ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ទិញ​រថយន្ដ​បង់​រំលស់​នៅ​កម្ពុជា កំពុង​មាន​កំណើន​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាំ​ចូល​រថយន្ត​នៅ​កម្ពុជា​បាន​អះអាង​ថា ការ​ទិញ​រថយន្ដ​បង់​រំលស់​កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ពួក​គេ​កំពុង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ផ្តល់​កម្ចី​រយៈពេល​វែង និង​ការ​ប្រាក់​កាន់តែ​ទាប​ជាង​មុន ។ លោក ពាង ម៉ា​ន…

រាជធានី​ភ្នំពេញ ៖ អ្នក​នាំ​ចូល​រថយន្ត​នៅ​កម្ពុជា​បាន​អះអាង​ថា ការ​ទិញ​រថយន្ដ​បង់​រំលស់​កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ពួក​គេ​កំពុង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ផ្តល់​កម្ចី​រយៈពេល​វែង និង​ការ​ប្រាក់​កាន់តែ​ទាប​ជាង​មុន ។

លោក ពាង ម៉ា​ន អគ្គនាយក​ក្រុមហ៊ុន​Great Wall Cambodia បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ទិញ​រថយន្ត​បង់​រំលស់​បាន​កើនឡើង​ច្រើន​នៅ​កម្ពុជា ដោយសារ​យើង​បាន​ធ្វើការ​ជាមួយ​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃ​ទៀត ដើម្បី​ផ្តល់​សេវាកម្ម​បង់​រំលស់​ដល់​អតិថិជន ។

លោក​បន្ត​ថា ប្រសិនជា​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បន្ថយ​អត្រា​ការ​ប្រាក់​មក​កាន់តែ​ទាប ឬ​ផ្តល់​ការ​បង់​រំលស់​រយៈពេល​វែង ដូច​នៅ​ប្រទេស​ជឿនលឿន​នានា​នោះ ការ​បង់​រំលស់​នឹង​កើនឡើង​កាន់តែ​ច្រើន​ថែម​ទៀត ។

លោក​បន្ត​ថា ៖« តាម​រយៈ​ក្រុមហ៊ុន​របស់ខ្ញុំ ខ្ញុំ​គិត​ថា អ្នកទិញ​រថយន្ត​រហូត​ដល់​៧០​ទៅ​៨០% បាន​ប្រើប្រាស់​សេវាកម្ម​បង់​រំលស់​នា​ពេល​បច្ចុប្បន្ន​នេះ » ។ លោក​បន្ថែម​ថា ៖ «អ្នកខ្លះ​គាត់​មាន​ប្រាក់​ច្រើន​គ្រប់គ្រាន់​សម្រាប់​ទិញ តែ​ពួក​គេ​នៅ​តែ​បង់​រំលស់ ដោយសារ​ពួក​គេ​ចង់​យក​លុយ​ទុក​ធ្វើ​អ្វី​ផ្សេង​ៗ​វិញ » ។

អគ្គនាយក​ផ្នែក​បច្ចេកទេស​យានយន្ត​នៃ​ក្រុមហ៊ុន RMA Asia លោក សេង វឹង បាន​ទទួល​ស្គាល់​ថា ការ​ទិញ​រថយន្ត​បង់​រំលស់​ពិតជា​កើនឡើង ប៉ុន្តែ​កំណើន​នៅ​មិន​ទាន់​ខ្ពស់​នៅឡើយ ដោយសារ​អត្រា​ការ​ប្រាក់​នៅ​ស្រុក​យើង​នៅ​តែ​មាន​កម្រិត​ខ្ពស់ ធៀប​នឹង​ប្រទេស​របស់​គេ ។ ការ​ទិញ​បង់​រំលស់​ជា​ជម្រើស​មួយ​ល្អ ព្រោះ​ពួក​គេ​ចង់​ជិះ​រថយន្ត មិន​ចាំបាច់​យក​លុយ​ទាំងអស់​មក​ទិញ ។

លោក​បន្ត​ថា ៖« អ្នកខ្លះ​ទៀត គេ​ចង់​ទុក​លុយ​ធ្វើ​អាជីវកម្ម និង​ពង្រីក​អាជីវកម្ម​របស់​គេ ហេតុនេះ ពួក​គេ​សុខចិត្ត​បង់​បន្តិច​ៗ​ប្រចាំខែ ហើយ​ទុក​លុយ​ពួក​គេ​ឲ្យ​កើតកូន​ចំណេញ​ជាង​»​។

នាយក​ផ្នែក​ទីផ្សារ និង​លក់​នៃ​ក្រុមហ៊ុន​តូ​យ៉ូ​តា ខេ​ម​បូ​ឌា លោក លី ប៊ុ​ន​ហៃ បាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នា​ថា ការ​លក់​រថយន្ត​កាលពី​ឆ្នាំ​មុន​មាន​សញ្ញា​ល្អ​ប្រសើរ ធៀប​នឹង​ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន​សម្រេច​បាន​កំណើន​លក់​ចន្លោះ​ពី​២០​ទៅ​៣០% ។ លោក​បន្ត​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម ដោយសារ​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​តែ​រក្សា​បាន​កំណើន​ល្អ​ប្រសើរ គួប​ផ្សំ​នឹង​លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​កម្ចី​មាន​ភាព​ងាយស្រួល​។ ចំណែក ស្ថានភាព​នយោបាយ​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ទេ ។

លោក​ថា ៖« ឆ្នាំ​២០១៨ ខ្ញុំ​គិត​ថា អ្វី​ៗ​នឹង​ប្រសើរ​ឡើង ព្រោះ​យើង​អ្នក​រកស៊ី មិនសូវ​គិត​ពី​បញ្ហា​នយោបាយ​ទេ យើង​គិត​ពី​សេដ្ឋកិច្ច បើ​សេដ្ឋកិច្ច​ល្អ យើង​នៅ​តែ​បន្ត​រីក​ចម្រើន »​។​

លោក​បន្ត​ថា ៖« ការ​លក់​រថយន្ត​កើនឡើង​មួយ​ផ្នែក ដោយសារ​ប្រជាពលរដ្ឋ​បាន​ទិញ​រថយន្ត​បង់​រំលស់​កាន់តែ​ច្រើន ព្រោះ​ពួក​គេ​គិត​ពី​ការ​ដាំ​លុយ ។ ដូច្នេះ ពួក​គេ​មិន​យក​លុយ​ទាំង​ដុំ​ទៅ​ទិញ​រថយន្ត​ទេ ពួក​គេ​ទុក​លុយ​រកស៊ី វា​ជា​ការ​ដាំ​លុយ ឬ​ធ្វើ​ឲ្យ​លុយ​កើតកូន » ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បណ្ឌិត អ៊ិន ចាន់​នី បាន​ថ្លែង​ថា ឥណទាន​សម្រាប់​ប្រើប្រាស់​ពិតជា​បាន​កើនឡើង​នៅ​កម្ពុជា ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ ដោយសារ​នៅ​មាន​កម្រិត​ទាប​នៅឡើយ ។

លោក​បន្ត​ថា ឥណទាន​បែប​នេះ បើ​កើនឡើង​ខ្ពស់​ពេក មាន​ហានិភ័យ​ដល់​សេដ្ឋកិច្ច ព្រោះ​ឥណទាន​បែប​នេះ​មិន​បាន​ជួយ​ជំរុញ​ការ​ផលិត បង្កើត​ការងារ ដើម្បី​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ទេ ។

លោក​បន្ត​ថា ៖« ឥណទាន​ទិញ​រថយន្ត ឬ​របស់​ប្រើប្រាស់​ដទៃ​ទៀត មិន​បាន​ជួយ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​ទេ ការ​ទិញ​រថយន្ត ឬ​របស់​ប្រើប្រាស់​មាន​តែ​ខាត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ