ការប៉ះទង្គិចគ្នាផ្ទុះឡើងពេលពួកតាលីបង់ ធ្វើការវាយប្រហារធំមួយ ដែលមានការសម្របសម្រួលគ្នាប្រឆាំងបណ្ដាប៉ុស្តិ៍ការពារសន្តិសុខ នៃស្រុកអានដា ហ្ស៊ីឡាន ហ្សាណាខាន់ និងហ្សាហ្គាតូ ស្ថិតនៅជុំវិញទីក្រុង GHAZNI ទីប្រជុំជននៃខេត្តមានឈ្មោះដូចគ្នានេះ។
ឧត្ដមសេនីយ៍ SHOHUOR GUL មេបញ្ជាការយោធាដែលបោះទ័ពនៅតំបន់នោះអះអាងថា កងទាហាន និងប៉ូលិសរបស់យើងវាយតបតវិញ ចំពោះពួកឈ្លានពានរួចតាមព័ត៌មានដំបូងៗថា ពួកតាលីបង់៤៤នាក់ស្លាប់ ក្នុងនោះមានបណ្ដាមេបញ្ជាការរបស់ពួកគេ ហើយពួកតាលីបង់៨នាក់ទៀតរងរបួស។ ការប៉ះទង្គិចគ្នាបន្តរហូតដល់ព្រឹកថ្ងៃទី១៦ឧសភា ខណៈសភាពការណ៍ ស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងសន្តិសុខ។
ពួកតាលីបង់បានបង្កើនការវាយប្រហារ ប្រឆាំងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេស ក្រោយប្រកាសបើកការវាយលុកប្រចាំឆ្នាំ របស់ពួកគេកាលពីថ្ងៃទិ២៥ មេសា។
ថ្ងៃទី១៥ ឧសភា ជនស៊ីវិលយ៉ាងតិច៥នាក់ ទាហាន២៥នាក់ និងពួកតាលីបង់ជិត៣០០នាក់ស្លាប់ ក្នុងការវាយប្រហារធំមួយរបស់ពួកតាលីបង់ ប្រឆាំងទីក្រុងហ្វារាហ៍ទីប្រជុំជននៃខេត្តមានឈ្មោះដួចគ្នានេះ៕
ចែករំលែកព័តមាននេះ