ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បងដោះស្រាយចំណុចស្ទះ៥គោលដៅ ខណៈមាន១៨២កន្លែង​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​កកស្ទះ​ចរាចរណ៍​ជា​រឿង​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​ចង់​ឃើញ និង​មិន​ចង់​ជួប​នោះ​ទេ ប៉ុន្តែ​ដំណោះស្រាយ​នេះ​ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​កំពុង​ដុតដៃដុតជើង​ដោះស្រាយ ព្រោះ​ការ​កកស្ទះ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពេលវេលា​របស់​អ្នកដំណើរ​ផង និង​បង្ក​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ទីក្រុង​ផង ។ ទាក់ទង​នឹង​ការ​កកស្ទះ​ចរាចរណ៍​នេះ​ដែរ​ លោក​ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ការ​កកស្ទះ​ចរាចរណ៍​ជា​រឿង​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​ចង់​ឃើញ និង​មិន​ចង់​ជួប​នោះ​ទេ ប៉ុន្តែ​ដំណោះស្រាយ​នេះ​ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​កំពុង​ដុតដៃដុតជើង​ដោះស្រាយ ព្រោះ​ការ​កកស្ទះ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពេលវេលា​របស់​អ្នកដំណើរ​ផង និង​បង្ក​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ទីក្រុង​ផង ។ ទាក់ទង​នឹង​ការ​កកស្ទះ​ចរាចរណ៍​នេះ​ដែរ​ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា ក្នុង​ការ​ពិនិត្យ​ជាក់ស្តែង នៅ​រាជធានី​ភ្នំពេញ​នា​បច្ចុប្បន្ន​មាន​ចំណុច​កកស្ទះ​ចរាចរណ៍​ជា​អចិន្ត្រៃយ៍​ចំនួន​១៨២​គោលដៅ ។ នៅ​ចំពោះ​មុខ​នេះ​ដែរ​ ក្រសួង​សាធារណការ និង​ក្រសួងមហាផ្ទៃ​ កំពុង​រួម​គ្នា​ដោះស្រាយ​ចំនួន​៥​គោលដៅ​សិន ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ​នា​ពេល​បច្ចុប្បន្ន ។

បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ប្រចាំត្រីមាស​ទី​១ និង​បូក​សរុប​លទ្ធផល​ការងារ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមេសា ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃ​ទី​១០​ឧសភា​ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ការ​កកស្ទះ​ចរាចរណ៍​សព្វ​ថ្ងៃនេះ​ផ្តើម​ចេញពី​ពលរដ្ឋ​ចត​រថយន្ត​មិន​គោរព​ច្បាប់ លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ និង​ការ​មិន​គោរព​ច្បាប់​មួយ​ចំនួន​នាំ​ឲ្យ​ការ​កក ស្ទះចរាចរណ៍​កាន់តែ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ។

ជុំវិញ​ការ​កកស្ទះ​ចរាចរណ៍​នេះ​ដែរ​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​បាន​លើក​ឡើង​ថា​នា​ពេល​នេះ​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ចរាចរណ៍​កំពុងធ្វើការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខតែ​ចំនួន​៥​គោលដៅ​សិន​ដែល​ជា​គោលដៅ​កកស្ទះ​ជាងគេ មុន​នឹង​ធ្វើការ​ដោះស្រាយ​ការ​កកស្ទះ​តំបន់​ដទៃ​ទៀត ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ត្រូវ​ធ្វើការ​រឹត​បន្តឹង​ត្រង់​កន្លែង​ចត​រថយន្ត​នៅ​ចំណុច​កកស្ទះ​នេះ លោក​ស៊ុន ចាន់​ថុ​ល ដែល​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក៏​បាន​មាន​ប្រសាសន៍​ថា នឹង​សិក្សា​សាកល្បង​ផ្លូវ​ចំនួន​៥​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​សិក្សា​លើ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​រួច​មក ក្រសួង​សាធារណការ និង​សាលា​រាជធានី​ភ្នំពេញ​បាន​ជ្រើសរើស​យក​ផ្លូវ​ភ្លើងស្ដុប​ចំនួន​៥​កន្លែង​យក​មក​ពិនិត្យ​ពិចារណា ក្នុង​ការ​ដាក់​ឱ្យ​អនុវត្ដ​សាកល្បង និង​ចូលរួម​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ឱ្យ​បាន​ក្នុង​ជំហាន​ដំបូង​ជា​មុន​សិន ។
លោក​បាន​បញ្ជាក់​ថា​៖ «​ដោយ​មើលឃើញ​ថា បច្ចុប្បន្ន​នេះ​ការ​កកស្ទះ​ចរាចរណ៍​បាន និង​កំពុង​តែ​កើត​ឡើងជា​រៀងរាល់ថ្ងៃ​នោះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោ ក៏​បាន​រៀបចំ​ក្រុមការងារ​ពិសេស​ដើម្បី​សិក្សា​លើ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​រក​ឃើញ​ផ្លូវ​ភ្លើងស្ដុប​ជា​ចំណុចប្រសព្វ ចំនួន​១៨២​កន្លែង ដែល​កំពុង​រង​ការ​កកស្ទះ​ចរាចរណ៍​» ។

លោក​បន្ដ​ថា ក្រសួង​សាធារណការ​ក៏​ដូច​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កំពុង​ពិនិត្យ​មើល​ថា តើ​មាន​ផ្លូវ​ណាខ្លះ​ដែល​ត្រូវប្ដូរ​ទៅ​ជា​ផ្លូវ​ឯកទិស ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ធ្វើដំណើរ​របស់​ប្រជា​ពលរដ្ឋ​មាន​ភាព​ងាយស្រួល និង​ធ្វើ​ដំណើរ​ស្របគ្នា​តែ​មួយ ។ ទន្ទឹម​នេះ​មន្ដ្រី​ជំនាញ​ក៏​កំពុង​ជ្រើសរើស​ផ្លូវ​មួយ​កន្លែង​ដែល​ហាម​មិន​ឱ្យ​បត់​ឆ្វេង ឬ​បត់​ត្រឡប់​ក្រោយ ដែល​ជា​កត្ដា​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ដើម្បី​ធ្វើ​ជា​បទ​ពិសោធន៍ និង​ដាក់​ឱ្យ​អនុវត្ដ​ជាក់ស្ដែង​ចំពោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។
លោក​រដ្ឋមន្ដ្រី​បាន​បន្ថែម​ទៀត​ថា ក្រុមការងារ​ជំនាញ​ក៏​បាន​ជ្រើសរើស​ផ្លូវ​មួយ​បន្ថែម​ទៀត ដើម្បី​រឹត​បន្ដឹង​ការ​ចត​រថយន្ត​នៅ​កន្លែង​ហាមឃាត់​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​តែងតែយក​រថយន្ត​របស់​ខ្លួន​ទៅ​ចត​នៅ​លើ​ដងផ្លូវ ឬ​កន្លែង​ហាមឃាត់​បណ្ដាល​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ នៅ​តាម​ដងផ្លូវ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​កកស្ទះ​ចរាចរណ៍​មួយ​ចំនួន​ក៏​កើត​ចេញពី​ពលរដ្ឋ​លក់ដូរ​ទាំង​នៅ​តាម​ចិញ្ចឹម​ផ្លូវ និង​ទ្រូងផ្លូវ​ផង​ដែរ​ក្នុង​នោះ​ដូច​ជា តំបន់​មន្ទីរពេទ្យ​រុ​ស្សុ​ី​ជាដើម ។ ដោយឡែក​ពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ពី​ការ​លក់ដូរ​មិន​មាន​របៀបរៀបរយ​តាមដងផ្លូវ​ដែល​នាំ​ឱ្យ​កើតការ​កកស្ទះ​ចរាចរណ៍ផង​ដែរ ។ គួរ​បញ្ជាក់​ថា បើ​តាម​លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នាពេល​​កន្លង​មក​ថា ចំនួន​យានយន្ដ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ ប្រមាណ​២​លាន​៨​ម៉ឺន​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​១​លាន​៦​សែន​គ្រឿង និង​រថយន្ដ​មាន៤៨​ម៉ឺន​គ្រឿង ។ ចំនួន​យានយន្ត​ដ៏​ច្រើន​នេះ​ហើយដែល​នាំ​ឱ្យ​កើតការ​កកស្ទះ​ចរាចរណ៍​កាន់​តែង​ខ្លាំងឡើងជា​បន្តបន្ទាប់ ៕​

អត្ថបទសរសេរ ដោយ