ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នៅ​តែ​ស្វែងរក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា និង​បង្កើន​ទំនាក់ទំនង​ល្អ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​មក គម្រោង​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១.៦៥៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ធ្វើ​ឲ្យ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​បន្ថែម​ទៀត ជា​ពិសេស នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ទាល់​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​មក គម្រោង​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១.៦៥៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ធ្វើ​ឲ្យ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​បន្ថែម​ទៀត ជា​ពិសេស នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ទាល់​តែ​ម្ដង ។

លោក នុ​ត អ៊ុ​ន​វ័​ណ​រ៉ា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា កាន់តែ​ជិត​ស្និទ្ធ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ជាក់ស្តែង ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ដើម្បី​រឹតចំណង​មិត្តភាព​ទាំង​ផ្នែក​ការទូត និង​ពាណិជ្ជកម្ម​។ លោក​ថា ៖ «​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា ឈាន​ដល់​ចំណុចកំពូល​ចាប់តាំងពី​ឆ្នាំ​២០១០ ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ដើម្បី​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ផង​ដែរ » ។

លោក​បន្ត​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​កន្លង​មក ស្មើ​ប្រមាណ​៥.៥៧៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ស្មើ​ប្រមាណ​១.៦៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​ថា ៖«​ក្រៅពី​លំហូរ​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ ភាគី​ចិន​ក៏​បាន​ផ្ដល់​ជំនួយ​នានា​ដល់​កម្ពុជា ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន ផ្លូវថ្នល់ ជាដើម ។ ជាក់ស្ដែង នា​ពេល​ថ្មី​ៗ​នេះ ចិន​ក៏​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​, សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ » ។

លោក​បន្ថែម​ថា ចិន​ជា​ប្រទេស​ដំបូង​បង្អស់​ដែល​មានគំនិត​ផ្ដួចផ្ដើម​បង្កើត​តំបន់​សេដ្ឋកិច្ច​លើ​ពិភពលោក ក្នុង​នោះ​តំបន់​សេដ្ឋកិច្ច​មុនគេ និង​មាន​សក្ដានុពល​បំផុត​សម្រាប់​ប្រទេស​ចិន គឺ​តំបន់​សេដ្ឋកិច្ច​ស៊ិ​ន​ជិន ហើយ​តំបន់​សេដ្ឋកិច្ច​ដ៏​ល្បីល្បាញ​នេះ ក៏​បាន​ចែករំលែក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ជា​ទុន​សម្រាប់​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច ដែល​កំពុង​មាន​កំណើន​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ចំនួន ៣២ ដែល​បាន​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០៤.២៤១​នាក់ ។ សម្រាប់​ឆ្នាំ​២០១៧​កន្លង​មក ការ​នាំ​ចេញ​សរុប​ពី​តំបន់​សេដ្ឋកិច្ច មាន​ទឹកប្រាក់​ចំនួន​១.៥៤៦​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​១៤%​នៃ​ការ​នាំ​ចេញ​សរុប ។

លោក Cong Cao អគ្គលេខាធិការ​ប្រតិបត្តិ​នៃ​តំបន់​សេដ្ឋកិច្ច​ស៊ិ​ន​ជិន បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា លោក​នឹង​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ និង​ការងារ​ល្អ​ពី​តំបន់​សេដ្ឋកិច្ច​ស៊ិ​ន​ជិន​ដល់​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​អាច​ដើរ​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ដូច​ទីក្រុង​ស៊ិ​ន​ជិន​ដែរ នា​ពេល​អនាគត ។
គួរ​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​ចិន​នៅ​តែ​បន្ត​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​នានា​ជា​ច្រើន​ដូច​ជា អចលនទ្រព្យ ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ គឺជា​គោលដៅ​វិនិយោគ​ធំ​បំផុត​របស់​វិនិយោគិន​ចិន​នា​ពេល​ចុង​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ